ខេត្តបាត់ដំបង ៖ រថយន្តប្រភេទយីឌុបមួយគ្រឿង ផ្ទុកដើមដំឡូងមីរាប់តោន បានជ្រុលចង្កូតរអិលធ្លាក់ ចេញពីផ្លូវ រួចក្រឡាប់ច្រងាងចាក់ដើមដំឡូងមី កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៥ មេសា លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ បណ្តាលឱ្យអ្នកបើកបរ របួសបាក់ធ្មេញ ។

មន្ត្រីប៉ូលិសស្រុកសង្កែបានឱ្យដឹងថា រថយន្តដឹកដើមដំឡូងមីម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-3213 បើកបរដោយបុរសឈ្មោះសុភា រស់នៅខេត្តកំពង់ចាម ។ អ្នកបើកបររូបនេះរបួសបាក់ធ្មេញ ដោយបោកនឹងទ្វាររថយន្ត ។ រថយន្តនេះដឹកដំឡូងមីជាច្រើនតោន ក្នុងល្បឿនលឿន ពេលមកដល់ចំណុចផ្លូវ កោងបត់មិនទាន់ក៏ជ្រុលក្បាល រថយន្តធ្លាក់ចេញពីផ្លូវ ហើយព្យាយាមបួងចង្កូតឡើងវិញធ្ វើឱ្យយោគបាត់លំនឹងក្រឡាប់តែម្តង ។

យុវជនម្នាក់ជាព្រូរថយន្តបាននិយាយថា ដើមដំឡូងមីនេះដឹកពីខេត្តកំពង់ចាម ឆ្ពោះទៅតំបន់ព្រំដែនភាគ ខាងលិចខេត្តបាត់ដំបង ។ ប៉ុន្តែពេលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ជួបគ្រោះថ្នាក់តែម្តង ។ យុវជននេះបញ្ជាក់ថា អ្នកបើកបរហាក់ដូចជាខ្វះ ការប្រុងប្រយ័ត្ន លុះដល់ផ្លូវកោងក៏ជ្រុលធ្លាក់ចេញពីផ្លូវក្រឡាប់តែម្តង តែសំណាងដែលអ្នកបើកបរ គ្រាន់តែបាក់ធ្មេញ មិនប៉ះពាល់ដល់អាយុជីវិត និងមិនបង្កការគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀត ។ សាក្សីនិយាយថា ឧប្បត្តិហេតុនេះ ដោយសាររថយន្តបើកលឿនហួសហេតុពេក លុះដល់ចំណុចផ្លូវកោងបត់មិនទាន់ក៏ជ្រុលក្បាលធ្លាក់ចេញពីផ្លូវ ហើយអ្នកបើកបរព្យាយាមបួងចង្កូតឡើងផ្លូវវិញ យ៉ាងប្រញាប់ជាហេតុនាំឱ្យកន្ទុយ រថយន្តយោគបាត់លំនឹង រហូតក្រឡាប់ចាក់ដើមដំឡូងមីរាយប៉ាយពេញផ្លូវ ។

មន្ត្រីនគរបាលសណ្តាប់ធ្នាប់ ស្រុកសង្កែបានឱ្យដឹងថា ដោយសារតែរថយន្តមិនបង្កគ្រោះថ្នាក់ ដល់មនុស្សធ្ងន់ធ្ងរ ទើបអនុញ្ញាតឱ្យម្ចាស់រថយន្តដោះស្រាយ ដោយខ្លួនឯង ប៉ុន្តែត្រូវសងការខូចខាតផ្លូវថ្នល់តិចតួច និងបង្គោលស្លាកសញ្ញាចរាចរណ៍នៅចំណុចផ្លូវកោងនោះ ។ មន្ត្រីជំនាញបានបន្ទោសថា នេះជាការធ្វេសប្រហែសពេលបញ្ជាយានយន្ត ដែលនាំឱ្យជួបគ្រោះថ្នាក់បែបនេះ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]