ខេត្ត​ក្រចេះ ៖ ​​ប៉ូលិសស្រុកសំបូរ​ បាន​ចាប់​ឃាត់​ខ្លួនយុវជនដៃដល់ក្នុងករណីឃាតកម្ម​វាយសម្លាប់ឪពុកបង្កើតដោយខ្នងពូថៅ ក្រោយ​ពេលដែលឪពុករូបនេះតែងតែបង្កហិង្សាក្នុង​គ្រួសារ​ លើស្រ្តីជាម្តាយ​ និងប្អូនៗ ជាច្រើនលើក​ច្រើន​សា ។

​ប៉ូលិសស្រុកសំបូរ​ បានឱ្យដឹងថា យុវ​ជន​​ជាប់ចោទរូបនេះឈ្មោះសន រ៉ាត់ អាយុ១៩ឆ្នាំ ជាកូនច្បងក្នុងចំណោមបងប្អូន៧នាក់ត្រូវ​​បាន​ចាប់​ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​១ មេសា ។ រីឯ​បុរស​​ជាឪ​ពុក​ឈ្មោះសន​ ឡាត់ អាយុ​៤១​ឆ្នាំ ​មានទីលំ​នៅ​​ក្នុង​ភូមិអូរគ្រៀង ឃុំ​អូរ​គ្រៀង​ ស្រុកសំបូរ ហើយ​​បុរស​ជា​ឪពុក​រូប​​នេះ ត្រូវបានគេដឹងថា ជា​​មនុស្សពូកែផឹកស្រា​ និង​ប្រចណ្ឌប្រពន្ធ និង​តែង​តែរករឿង​វាយ​ប្រពន្ធ​​កូនជាច្រើន​លើក​ច្រើន​សា​ នៅពេល​ស្រវឹង​ម្តងៗ ។

ប៉ូលិសបានឱ្យដឹងទៀតថា កាលពី​ថ្ងៃ​ទី១ មេសា វេលាម៉ោង៦ល្ងាច ជនដៃដល់​ជា​កូន បានត្រឡប់ពីចម្ការ និង​អង្គុយចាំងដងពូថៅ​នៅ​​ក្រោម​ផ្ទះ ។​ ខណៈ​នោះ​ដែរបុរស​ជា​ឪពុក ​ដែល​ស្ថិ​ត​ក្នុង​អាការៈស្រវឹងស្រា​ បានរក​រឿងស្រ្តីជា​ប្រពន្ធ និងឈានទៅដល់​​​វាយតប់​ប្រពន្ធ​យ៉ាង​ចាស់ដៃ ។

នៅក្នុងជម្លោះឪពុកជាមួយនឹងម្តាយ ជនដៃ​ដល់ជា​កូន​ក៏បានឃាត់​ឪពុកថា កុំឲ្យឈ្លោះ ជាមួយម្តាយខ្មាសគេ តែឪពុកមិនស្តាប់ថែមទាំង​គំហកសម្លុតរូបគេថែមទៀត ។ ក្នុងជម្លោះ ហិង្សា​នៅល្ងាចថ្ងៃនោះ បុរស​ជា​ឪពុក​បានបោច​សក់ស្ត្រីជាប្រពន្ធ និងចាប់ច្របាច់.ក​ស្ទើរដាច់​ខ្យល់ស្លាប់ ដោយឃើញសភាពធ្ងន់ធ្ងរបែប​នេះ​ប្អូនៗដែល​នៅលើផ្ទះ​បានចាប់ជួយឃាត់ក៏ឃាត់​មិន​​ឈ្នះ និងបានស្រែកហៅជនដៃ​ដល់ជាកូន​ច្បង​ឱ្យ​មកជួយម្តាយដោយ​ប្រាប់​ថា ពុក​ច្របាច់.ក​​ស្លាប់ឥឡូវ​ហើយ​ ។​ ភ្លាមៗ​នោះ ​យុវ​ជន​​ដៃដល់ក៏ស្ទុះទៅ​ជួយ​​ចាប់ឪពុកចេញ តែ​គាត់មិនព្រមចេញថែមទាំងវាយជនដៃដល់​មួយ​ដៃ តែត្រូវ​គេចផុត ហើយ​រូបគេ​ក៏ស្ទុះ​យក​ពូថៅ​​មក​​វាយឪពុកមួយពូថៅចំ​ក្បាលបណ្តាលឱ្យ​បុរស​ជា​ឪពុក​​ដួល​លើរនាប​ផ្ទះ និងវាយថែម​ពីរ​ខ្នងពូថៅទៀត បណ្តាល​ឱ្យ​ដួលបាត់មាត់​ឈឹង​ចេញឈាមតាមគុម្ព​ត្រចៀក​ស្លាប់នៅនឹងកន្លែង ។

តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា កន្លង​ម​កដោយសារតែបុរសជាឪពុកពូកែរក រឿង​វាយតប់ម្តាយនៅពេលស្រវឹងម្តងៗ ជន​ដៃ​ដល់​ជាកូនច្បងក៏បានជម្លៀសម្តាយចេញពីខេត្ត កណ្តាល មករស់​នៅ​ចំណុច​ខាង​លើ​ប្រកបរបរ​ធ្វើចម្ការ​បានរយៈពេលមួយឆ្នាំមក​ហើយ​ ដើម្បី​ឱ្យ​ឃ្លាតឆ្ងាយពីហិង្សា​ដែលបង្កឡើងដោយ​បុរស​​ជាឪពុកប្រមឹករូបនេះ ។ ​ក្រោយមក​ដោយ​សារ​​បុរសជាឪពុករូបនេះ ធ្លាក់​ខ្លួន​ឈឺម្តាយក៏​ទៅ​យក​​មក​​រស់​នៅជាមួយ ​ហើយ​ក៏កើតបញ្ហា​ជាបន្ត​បន្ទាប់​រហូត​ឈានទៅដល់ការវាយ​ស្លាប់​នេះ​ ។

តាមការរៀបរាប់របស់ក្មេងប្រុសឈ្មោះ សន សំបូរ អាយុ១៦ឆ្នាំ ជាកូនទី២ បានឱ្យ​ដឹង​ថា​ នៅថ្ងៃកើតហេតុ ខណៈពេលដែលខ្លួនមកពី​លើកភ្លឺស្រែ ចំណែកឯបងប្រុសមកពីចម្ការ និង​រកកង្កែបក្តាមគ្រាន់ទុកធ្វើម្ហូប ដូច​តាមទម្លា​ប់​នោះ ពេលមកដល់ផ្ទះឃើញ​ឪពុកកំពុង​តែ​អង្គុយផឹកស្រាក្លែមសាច់មាន់ ដោយផឹក​បណ្តើរ​ជេររករឿងម្តាយបណ្តើរពីរឿងប្រចណ្ឌ​ក៏ឈាន​ទៅ​ដល់ទំនាស់យ៉ាងចាស់ដៃ ។

លោកអនុសេនីយ៍ឯក​ ស្វាយ  សុន្ទរី ​អធិការ​រង​នគរបាលស្រុកសំបូរ បានឱ្យ​ដឹង​ថា​ ជនដៃ​ដល់​ជាកូនរូបនេះ​ ត្រូវបានកម្លាំង​នគរ​បាលស្រុក​​ចាប់ឃាត់ខ្លួន​ភ្លាមៗក្រោយពេល​កើត​ហេតុ ។ ​ឆ្លងតាមការពិនិត្យ​សពជនរងគ្រោះ គឺ​ត្រូវ​ជន​ដៃ​ដល់វាយនឹងខ្នងពូថៅ ត្រូវ​ចំគុម្ព​ត្រចៀក​ខាង​ស្តាំមួយពូថៅ និងចំកចំនួនពីរពូថៅ ។

លោកអធិការរងបានបញ្ជាក់ថា ជនដៃ​ដល់​ជា​កូន​ត្រូវ​បានកម្លាំងជំនាញអធិការដ្ឋាន​ស្រុក ​​ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅ​កាន់​ស្នង​ការដ្ឋាន​ខេត្ត​ដើម្បីមានវិធានការបន្ត ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]