ខេត្តស្វាយរៀង ៖ គ្រូភ្លេងម្នាក់បានជាប់ចោទពង្រត់ កូនសិស្សស្រីយកទៅដល់ភ្នំគូលែន និងបានរំលោភសេពសន្ថវៈ ខណៈសិស្សស្រីនោះ ទើបតែមានអាយុ១៤ឆ្នាំ ។ បើតាមសមត្ថកិច្ចសង្កាត់ច្រកម្ទេស ក្រុងបាវិត បានឱ្យដឹងថា កាលពីថ្ងៃទី១០ មេសា គ្រូភ្លេងកំហូចរូបនេះបានពង្រត់ សិស្សស្រីរបស់ខ្លួនទៅភ្នំគូលែន ខេត្តសៀមរាប ។ ជននេះឈ្មោះញ៉ាញ់ នុយ អាយុ៤៦ឆ្នាំ ជាគ្រូភ្លេងបុរាណ រស់នៅភូមិតាកោ ឃុំស្វាយយារ ស្រុកស្វាយជ្រំ បានលួងលោមក្មេងស្រីអាយុ១៤ឆ្នាំ ជាសិស្ស របស់ខ្លួនរួមភេទកាលពីថ្ងៃទី១០ មេសា វេលាម៉ោង៤ និង១៥នាទីទៀបភ្លឺ នៅផ្ទះក្មេងស្រី រួចពង្រត់ទៅភ្នំគូលែន ខេត្តសៀមរាប រហូតដល់ថ្ងៃទី២០ មេសា ទើបសមត្ថកិច្ចចាប់ខ្លួនបាន ។

ប្រភពពីសមត្ថកិច្ចបន្តថា ជនកំហូចនេះជាអ្នកភ្លេងពិណពាទ្យ និងភ្លេងការ ហើយត្រូវបានព្រះសង្ឃវត្តច្រកម្ទេស ជួលឱ្យមកបង្ហាត់បង្រៀនសិស្សលេងភ្លេងពិណពាទ្យនៅក្នុងវត្ត និងបង្រៀនសិស្សលេងភ្លេងការ ។ ដោយជននេះមានផ្ទះនៅឆ្ងាយ និងគ្មានប្រពន្ធកូនទៀត ក៏មកសុំស្នាក់នៅផ្ទះម្តាយឪពុកក្មេងស្រី ដែលជាសិស្សរៀនភ្លេងការ និងភ្លេងពិណពាទ្យ រហូតចេះ ហើយដើរលេង និងច្រៀងភ្លេងការជាមួយគ្រូនេះអស់ រយៈពេលជាច្រើនខែមកហើយ ធ្វើឱ្យឪពុកម្តាយកុមារីរងគ្រោះទុកចិត្តឱ្យផ្ទះស្នាក់នៅ ។

តាមប្រភពព័ត៌មានឱ្យដឹងទៀតថា ជនកំហូចនេះធ្លាប់មានប្រពន្ធ និងលែងប្រពន្ធអស់៣នាក់មកហើយ ដោយនៅពេលអស់ចិត្តដោះដៃរកថ្មីទៀត លុះពេលនេះប៉ះសិស្សមិនគ្រប់អាយុក៏ត្រូវចាប់ខ្លួន ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]