ខេត្តប៉ៃលិន ៖ គ្រាប់មីនកប់ក្នុង ដីដែលសេសសល់ ពីសម័យសង្គ្រាម នៅតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តប៉ៃលិន ។ ថ្មីៗនេះត្រាក់ទ័រភ្ជួរដីចម្ការ មួយគ្រឿងរបស់មេការស៊ីឈ្នួល ភ្ជួរដីម្នាក់ដែលកំពុងចតនៅក្នុងដីចម្ការមួយកន្លែង ត្រូវបានយុវជនម្នាក់សុំឡើងរៀនបើក ប៉ុន្តែគ្រាន់តែបើកភ្ជួរដីចម្ការ បានពីរទៅបីជុំ ស្រាប់តែកង់ក្រោយ ផ្នែកខាងស្តាំរបស់ត្រាក់ទ័រ ជាន់ចំមីនតោន ប្រឆាំងរថក្រោះបណ្តាលឱ្យផ្ទុះ លាន់ឮយ៉ាងកក្រើកដី ធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅក្នុងឃុំស្ទឹងត្រង់ ទាំងមូល ។

ក្នុងហេតុការណ៍នេះ យុវជនដែលរៀនបើកត្រាក់ទ័រ នោះបានស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យ អាណោចអាធ័មបំផុត ដោយដាច់ខ្លួនជាដុំៗ ខ្ទាតចេញរាយប៉ាយនៅលើដី សល់តែដៃ ជើង និងក្បាល សម្រាប់ឱ្យក្រុមគ្រួសា រប្រមូលយកទៅធ្វើបុណ្យ ។ ចំណែកត្រាក់ទ័រវិញបានប៉ើងខ្ទាត ចេញពីរណ្តៅមីនតោនខូចខាតទាំង ស្រុង ។

ហេតុការណ៍ផ្ទុះមីនតោននេះ បានកើតឡើងកាលពី វេលាម៉ោង៣ និង៥៥នាទីរសៀល ថ្ងៃទី២៤ មេសា នៅចំណុចត្រពាំងវាលបេ ស្ថិតក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ យុវជនរងគ្រោះឈ្មោះឡុង ឈីវ មានអាយុទើបតែ១៦ឆ្នាំ រស់នៅភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ មានឪពុកឈ្មោះឡុង ឈី អាយុ៤១ឆ្នាំ និងម្តាយឈ្មោះញ៉ាត រីម អាយុ៣២ឆ្នាំ ។

សូមបញ្ជាក់ថា កាលពីខែមុននៅក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ក៏មានករណីផ្ទុះមីនស្គរម្តងដែរ បណ្តាលឱ្យយុវជនម្នាក់ រងរបួសភ្នែកខាងស្តាំ ខណៈកាប់រណ្តៅ ដាំពោតត្រូវលើគ្រាប់មីន ។ ចំណែកកាលពីឆ្នាំមុនៗក៏មានករណីផ្ទុះមីនតោនចំនួន២លើកដែរ នៅក្បែរចំណុចកើតហេតុខាងលើ តែមិនបណ្តាលឱ្យមានមនុស្សស្លាប់ទេ គឺគ្រាន់តែបណ្តាលឱ្យ អ្នកបើកបររងរបួសស្រាល និងខូចខាតត្រាក់ទ័រប៉ុណ្ណោះ ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនថ្ងៃកើតហេតុ មានមេការម្នាក់ក្នុងចំណោម៤នាក់ ឈ្មោះចិត្ត សារវី ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានទៅស៊ីឈ្នួលបើក ត្រាក់ទ័រឱ្យថៅកែម្នាក់ ដោយទៅភ្ជួរដីចម្ការឱ្យគេនៅក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ អស់រយៈពេល៤ទៅ៥ថ្ងៃមកហើយ ។ លុះភ្ជួរកន្លែងមួយរួចរាល់ហើយក៏ បន្តទៅភ្ជួរនៅកន្លែងកើតហេតុ ខាងលើ ដែលមានដីចម្ការជាង៥ហិកតា ដោយមានត្រាក់ទ័រចំនួន៤គ្រឿង ហើយការភ្ជួរដីចម្ការទាំងនោះគឺ ដោយសារតែសំអាងលើការដោះមីនរួច រាល់ហើយ ។ នៅថ្ងៃកើតហេតុ ពួកគេភ្ជួរដីតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ក៏ឈប់សម្រាកហូបបាយ ឯជនរងគ្រោះដែលចង់ចេះ បើកត្រាក់ទ័រតែងតែទៅតាមគេ ហើយជិះជាមួយអ្នកបើកបរត្រាក់ទ័រ ដើម្បីរៀនបើក ។

ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង១រសៀល អ្នកបើកបរត្រាក់ទ័រក៏ចាប់ផ្តើម ភ្ជួរដីក្នុងចម្ការបន្តទៀត រហូតដល់ម៉ោងជាង៣រសៀល ហើយនៅសល់ដីបន្តិចទៀត ក៏ឈប់សម្រាក ។ ចំណែកយុវជនរងគ្រោះពេលនោះក៏ឆក់ ឱកាសសុំម្ចាស់ត្រាក់ទ័ររៀនបើក បរភ្ជួរដីសាកមើល ឯអ្នកបើកត្រាក់ទ័រក៏អនុញ្ញាតឱ្យភ្ជួរ ប៉ុន្តែពេលជនរងគ្រោះ បើកបរភ្ជួរដីចម្ការបានតែពីរទៅបីជុំ ស្រាប់តែកង់ក្រោយត្រាក់ទ័រ ខាងស្តាំបានចំមីនតោន បណ្តាលឱ្យផ្ទុះតែម្តង ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]