ភ្នំពេញ : ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន នៅពេលដែល មានបញ្ហាអ្វី មួយ ជាពិសេសត្រូវចោរ ចូល លួច ចូលប្លន់ទ្រព្យសម្បត្តិ គឺដំបូងឡើយ មានតែរត់ទៅប្តឹង នគរបាលដែលជាទីពំនាក់ ប៉ុន្តែករណី ខ្លះ ត្រូវនគរបាល ជួយដោះស្រាយបានទាន់ពេលវេលា រីឯករណីខ្លះ គឺស្ងាត់ឈឹង មានតែ អស់លុយ មួយ ជាន់ទៀត ដោយសារមន្រ្តីនគរ បាល មូលដ្ឋានទាំងនោះ សុំថ្លៃទឹកប៊ិច ថ្លៃសាំង ឬថ្លៃកាត ទូរស័ព្ទ ជា ដើម។

ជាក់ស្តែងស្រ្តីម្នាក់ រស់នៅភូមិដើមស្លែង សង្កាត់ច្បារ អំពៅទី២ ខណ្ឌមានជ័យ បានបាត់ម៉ូតូ តម្លៃជាង ២ ពាន់ដុល្លារ កាលពីថ្ងៃបង្ហើយ នៃថ្ងៃបុណ្យ ចូលឆ្នាំខ្មែរទី១៦ ខែមេសា ឆ្នាំ២០១៣ ហើយអ្វីដែលហួស ចិត្តទៅទៀតនោះ គឺជនរងគ្រោះ ពេលដែលបាត់ម៉ូតូ បានរត់ទៅប្តឹងនគរបាល ប៉ុស្តិ៍ ប៉ុន្តែ ត្រូវចំណាយលុយ ១០ដុល្លារថែមទៀត សម្រាប់ថ្លៃទឹកប៊ិច ធ្វើពាក្យបណ្តឹង ។

បើទោះបីលុយ ១០ដុល្លារ វាមិនច្រើនមែន សម្រាប់អ្នកមាន ជាពិសេស សម្រាប់លោកមេប៉ុស្តិ៍ ច្បារ អំពៅ២ និងលោក អធិការខណ្ឌមានជ័យ ប៉ុន្តែ សម្រាប់ពលរដ្ឋ ពិសេសជនរងគ្រោះ ដែលមាន ជីវភាព មិនសូវធូរធារ ហើយខំសន្សំលុយ ស្ទើរកន្លះជីវិត ទំរាំទិញម៉ូតូបានជិះ គឺលុយ ១០ដុល្លារ អាច ទិញម្ហូប សម្រាប់គ្រួសារ រយ:ពេល ៤-៥ថ្ងៃឯណោះ។

ស្រ្តីវ័យជាង ៣០ឆ្នាំ រស់នៅជាមួយម្តាយ ចាស់ជរា និងមានកូន អាយុក្រោម ១០ឆ្នាំ ពីរនាក់ ដែលបានបាត់ម៉ូតូ ម៉ាកហុងដា សេ ១២៥ មួយគ្រឿង បាននិយាយថា កាលពីវេលាម៉ោង ប្រមាណ ១២ ថ្ងៃត្រង់ ទី១៦ ខែមេសា ឆ្នាំ២០១៣ នៅពេលចុះ មកក្រោមផ្ទះ ស្រាប់តែមិនឃើញម៉ូតូ របស់ខ្លួន ដែលទុកនៅក្រោម ផ្ទះ ធ្វើឲ្យអ្នកស្រី និងស្រ្តីជា ម្តាយស្ទើរដួលសន្លប់ ដោយ សារតែបាត់ម៉ូតូ ទើបនឹងទិញមិនដល់កន្លះខែផង និងមិនទាន់ធ្វើ ស្លាកលេខទៀត ដែលការចំណាយលុយទិញ ម៉ូតូ គឺខិត ខំសន្សំស្ទើរពាក់ កណ្តាលជីវិតទៅហើយ។ ប៉ុន្តែអ្វីដែលធ្វើឲ្យហួសចិត្ត បំផុតនោះ ត្រូវ បានស្រ្តីរង គ្រោះអះអាងថា ក្រោយ ពីបាត់ម៉ូតូ អ្នកស្រី និងម្តាយ បានស្រូតទៅប៉ុស្តិ៍ នគរបាលច្បារអំពៅ២ ដើម្បីដាក់ពាក្យបណ្តឹង ។ ស្រ្តីរូបនេះ បានបន្តថា ពេលទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ អ្នកស្រីបានឃើញ មន្រ្តីនគរបាល ២ នាក់ នៅប្រចាំការ។ ពេលអ្នកស្រី ប្តឹងពីការ បាត់ម៉ូតូ មន្រ្តីនគរ បាលម្នាក់ បាននិយាយថា ត្រូវបង់លុយឲ្យ ១០ដុល្លារ សម្រាប់ថ្លៃទឹកប៊ិច គឺជាការសរសេរពាក្យបណ្តឹង។

មន្រ្តីនគរបាលខាងលើ មិនបានប្រាប់ជនរងគ្រោះថា នឹងខិតខំធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ចោរលួច បែរជាប្រាប់ជនរងគ្រោះថា រយ:ពេល ៥ ឆ្នាំ វាមិនទាន់ហួសពេលទេ ហើយបើចំណាំមុខចោរ សូមប្រាប់ផង នោះពួកគេ នឹងតាមទៅចាប់ ទៅ ដល់កន្លែងណាក៏ដោយ។

សូមបញ្ជាក់ថា មន្រ្តីនគរ បាលប៉ុស្តិ៍ច្បារអំពៅទី២ បានលួចបង្ហើបថា កាលពីពេលកន្លងទៅ តាំងពីជំនាន់ លោក ទូច ណារ៉ុថ ម៉ូតូរបស់នគរបាល ដែលចាក់សោរទុកយ៉ាងត្រឹមត្រូវ នៅក្នុងប៉ុស្តិ៍ ក៏ត្រូវចោរចូល លួចយកទៅដែរ។

ប្រភពព័ត៌មានបានបន្តថា ការបាត់ម៉ូតូរបស់មន្រ្តីនគរបាល នៅក្នុងប៉ុស្តិ៍ច្បារអំពៅ២ខាងលើនេះ បានកើតឡើង បន្ទាប់ពី ម្ចាស់ម៉ូតូ ដែលជាមន្រ្តីនគរ បាល ត្រឡប់មកពីចុះល្បាត នៅក្នុងមូលដ្ឋាន។ ប៉ុន្តែការបាត់ម៉ូតូ របស់មន្រ្តីនគរបាល ខាងលើ នេះ មិនត្រូវបានលោកអធិការខណ្ឌ ហ៊ី ណារិន និងលោកមេប៉ុស្តិ៍ ទេព បូរ៉ា ជួយលុយទិញថ្មីនោះឡើយ។

ប្រជាពលរដ្ឋ ដែលបានដឹង រឿងនេះ បានលើកឡើងថា គ្រាន់តែម៉ូតូដែលចាក់សោ ទុក នៅក្នុងស្នាក់ការប៉ុស្តិ៍ ការពារមិន បានផង ចុះទម្រាំម៉ូតូ របស់ប្រជាពលរដ្ឋ ដែលចាក់សោទុកនៅផ្ទះ នឹងទៅជាយ៉ាងណា ? ដូច្នេះ មានតែប្រជាពលរដ្ឋខ្លួនឯង នោះទេ ដែលត្រូវប្រុងប្រយ័ត្ន។

យ៉ាងណាក៏ដោយ រឿងពីអតីតកាល និងរឿងនគរបាល យកលុយថ្លៃទឹកប៊ិច ក្នុងការ សរសេរ ពាក្យបណ្តឹង នោះ ថ្នាក់ដឹកនាំនគរបាល ជាពិសេស លោកស្នងការ ជួន សុវណ្ណ និងស្នងការរង មិនបានដឹងឡើយ ដោយសារនគរបាលថ្នាក់ ក្រោម ដូចជាមេប៉ុស្តិ៍ និងអធិការខណ្ឌ លាក់លៀមព័ត៌មាន ទាំងនេះ មិនរាយការណ៍ ជូនថ្នាក់លើ ៕

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]