រាជធានីភ្នំពេញ ៖ ម៉ូតូសង់កូរ៉េពណ៌ក្រហម បើកបរដោយបុរសម្នាក់ ស្រវឹងជោកទប់ខ្លួនលែងនឹង បានទៅដួលក្រោយរថយន្តកាមរីបាឡែនពណ៌ស្ករ រួចហើយលើកម៉ូតូជិះដេញតាម ពាំងពីមុខរថយន្តដោយចោទប្រកាន់ថា បើកបុកម៉ូតូរបស់គាត់ដួលខូចខាត ។ គ្រោះថ្នាក់នេះកើតឡើង នៅវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី២៥ មេសា នៅចំណុចផ្លូវលេខ២៣០ កែងមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីអ្នកបើករថយន្តកាមរីបាឡែន ពណ៌ស្ករបានឱ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តតាមមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ស្របគ្នាជាមួយម៉ូតូសង់កូរ៉េពណ៌ក្រហម បើកដោយបុរសម្នាក់ស្រវឹងនៅពីក្រោយរថយន្តរបស់គាត់ ។ ខណៈមកដល់ចំណុចផ្លូវកែង មិនដឹងជាអ្នកជិះម៉ូតូប៉ះនឹងអ្វីទេ បានដួលពីក្រោយរថយន្ត រួចហើយស្រាប់តែបើកម៉ូតូមកស្ទាក់ពីមុខរថយន្តរបស់គាត់ ដោយចោទថារថយន្តបើកបុកម៉ូតូធ្វើឱ្យដួលវៀចកាង និងបែកកញ្ចក់ ។ហេតុការណ៍នេះធ្វើឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកធ្វើដំណើរ តាមផ្លូវចោមរោមមើលកកកុញមួយសន្ទុះ ដោយបុរសស្រវឹងបានទាមទារសំណងមិនព្រមឈប់ ទើបម្ចាស់រថយន្តឱ្យលុយ២ម៉ឺនរៀលជាការបញ្ចប់រឿង ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]