កំពង់ឆ្នាំង៖ បច្ចុប្បន្នខណៈសកម្មភាព ដឹកជញ្ជូនឈើគ្រញូង ឆ្លងកាត់ខេត្តកំពង់ឆ្នាំង បាននឹងកំពុង កំរើកឡើងវិញយ៉ាងគគ្រឹកគគ្រេង ជារៀងរាល់យប់ ហើយសមត្ថកិច្ចជំនាញ ពាក់ព័ន្ធមួយចំនួនតូច បានកំពុងនឹងបញ្ចេញសកម្មភាព ដេញប្រមាញ់ស្ទាក់ចាប់ រថយន្តដឹកជញ្ជូន ឈើគ្រញូង ជិរិតទារប្រាក់ ។

យោងតាមប្រភពពីសមត្ថកិច្ច ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើគ្រញូង ចេញពីខេត្តពោធិសាត់ និងតំបន់ផ្សេងទៀត នៅតាមបណ្តាខេត្តជាប់ជាយដែន ខ្មែរ-ថៃ ដោយឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង ក្នុង១យប់ៗមានរថយន្តស៊េរីទំនើបៗ ដឹកឈើគ្រញូងពី១៥ទៅ២៥គ្រឿង ។ ជាក់ស្តែង កាលពីវេលាម៉ោង៩និង២៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ មានក្រុមរថយន្តដឹកឈើគ្រញូង ជាច្រើនគ្រឿង បានធ្វើសកម្មភាព ដោយមានក្បួនរថយន្តចាំបិទគូទ នៅពេលដែលសមត្ថកិច្ច ដេញប្រមាញ់ចាប់ជីរិតទារប្រាក់ ។

ប្រភពខាងលើបានបន្តឲ្យដឹងថា រថយន្តមន្ត្រី រដ្ឋបាលព្រៃ និងរថយន្តមន្ត្រីយោធា បានដេញប្រមាញ់ចាប់រថយន្តបាឡែនពណ៌ខ្មៅ ដឹកឈើគ្រញូងពេញធ្វើឲ្យកក្រើកផ្អើលពេញ ក្រុងកំពង់ឆ្នាំង ខណៈរថយន្តឡង់គ្រីស័របិទគូទ របស់ក្រុមរថយន្តដឹកឈើគ្រញូង បានបើកបំបុកដោយ កៀររថយន្តរបស់មន្ត្រីយោធា នៅលើផ្លូវជាតិលេខ៥ ខាងមុខ សាលាក្រុងកំពង់ឆ្នាំង លាន់លឺដូចរន្ទះ ហើយរថយន្តរបស់មន្ត្រីយោធារូបនោះ ក៍បានជ្រុលទៅបុកគូទ រថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 2A-3040 ដែលបើកបរទិសដៅពីខេត្តកំពត ទៅខេត្តបាត់ដំបង បណ្តាលអោយរងការខូចខាត និងអ្នកជិះក្នុងរថយន្តព្រលឹងចុងសក់ ។

ជនរងគ្រោះអ្នកបើកបររថយន្ត ឡង់គ្រីស័រ ដែលមកពីកំសាន្តនៅខេត្តកំពត ទៅស្រុកកំណើតភូមិរាំងក្រោល ឃុំរាំងគីសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានជួបហេតុការដោយផ្ទាល់ បានឲ្យដឹងថា រថយន្តសមត្ថកិច្ច បានដេញប្រមាញ់ចាប់រថយន្តដឹកឈើគ្រញូង ដូចជាការប្រដេញប្រមាញ់រវាងក្រុមចោរ និងសមត្ថកិច្ចក្នុងរឿងខ្សែ ភាព យន្តហុងកុងអញ្ជឹង ។

ទោះយ៉ាងណា រថយន្តរបស់មន្ត្រីយោធារូបនោះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយ អូសយកទៅលាក់ដោយ គ្របនឹងក្រណាត់ជិតរួចពេលស្ងាត់ បន្តយករថយន្តចេញយកទៅជួសជុល ក្រៅខេត្ត។

ពាក់ព័ន្ធនឹងពត៌មានខាងលើ លោក នេត សាម៉ុន នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានថ្លែងប្រាប់តាម រយៈទូរស័ព្ទ នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ ឲ្យដឹងថា ករណីខាងលើ លោកពុំបានដឹងនោះទេ រីឯថា មានរថយន្តដឹកឈើគ្រញូងឆ្លងកាត់ ខេត្តកំពង់ឆ្នាំង ជារៀងរាល់យប់គឺពុំមានទេ។

លោក ស៊ិន កុសល នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បានឆ្លើយប្រាប់មជ្ឈមណ្ឌលដើមអម្ពិល តាមរយៈ ទូរសព្ទ័ថា លោកកំពុងជាប់រវល់ ប្រជុំនៅចំការដូង។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលបានពត៌មានថា មានសកម្មភាពដឹកជញ្ជូនឈើគ្រញូង ឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង លោកបានដាក់វិធានការយ៉ាងតឹងរឹង ឲ្យមន្ត្រី នគរបាលប្រឆាំងបទល្មើសសេដ្ខកិច្ច ធ្វើការបង្ក្រាបយ៉ាងពិតប្រាកដ ស្របតាមបទបញ្ជាលេខ០២ របស់ប្រមុខ រាជរដ្ឋាភិបាលក្នុងសកម្មភាពខាងលើនេះ ៕ 





 ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]