ភ្នំពេញ៖ យុវជនម្នាក់ក្រោយ ពីបើកម៉ូតូទៅបុក ម៉ូតូរ៉ឺម៉កកង់បី លក់លតឆា បណ្តាលអោយរងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ៤៖៤៥ នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ស្ថិតត្រង់ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍ ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ខណះយុវជនរូបនោះចេញ ពីសាលារៀនធ្វើដំណើរ ឆ្ពោះទៅផ្ទះនៅឯអង្គស្នួល មិនទាន់បានដល់ផ្ទះផង ក៏ជួបហេតុការណ៏នេះឡើង។

សាក្សីបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះធ្វើដំណើរ ក្នុងទិសដៅពីកើត ទៅលិច ដោយជិះម៉ូតូម្នាក់ឯងម៉ាក ស្កុបពីសេរី 2012 ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1BF-8423 លុះដល់ចំណុចកើតហេតុខាងលើបាន ទៅបុកជាមួយម៉ូតូរ៉ឺម៉កលក់ លតឆាដែលបើកបរ ពីលិចទៅកើត បញ្ច្រាសទិសដៅ ហើយថែមទាំងបត់ឆ្លងផ្លូវទៀត ធ្វើអោយយុវជនរូបនោះចាប់ហ្រ្វាំងមិនទាន់បានជ្រុលទៅបុក យ៉ាងពេញទំហឹងតែម្តង បណ្តាលអោយម៉ូតូ ដួលច្រងាប់ច្រងិល ចានឆ្នាំងនិងលតឆាកំពប់រាយប៉ាយ ពាសពេញតែផ្លូវ។

ក្រោយហេតុការណ៏ដោយឃើញសភាពមិនស្រួលអ្នកបើករ៉ឺម៉កលតឆាបាន ព្យាយាមបើករត់គេច ត្រូវបានកម្លាំងសមត្ថកិច្ច ប្រចាំការក្បែរនោះមកធ្វើអន្តរាគមន៏ ដេញស្ទាក់ចាប់រ៉ឺម៉ក និងទូរស័ព្ទហៅរថយន្តសង្រ្គោះដើម្បីសង្រ្គោះជនរងគ្រោះ ភ្លាមៗ នោះរថយន្តសង្រ្គោះរបស់អង្គភាព 711 កងពលតូចលេខតូច 70 បានទៅដល់កន្លែងកើតហេតុផងដែរ ។

បើតាមសមត្ថកិច្ច ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ស៊ុំ វណ្ណរ៉ូត ភេទប្រុស អាយុ 22 ឆ្នាំ ជានិសិត្សឆ្នាំទី1 រៀននៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការ ដូងមានទីលំនៅ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ទទួលរងរបួសបាក់ដៃខាងឆ្វេង និងបោកបែកក្បាល ខាងក្រោយធ្ងន់ធ្ងរ សន្លប់ឈឹង ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព 711 កងពលតូចលេខ70 ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ចំពោះអ្នកបើករ៉ឺម៉កលក់ លតឆាមិនត្រូវបានគេស្គាល់ អត្តសញ្ញាណទេ ដោយក្រោយពីបើកម៉ូតូរ៉ឺម៉ករត់ អ្នកបើកបរគេចខ្លួនបាត់ បន្សល់ទុកតែរឺម៉កនៅហ្នឹងចិញ្ចើមផ្លូវ ទាំងម៉ូតូជនរងគ្រោះនិងម៉ូតូរឺម៉កលតឆា ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋានស្រុកអង្គស្នួល ដើម្បីស្រាវជ្រាវរកម្ចាស់រ៉ឺម៉កម៉ូតូ មកដោះស្រាយតាមផ្លូវច្បាប់ ៕








ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]