អ្នកសុំទានចិត្តល្អម្នាក់ បានធ្វើការបរិច្ចាកប្រាក់ផ្ទាល់ខ្លួន ដើម្បីជួយជនរងគ្រោះ ដែលជួបគ្រោះថ្នាក់រញ្ជួយដី នៅក្នុងខេត្តស៊ីឆ័ន ប្រទេសចិន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ៨ព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ប៉ុន្តែត្រូវបានគេបដិសេធ មិនទទួលប្រាក់បរិច្ចាកនោះទៅវិញ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៏រញ្ជួយដីនេះ បានធ្វើឲ្យខូតខាតទ្រព្យសម្បត្តិជាច្រើន និងមនុស្សជាងមួយលាននាក់ កំពុងទទួលរងគ្រោះ។

យោងតាមប្រភពព័ត៌មាន ឌឹសៀងហៃលីស របស់ប្រទេសចិន បានឲ្យដឹងថា អ្នកសុំទានរូបនោះ បានធ្វើការបរិច្ចាក ប្រាក់ចំណូលដែលរកបាន ក្នុងរយៈពេល ២ខែចុងក្រោយនេះ ដែលមានចំនួន ១,០០៣យ័ន (១៦២.៦៨ដុល្លារអាមេរិក)  ទៅឲ្យជនរងគ្រោះ ក្នុងខេត្តស៊ីឆ័ន ហើយទុកតែ ៥០យ័ន (៨.១១ដុល្លារអាមេរិក) ប៉ុណ្ណោះ សម្រាប់ទិញអាហារ ប៉ុន្តែត្រូវបានគេបដិសេធទៅវិញ។

បើតាមសម្តីរបស់អ្នកសុំទានរូបនោះ បាននិយាយប្រាប់ឲ្យដឹងថា គាត់ជាអ្នកស្រុកខេត្ត ស៊ីឆ័ន រាល់ថ្ងៃគាត់ធ្វើជាអ្នកសុំទាន ដើម្បីចិញ្ចឹមជីវិត ហើយគាត់គ្រាន់តែចង់ជួយ ដល់ជនរងគ្រោះដែលរស់នៅក្នុងស្រុកកំណើត ជាមួយគ្នាតែប៉ុណ្ណោះ។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ ទេ ដែលអ្នកសុំទានរូបនេះ ធ្វើការបរិច្ចាកប្រាក់ផ្ទាល់ខ្លួន ដើម្បីជួយជនរងគ្រោះ កាលពីខែមីនា កន្លងទៅនេះ គាត់ក៏បានបរិច្ចាកប្រាក់ខ្លះ ទៅឲ្យកុមារីអាយុ ៨ឆ្នាំម្នាក់ផងដែរ។

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះអ្នកសុំទានរូបនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]