បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវ អ.ហ ស្រុកមោងឬស្សី ចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី២៤ ខែមេសា នៅ ពេលដែលយកទ្រព្យសម្បត្តិ លួចគេបាន កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ នៅ ចំណុចផ្សារមោងភូមិ ឃុំមោង ស្រុកមោងឬស្សី ហើយកសាងសំណុំរឿងបញ្ជូន ទៅតុលាការខេត្ត កាលព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

លោក ប៉ោ សុងឃាង មេបញ្ជាការ .ស្រុកមោងឬស្សី បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អុល បូរ៉េត ភេទ ប្រុស អាយុ ២៣ ឆ្នាំ គ្មានមុខរបរពិតប្រាកដ នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឬស្សី ។ ចំណែកជនរងគ្រោះឈ្មោះ នូ សុផាន់ណា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាអ្នកលក់ដូរទូរស័ព្ទ នៅភូមិ ឃុំមោង ស្រុកមោងឬស្សី ។ សម្ភារៈដែល ត្រូវចោរលួចរួមមាន ក្បាលឌីវីឌីមួយគ្រឿង ឆ្នាំងសាកទូរស័ព្ទ ២០ គ្រឿង ឌុយកានិចទូរស័ព្ទចំនួន៨គ្រឿង ដុំភ្លើង ទូរទស្សន៍ចំនួន ២ ថ្មទូរស័ព្ទចំនួន ១៩ ដុំ ស្រោមវ៉ែនតាចំនួន ៨ និងកាសស្តាប់ទូរ ស័ព្ទចំនួន១៥ ។

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង និងបំភ្លឺប្រាប់ថា កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ពេលដែលខ្លួន និងប្រពន្ធមកបើកតូបលក់ដូរ ដូចរាល់ថ្ងៃ ស្រាប់តែ ឃើញទ្វារតូបរបើក អស់ និងបាត់សម្ភារៈមួយចំនួនធំ ។

ជនសង្ស័យបានឆ្លើយសារភាពថា កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ខ្លួនតែម្នាក់ឯង បានប្រើ ដែកស្បែង យកទៅគាស់តូបលក់ទូរស័ព្ទមួយកន្លែង នៅក្នុងផ្សារមោង យកបានសម្ភារៈមួយចំនួនធំ ហើយយក ទៅលាក់ទុក នៅផ្ទះរបស់ខ្លួន ហើយយកដែកស្បែងនោះ ទៅបោះចោលក្នុងទឹកស្ទឹងមិនចាំកន្លែង។ លុះដល់ រសៀលថ្ងៃទី២៤ ខែមេសា ខ្លួនក៏បានជិះម៉ូតូឌុបយកសម្ភារៈទាំងនោះ ទៅលក់នៅភូមិពោធិ១ និងភូមិកន្សៃ បន្ទាយ ឃុំគារ ស្រុកមោងឬស្សី ក៏ត្រូវប៉េអឹមឃាត់ខ្លួនតែម្តង ។

លោកវរសេនីយ៍ត្រី ប៉ោ សុងឃាង មេបញ្ជាការអាវុធហត្ថ ស្រុកមោងឬសី្ស បានបញ្ជាក់ថា យោងតាមពាក្យ បណ្តឹង របស់ជនរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងជាក់ស្តែង ដែលដកហូត បានរួចមក លោកមេបញ្ជាការ អាវុធហត្ថខេត្ត បានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូន ជនសង្ស័យ មកតុលាការ ខេត្ត ដើម្បីចាត់ការតាមនីតិវិធី នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ដោយចោទ ពីបទ លួចមានស្ថាន ទម្ងន់។ ចំណែកសម្ភារៈ ដែលដកហូតបានប្រគល់ជូនទៅជនរងគ្រោះវិញ ដោយមានធ្វើលិខិតស្នាមត្រឹមត្រូវ៕


ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]