ព្រះសីហនុ៖ ប្រភពព័ត៌មាន ពីអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ លោកអនុសេនីយ៍ ឯក អាំ តាវ អធិការ ស្តីទី នគរបាលក្រុង ព្រះសីហនុ បានអោយដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ០១ រំលង អធ្រាត្រ មានករណី អំពើលួចមួយកើតឡើង នៅចំនុចក្រោយ សាលាបឋមសិក្សាកម្មករ ស្ថិតនៅក្រុម៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ដែលមានជនរងគ្រោះ ឈ្មោះ សេង វ៉ាន់នី ភេទប្រុស អាយុ ២៤ឆ្នាំ មុខ របររត់ម៉ូតូឌុប មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ បង្កដោយជនសង្ស័យ ចំនួន៣នាក់ ១.ឈ្មោះ នួន វ៉ែន (ហៅបារាំង) ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ, ២.ឈ្មោះ អ៊ុំ សុវណ្ណឌី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្រុមទី១៨ ភូមិ២ សង្កាត់ លេខ២ ក្រុងខេត្តព្រះសីហនុ, ឈ្មោះ សាង មុខរបរកម្មករជួសជុល រថយន្ត (យានដ្ឋានហៃទី) គេចខ្លួន បាន ធ្វើសកម្មភាពលួចម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៤ ឡើងស៊េរី២០១០ មាន ស្លាកលេខ ព្រៃវែង 1A-8120 ។

ប្រភពព័ត៌មាន បានបន្តថា ករណីនេះអធិការដ្ឋាននគរបាល ក្រុងកំពុងបំពេញនិតិវិធី បញ្ជូនទៅការិយាល័យ កណ្តាលព្រហ្មទណ្ឌ ខេត្តដើម្បីចាត់ការបន្ត ។

តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា ម៉ូតូដែលត្រូវក្រុមជនសង្ស័យ កាច់កយកទៅនោះ ម្ចាស់ របស់វាតែងតែ ឧហ្សាហ៍ទុកចោល ក្រៅរបងនៅកន្លែងកើតហេតុនោះ រួចក៏ចូលទៅក្នុងផ្ទះម៉ូយនោះ លេង ធម្មតាជារៀងរាល់រាត្រី នៅពេលដែលដែលមក ទទួលម៉ូយម៉ូតូឌុប របស់ខ្លួនម្តងៗ ប៉ុន្តែមានពេលខ្លះដោយ រង់ចាំម៉ូយ យូរក៏បានអូសចូល ទៅទុកនៅក្នុងផ្ទះម្តងម្កាលដែរ ។ នៅថ្ងៃកើតហេតុគេសង្កេតឃើញម្ចាស់់ម៉ូតូ មិនបានអូស ចូលទៅនៅក្នុងផ្ទះទេ ប៉ុន្តែគេបានឃើញម្ចាស់ម៉ូតូ ចេញមកអើតមើលម្តងដែរនៅ ពេលដែល­ឮសូរសំលេងមិនស្រួល មួយសន្ទុះក្រោយមកគេឃើញ ម្ចាស់ចេញមកមួយសារ ទៀតក៏ឃើញក្រុមចោរកំពុង កាច់ករម៉ូតូរបស់ខ្លួនហើយក៏បានបើកចេញទៅ ទើបម្ចាស់ម៉ូតូស្រែកផ្អើលឆោឡោ ឡើងផ្អើលអ្នកភូមិ ហើយក៏បាន  រាយការណ៍ជូនសមត្ថកិច្ច និងបានទូរស័ព្ទប្រាប់ក្រុមម៉ូតូ ឌុបរបស់ខ្លួន អោយជួយចេញស្កាត់រកគ្រប់ទីកន្លែង ។

រហូតរយៈពេលប្រហែល ២ម៉ោងក្រោយមក ទើបក្រុមម៉ូតូឌុបម្នាក់កំពុង តែអង្គុយចាំមើលនៅចំណុច មុខរោង ចក្រស្រាបៀរអង្គរឃ្លាំងលើ ពើបប្រទះជនសង្ស័យ ខាងលើកំពុងឌុបគ្នាចំនួន ៣នាក់ ជិះកាត់ពីមុខខ្លួនហើយ ឮគ្នាវាជជែកគ្នាថា ពួកយើងមិនអាច ទៅភ្នំពេញទាំងយប់បានទេ ចាំស្អែកភ្លឺចាំដឹកតាមឡាន យកទៅភ្នំពេញ វិញវាស្រួលជាង ។ បន្ទាប់ពីឮសូរគ្នាវាជជែករួចនិងបានឃើញ ម៉ូតូជាម៉ូតូរបស់មិត្តភក្តិខ្លួន ក៏បានជិះតាមពី ក្រោយបណ្តើ ទូរស័ព្ទប្រាប់គ្នាបណ្តើ រហូតជិះមកដល់ចំណុច ក្បែរកែងប៉ុស្តិ៍នគរបាល សង្កាត់លេខ២ ក៏មាន គ្នា២ម៉ូតូកំពុងរង់ចាំជាស្រេច ហើយក៏នាំគ្នាជិះតាមពីក្រោយបណ្តើ ទូរស័ព្ទប្រាប់គ្នាបន្តបន្ទាប់ ទៀតរហូតជិះទៅ ដល់ម្តំអូរ៣ ស្ថិតនៅសង្កាត់លេខ៤ ក៏មានគ្នាច្រើនឡើងៗប្រហែលជាង១០ម៉ូតូ និងមានគ្នាជិត២០នាក់ ពួកចោរ ឃើញក៏ភ័យផ្តួលម៉ូតូចោលកណ្តាល ថ្នល់រួចក៏ចែកផ្លូវគ្នារត់ចូលព្រៃ គេចខ្លួនស្របពេលនោះក៏មាន សមត្ថកិច្ច នគរបាលមក ដល់ល្មម ហើយក៏សហការគ្នាចូលរុករក ពេញព្រៃ ទើបប្រទះមុខ សញ្ញា២នាក់ក្នុងចំនោម៣នាក់ ក៏បានស្វាគមន៏ ផ្តល់ថ្នាំខ្លាំងខ្លះជាមេរៀន រួចក៏នាំគ្នាប្រគល់ជូនសមត្ថកិច្ចតែម្តង ៕







ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]