បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានបញ្ជូនបុរសម្នាក់ ទៅតុលាការ កាលពី ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ ពីបទ បង្កហិង្សា ដោយចេតនា ទៅលើម្ចាស់ផ្ទះជួល ដែលបាន ប្រព្រឹត្ត កាល ពីយប់ម៉ោង៩ ថ្ងៃទី២៦ ខែមសា នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារក្រុង បាត់ដំបង។

ប្រភពព័ត៌មាន ពីមន្រ្តីនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលខេត្ត បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ជន់ ធាវី ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិខាងលើ ។ ចំណែក ជនរងគ្រោះមានឈ្មោះ ហូយ ឡាង ភេទស្រី អាយុ ៧៤ ឆ្នាំ (យាយ) រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុង បាត់ដំបង និងឈ្មោះ មិនា អង្គាររ៉ា ភេទប្រុស អាយុ ២២ ឆ្នាំ (ចៅ) រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង។

បើតាមពាក្យបណ្តឹង របស់ជនរងគ្រោះ ក្នុងរបាយការណ៍ របស់សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ឈ្មោះ ហូយ ឡាង ជាម្ចាស់ផ្ទះជួល បានដើរទៅទារលុយថ្លៃផ្ទះជួល និងថ្លៃភ្លើង ក្រោយមក ជនសង្ស័យបានផឹក ស្រាស្រវឹង ហើយចាក់ភ្លេងបំពងសំឡេងខ្លាំងៗ រំខានដល់អ្នកជិតខាង ពេលនោះឈ្មោះ ហូយ ឡាង ក៏បានដើរ ទៅហាម កុំឲ្យឡូឡារំខានដល់អ្នកដទៃ គេក៏បានបិទម្តងហើយ ក្រោយមកក៏បានចាក់ចម្រៀងម្តងទៀត ម្ចាស់ ក៏ដើរទៅហាមម្តងទៀត ស្រាប់ជនសង្ស័យទាញឥវ៉ាន់ក្នុងបន្ទប់ផ្ទះរបស់ខ្លួនជួលនោះ បោកបំផ្លាញចោលអស់ ហើយទាញដែកឆាបចុងស្រួច ដេញចាក់យាយ និងចៅ តែត្រូវរត់គេចខ្លួន ចូលបន្ទប់ទាន់ កុំអីត្រូវរបួស ឬស្លាប់ ផង ។ ភ្លាមៗនោះជនរងគ្រោះបានទូរស័ព្ទ ប្តឹងនគរបាល ឲ្យជួយអន្តរាគមន៍ ។ បន្ទាប់មក កម្លាំងបង្ការបង្រ្កាប បានចុះទៅឃាត់ខ្លួន នាំយកមកសាកសួរ ជនសង្ស័យដោយសារតែទើបនឹងចេញ ពីពេទ្យ មានការចងចាំ មិនសូវ ល្អគឺមិនបានសារភាពទេ តែអ្នកជិតខាងជាច្រើននាក់ គេបានឃើញសម្មភាពនេះទាំងអស់ទៅហើយ ទោះជា មិនសារភាពក៏ដោយ ។

បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាង ដែលរឹបអូស បានទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕



ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]