បច្ចុប្បន្ន​​ធនាគារជាតិ​នៃកម្ពុជារក្សា​​មាស​ជាង ៣០ តោន ដែល​​ត្រូវ​​បាន​​ទុក​នៅ ៣ ប្រទេស​ផ្សេង​​គ្នា

//s5.kh1.co/b9/b98c238526c9d741a42c07ea36d3a0ed3bf2e942.jpg
សង្គម

 ២៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទ្រព្យទាំងនេះរួមមាន រូបិយប័ណ្ណបរទេស និងមាសដែលហៅថា «ទុនបម្រុងអន្តរជាតិ» ហើយត្រូវបានរក្សាទុកឲ្យមានសុវត្ថិភាព

ធនាគារជាតិនៃកម្ពុជា មានតួនាទីបោះផ្សាយរូបិយវត្ថុជាតិ ហើយត្រូវធានាតម្លៃរូបិយវត្ថុទាំងនេះ។ ដូច្នេះ រាល់ការ​បោះ​ផ្សាយត្រូវមានបដិភាគ ជាទ្រព្យដែលមានតម្លៃ។ ទ្រព្យទាំងនេះរួមមាន រូបិយប័ណ្ណបរទេស និងមាសដែលហៅថា «ទុនបម្រុងអន្តរជាតិ» ហើយត្រូវបានរក្សាទុកឲ្យមានសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជារក្សាមាស ៣៦,៥ តោន ដែលក្នុងនោះរួមមាន៖ មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យ​សង្គ្រាម ចំនួន ១២,៤តោន ដែលកំពុងរក្សាទុកនៅប្រទេសស្វីស, មាសចំនួន ១៤,១ តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស​  និងមាសចំនួន ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីធនាគារជាតិនៃកម្ពុជានៅថ្ងៃ ២៣ កក្កដានេះ។

ចំណែក ទុនបម្រុងអន្តរជាតិរបស់កម្ពុជាគិតជាដុល្លារអាមេរិកមានចំនួន ១៩,៥ ប៊ីលាន គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២០​។ ធនាគារជាតិនៃកម្ពុជាបន្ថែមថា ទុនបម្រុងទាំងនោះត្រូវបានគ្រប់គ្រងដោយប្រុង​ប្រយ័ត្នដើម្បីរក្សា​សុវត្ថិភាព​។ ដូច្នេះស្ថាប័នខាងលើអះអាងថា ខ្លួនបានវិនិយោគលើឧបករណ៍ដែលមានស្ថិរភាពខ្ពស់ដូចជារូបិយប័ណ្ណខ្លាំង និងមាស។

ជាការកត់សម្គាល់ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ខ្លួនមានកាតព្វកិច្ចរាយការណ៍​ជាទៀងទាត់​នូវរាល់តួលេខ​នៃទុន​បម្រុងអន្តរជាតិនេះ ដល់ស្ថាប័នមានសមត្ថកិច្ចជាតិ និងអន្តរជាតិ៕

សេចក្តីបញ្ជាក់ពីធនាគារជាតិនៃកម្ពុជា
សេចក្តីបញ្ជាក់ពីធនាគារជាតិនៃកម្ពុជា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T