អេមីរ៉ាត់អារ៉ាប់រួម៖ ប្រទេសអារ៉ាប់រួមបានបើកប្រតិបត្តិការ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេបង្អស់របស់អារ៉ាប់ នៅលើឆ្នេរ Gulf។ ការបំបែកនុយក្លេអ៊ែរបានចាប់ផ្ដើម នៅក្នុងរ៉េអាក់ទ័រមួយក្នុងចំណោមបួន នៅក្នុងរោងចក្រ Barakah ដែលប្រើបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង។ រោងចក្រនេះត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅឆ្នាំ២០១៧ ប៉ុន្តែការចាប់ផ្ដើមត្រូវបានពន្យារពេលម្ដងហើយម្ដងទៀត ដោយសារតែបញ្ហាសុវត្ថិភាពផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រទេសអេមីរ៉ាត់អារ៉ាប់រួមដែលសម្បូរប្រេង ចង់ឲ្យរោងចក្រ Barakah បំពេញនូវតម្រូវការរបស់ខ្លួនមួយភាគបួន ខណៈប្រទេសនេះប្រើប្រាស់ប្រភពថាមពលដែលអាចទ្រទ្រង់បាន។ ប្រទេសអារ៉ាប់រួមកំពុងវិនិយោគយ៉ាងខ្លាំង លើថាមពលពន្លឺព្រះអាទិត្យដែលជាប្រភពថាមពលដ៏ច្រើន នៅឆ្នេរ Gulf។ អ្នកជំនាញបានអះអាងថា ថាមពលពន្លឺព្រះអាទិត្យគឺស្អាតជាងមុន ថោកជាងមុន ហើយមានអត្ថប្រយោជន៍កាន់តែច្រើន នៅក្នុងតំបន់ដែលញំញីដោយភាពតានតឹងនយោបាយនិងភេរវកម្ម។
លោកបណ្ឌិត Paul Dorfman ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរអន្តរជាតិបានសរសេរកាលពីឆ្នាំមុនថា បរិយាកាសភូមិសាស្ត្រនយោបាយនៅឆ្នេរ Gulf បានធ្វើឲ្យនុយក្លេអ៊ែរក្លាយជាបញ្ហាចម្រូងចម្រាស នៅក្នុងតំបន់នេះជាងកន្លែងផ្សេងទៀត ដោយសារថាមពលនុយក្លេអ៊ែរថ្មីផ្ដល់សមត្ថភាព ក្នុងការអភិវឌ្ឍនិងផលិតអាវុធនុយក្លេអ៊ែរ៕