ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៤ មេសា មនុស្សចំនួន៨នាក់បានរងរបួសធ្ងន់ និងស្រាលដោយគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជាមួយម៉ូតូនៅស្រុកស្វាយចេក និងរថយន្តបែកកង់ក្រឡាប់នៅស្រុកព្រះនេត្រព្រះ ។ ចំពោះមូលហេតុដែល បណ្តាលឱ្យផ្ទុះកង់នេះ ព្រោះតែរថយន្តផ្ទុកមនុស្ស និងដាក់អីវ៉ាន់លើសទម្ងន់ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកស្វាយចេកបានឱ្យដឹងថា កាលពីវេលាម៉ោង១២ និង៤៥នាទីរសៀល ថ្ងៃទី២៤ មេសា នៅលើផ្លូវលំស្ថិតក្នុងភូមិតាឯក ឃុំស្លក្រាម ស្រុកស្វាយចេក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។

ប្រភពបន្តថា មុនពេលកើតហេតុ ឈ្មោះសាត សានិត ភេទប្រុស អាយុ១៣ឆ្នាំ មានលំនៅភូមិស្លក្រាម ឃុំស្លក្រាម បានបើកម៉ូតូម៉ាក ហុងដាធុនសេ១០០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០០ មានអ្នករួមដំណើរម្នាក់ឈ្មោះក្តៀប រ៉ា ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិជាមួយគ្នា បើកពីជើងទៅត្បូង រួចបត់ទៅលិចបានជ្រុល ទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០០៦ បើកបរដោយឈ្មោះឈើយ យឿយ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិជាមួយគ្នា បណ្តាលឱ្យបាក់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន មួយកន្លែងនៅទីរួមខេត្ត ចំណែកឈ្មោះសាត សានិត របួសស្រាល ។ វត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក រង់ចាំការដោះស្រាយ ។

ដោយឡែក នៅឯស្រុកព្រះនេត្រព្រះវិញ កាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី២៤ មេសា មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-5347 ប្រភេទ១៥កៅអី បើកបរដោយឈ្មោះណាំង លាភ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបែកកង់ក្រឡាប់នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់បង្គោលខ្សែភ្លើងលេខ SK0588 ខាងកើតប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បណ្តាលឱ្យអ្នកដំណើរចំនួន៦នាក់ ក្នុងចំណោមអ្នកដំណើរ២៥នាក់រងរបួសធ្ងន់ស្រាល។

លោកវរសេនីយ៍ត្រី កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តធ្វើដំណើរពីកើតទៅលិច គឺមកពីខេត្តកំពង់ចាមឆ្ពោះទៅក្រុងប៉ោយប៉ែត មានផ្ទុកអ្នកដំណើរប្រុសស្រីដល់ទៅ២៥នាក់ ។ ពេលមកដល់ចំណុចកើតហេតុ រថយន្តបានផ្ទុះកង់ក្រោយខាងស្តាំ បណ្តាលឱ្យក្រឡាប់ផ្ងារជើងអូសជាច្រើនម៉ែត្រ ក្នុងនោះមានអ្នករងរបួសចំនួន៦នាក់ ១-ឈ្មោះសៀន ទី ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះសៀន វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ ៣-ឈ្មោះថាន់ ថន ភេទប្រុស អាយុ១៨ឆ្នាំ ទាំង៣នាក់រងរបួសស្រាល ព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មានលំនៅខេត្តកំពង់ចាម ។

អ្នករងរបួសធ្ងន់៣នាក់ទៀត១-ឈ្មោះប៉ាត់ សេរីយា ភេទស្រី អាយុ៥២ឆ្នាំ ២-ស៊ុន ហាន ភេទប្រុស អាយុ៥៥ឆ្នាំ ទាំង២នាក់មានលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣-ឈ្មោះហ៊ុល ស៊ីន ភេទស្រី អាយុ៥១ឆ្នាំ មានលំនៅខេត្តកំពង់ចាម អ្នករងរបួសធ្ងន់ទាំង៣នាក់នេះ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ។ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្តមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក ឯអ្នកបើកបរបាននាំខ្លួនមកការិយាល័យនគរបាលចរាចរណ៍ខេត្ត ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]