លោក ធឿន ចន្ថា៖ ខ្ញុំបាន​​ផ្លាស់​ប្តូរ​​វត្ថុ​មួយ​ដែលធ្លាប់​​សម្លាប់​មនុស្ស​ ឲ្យ​ក្លាយ​​​ជា​​របស់ថ្មី​​ដែល​​ពោរពេញ​​​​ដោយ​​​​​ក្តី​​​​ស្រ​លាញ់ (មានវីដេអូ)

//s5.kh1.co/9f/9f869b14eb604f8d79fcb5f723f3c741852dd788.jpg
សង្គម

 ២៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខ្ទង់ជាង ១០គីឡូម៉ែត្រពីវិមានឯករាជ្យតាមស្ពានច្បារអំពៅសន្សឹមៗហួសពីវត្តព្រែកប្រាប្រហែល ២គីឡូម៉ែត្រ យើង​ឃើញផ្ទះ​ល្វែង​ជាជួរៗរបស់ពលរដ្ឋដែលប្រកបរបរផ្សេងៗ

ខ្ទង់ជាង​ ១០គីឡូម៉ែត្រពីវិមានឯករាជ្យតាមស្ពានច្បារ​អំពៅសន្សឹមៗហួស​ពីវត្តព្រែកប្រា​ប្រហែល ២គីឡូម៉ែត្រ​ យើង​ឃើញផ្ទះ​ល្វែង​ជាជួរៗរបស់ពលរដ្ឋដែលប្រកបរបរផ្សេងៗ​។ ក្នុងចំណោមនោះមាន​ផ្ទះមួយដែល​យើងផ្តោតចំណាប់​អារម្មណ៍​សំឡឹងរកមើលដោយ​យកចិត្តទុកដាក់​បំផុត។ ផ្ទះល្វែងមួយខ្នងមានបណ្តោយខ្ទង់ ៦ម៉ែត្រ និងទទឹងប្រហែល​ជិត ៤ម៉ែត្រ​ បើមើលពីយ៉ខាងមុខបុរសម្នាក់កំពុងផ្អៀងផ្អង​មើលចុះ​មើលឡើង​ច្រើនដង​លើកងដៃ​ដែល​ច្នៃបានស្ទើរ​ពេញ​​​លក្ខណៈទៅហើយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បង្ហាញស្នាមញញឹមពីចម្ងាយ លោក ធឿន ចន្ថា ដែលជាម្ចាស់ទីតាំងច្នៃគ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើង Angkor Bullet Jewelry បានបង្ហើបថា ដំបូងឡើយលោកបានទទួលការបណ្តុះបណ្តាលពីអង្គការមួយដែល​លោកធ្លាប់ស្នាក់​នៅក្នុងនាមជាកូនកំព្រា។ លោកបន្តថា តាមពិតជំនាញដែលលោករៀនសូត្របាន គឺជំនាញជាងទង ពោលគឺលោក​មានសមត្ថភាពអាចច្នៃគ្រឿងមាស និងប្លាទីនជាដើម មិនចាញ់ទីផ្សារខាងក្រៅឡើយ។ ប៉ុន្តែរឿងដែលគួរឲ្យកត់សម្គាល់នោះ គឺលោកយកជំនាញមកអនុវត្តក្នុងរបៀបផ្សេងប្លែកពីជាងទងឯទៀត។ ខុសគេ​ត្រង់លោកជ្រើសយកលោហៈធាតុសំបកគ្រាប់កាំភ្លើងមកកែច្នៃជាគ្រឿងអលង្ការ ជំនួសលោហៈធាតុមាស និងផ្លាក​ទីន។

គ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើង
គ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើង

Khmerload បានចុះដល់ទីតាំងរបស់លោកផ្ទាល់ ហើយលោក ចន្ថា បានរៀបរាប់ពីហេតុផលដែល​ជំរុញឲ្យលោក​ច្នៃគ្រឿង​អលង្ការពីគ្រាប់កាំភ្លើងដូច្នេះថា៖

«ខ្ញុំជាក្មេងកំព្រាទាំងឪពុក​ ទាំងម្តាយតាំងពីអាយុ ៨ឆ្នាំ។ ឪពុកខ្ញុំស្លាប់ដោយសារគ្រាប់កាំភ្លើង ហើយវា​បានក្លាយ​ជាការចងចាំមួយ ដែលខ្ញុំមិនចង់ឲ្យសង្គ្រាមត្រលប់មកវិញ។ តាមពិតដំបូងឡើយ ខ្ញុំធ្លាប់រស់នៅក្នុងអង្គការមួយ។ នៅទីនោះគេបង្រៀនខ្ញុំឲ្យធ្វើជាជាងទងទេ ហើយនៅពេលរៀនខ្ញុំមិនទាន់មានគំនិតច្នៃជាអ្វីនៅឡើយទេ។ ចុងឆ្នាំ ១៩៩៦ ខ្ញុំចាប់ផ្តើមប្រឡូកក្នុងការងារជាងទង ខ្ញុំឃើញសំបកគ្រាប់កាំភ្លើងដែលគេតាំង ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍​ពីការបង្កើតថ្មីមួយនេះ»។

បុរសវ័យ ៣៩ឆ្នាំរូបនេះបន្តថា តាមពិតលោកចង់ឲ្យអតិថិជនបានស្វែងយល់បន្ថែមពីគ្រឿងអលង្ការដែលបង្កប់​នូវអត្ថន័យ។ លោកសង្កត់ធ្ងន់ថា សំបកគ្រាប់បានរំឭកមនុស្សឲ្យយល់ពីតម្លៃនៃការជួបជុំ និងតម្លៃនៃសន្តិភាព។ លោកថា តាមពិតលោកក៏ចេះច្នៃធ្វើគ្រឿងអលង្ការដោយប្រើសមាសធាតុផ្សេងបាន ប៉ុន្តែការដែលលោក​សម្រេច​ចិត្តច្នៃអលង្ការ​ពីសំបកគ្រាប់កាំភ្លើង គឺធ្វើឡើងសម្រាប់ជាសារមួយរំលឹកកុំឲ្យសង្គមនេះវិលទៅរកអតីតកាលវិញ។

«គ្រាប់កាំភ្លើងធ្លាប់សម្លាប់មនុស្ស។​ វាធ្លាប់ធ្វើឲ្យអ្នករងគ្រោះឈឺចាប់។ តែពេលនេះខ្ញុំបានច្នៃសំបកវាឲ្យក្លាយ​ជា​របស់មួយដែលពោរពេញដោយក្តីស្រលាញ់។ តាមពិតខ្ញុំអាចធ្វើគ្រឿងអលង្ការដោយប្រើសមាសធាតុផ្សេងបាន ប៉ុន្តែខ្ញុំចង់ច្នៃអលង្ការទាំងនេះពីគ្រាប់កាំភ្លើង ដើម្បីធ្វើជាសារមួយរំលឹកកុំឲ្យស្ថានភាពវិលទៅរកអតីតកាល។ បើទោះទិញបានគ្រឿងអលង្ការពីខាងក្រៅវាស្អាតក៏ពិតមែន តែគ្រឿងដែលមានអត្តសញ្ញាណគឺមិនអាចរកទិញ​បានទេ»។

លោក ធឿន ចន្ថា
លោក ធឿន ចន្ថា

លោកបន្ថែមទាំងទឹកមុខញញឹមញញែមថា៖ «វត្ថុធាតុដើមដែលមិនធ្លាប់មានអ្នកធ្វើ វាបង្កប់នូវជីវិតនៅក្នុងនោះ។ ខ្ញុំបានចាប់ផ្តើមធ្វើវាមុនគេនៅកម្ពុជា»។

លោកចន្ថាថា អតិថិជនពេញចិត្តលើគំនិតនៃការច្នៃបែបនេះ។ ហើយថា ស្នាដៃរបស់លោកចាប់ផ្តើម​មានភ្ញៀវចាប់​អារម្មណ៍ដោយសារការនិយាយតៗគ្នាពីចំណុចគួរឲ្យចាប់អារម្មណ៍របស់ផលិតផលលោក។ ចំពោះសំបកគ្រាប់វិញ លោកថា មិនពិបាកក្នុងការរកទិញនោះទេ ព្រោះថាលោកអាចរកទិញពីកន្លែងផ្សេងៗដូចជា កន្លែងហាត់បាញ់​របស់​ទាហាន អង្គការពាក់ព័ន្ធដែលធ្វើការក្នុងវិស័យសំអាតសំណល់គ្រាប់ជាដើម។

«សំបកមិនអាចយកទៅធ្វើជាគ្រាប់កាំភ្លើងម្តងទៀតបានទេ អ៊ឹចឹងហើយយើងក៏ងាយស្រួលរកទិញ។ វត្ថុធាតុដើម យើងធ្វើពីសំបកគ្រាប់កាំភ្លើងដែលប្រើហើយ ១០០%។ យើងអាចរកទិញពីកន្លែងផ្សេងៗដូចជា កន្លែងហាត់បាញ់​របស់ទាហាន អង្គការពាក់ព័ន្ធដែលធ្វើការក្នុងវិស័យសំអាតសំណល់គ្រាប់ជាដើម»។

ពេលសួរដល់ចំណុចមួយដែលទាក់ទិននឹងចំណាប់អារម្មណ៍របស់អតិថិជន លោកចន្ថាបានបង្ហើបពី​ប្រតិកម្មខ្លះៗ​តាមរយៈការកត់សម្គាល់របស់លោកជារឿយៗថា ពេលខ្លះភ្ញៀវបរទេសហាក់បង្ហាញនូវឥរិយាបថភ្ញាក់ផ្អើលពេល​ដឹងថាលោកច្នៃគ្រឿងអលង្ការពីគ្រាប់កាំភ្លើង។ តែបន្ទាប់ពីពន្យល់រួច អ្នកទាំងនោះក៏ទទួលស្គាល់នូវ​ផ្នត់គំនិត​របស់​លោក។

«អារម្មណ៍ភ្ញៀវហាក់ផ្លាស់ប្តូរនៅពេលដឹងថា យើងច្នៃវាពីសំបកគ្រាប់កាំភ្លើង។ បន្ទាប់ពីការពន្យល់ ពួកគេក៏ទទួល​ស្គាល់នូវ​គំនិតពីក្រោយការច្នៃរបស់យើង។ ខ្ញុំមិនមែនច្នៃសំបកគ្រាប់ដើម្បីចង់ឲ្យស្ថានភាព​បាញ់បោះ​ទាំងនោះ​កើតឡើងម្តងទៀតនោះឡើយ តែខ្ញុំចង់ប្រាប់ពីអ្វីដែលបាត់បង់ ហើយចង់ឲ្យគ្រប់គ្នាចងចាំនូវការឈឺចាប់ ហើយថែ​រក្សាក្តីស្រលាញ់ចំពោះគ្រឿងអលង្ការនេះ។ ពេលដែលយើងពាក់គ្រឿលម្អនេះ យើងនឹងនឹកឃើញពីរឿងពាក់ព័ន្ធ។ បងប្អូនមិនមែនគ្រាន់តែពាក់លម្អ តែបានបង្កប់នូវក្តីស្រលាញ់ និងការយល់ដឹងពីវប្បធម៌នៅក្នុងនោះ»។

សូមបញ្ជាក់ថា Angkor Bullet Jewelry ត្រូវបានក្រុមគ្រួសារលោកធឿន ចន្ថា បង្កើតឡើងតាំងពីឆ្នាំមកម្ល៉េះ។ ទីតាំងនេះមានកែច្នៃក្រវិល កងដៃ និងអលង្ការមួយចំនួនទៀតទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន និងមាន​ការច្នៃម៉ូតស្រាប់ៗដោយផ្ទាល់ពីម្ចាស់សិប្បកម្មផងដែរ៕

សូមទស្សនាបទសម្ភាសទាំងស្រុងរវាង Khmerload និងលោក ធឿន ចន្ថា៖

បទសម្ភាសទាំងស្រុង
គ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើង
គ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើង
គ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើង
គ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើង
គ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើង
គ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើង
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T