ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ខណៈដេញ វាយកណ្តុរនៅក្នុងផ្ទះ ហើយឡើងតាម កណ្តុររហូតដល់លើពិតាន ក៏ប៉ះ នឹងតំណខ្សែភ្លើងដែល របកច្រើនអន្លើបណ្តាលឱ្យឆក់ ស្លាប់រួញខ្លួននៅលើពិតានផ្ទះក្នុងចម្ការរបស់ខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៨យប់ថ្ងៃទី២៣ មេសា នៅចំណុចដីអំបិល ក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

មន្ត្រីប៉ូលិសមូលដ្ឋាន បានរៀបរាប់ថា បុរសដែលស្លាប់ដោយសារចរន្ត អគ្គិសនីឆក់នៅក្នុងផ្ទះរបស់ ខ្លួននេះឈ្មោះ ជី ម៉ុងដែន អាយុ៤៨ឆ្នាំ មានលំនៅផ្ទះលេខ៦៣ ផ្លូវលេខ២០០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះជាមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ បម្រើការនៅនាយកដ្ឋានអន្តរាគមន៍ មានប្រពន្ធនៅឯប្រទេសអូស្ត្រាលី ។ តាមសាក្សីឱ្យដឹងដែរថា នៅយប់ថ្ងៃទី២៣ មេសា ប្រពន្ធនៅឯប្រទេសអូស្ត្រាលីបាន ទូរស័ព្ទមកសាកសួរប្តីជាធម្មតា តែពុំឮទូរស័ព្ទឆ្លើយសោះ ក៏សង្ស័យទើបសួរកម្មករ ដែលបម្រើការងារជាមួយប្តីនៅទីនោះ ទើបដឹងថាប្តីរបស់ខ្លួនស្លាប់ ដោយសារចរន្តអគ្គិសនីឆក់នៅលើពិតានផ្ទះ ។

នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ មេសា ប៉ូលិសព្រហ្មទណ្ឌបានចុះធ្វើការត្រួតពិនិត្យទើបដឹងថាត្រូវចរន្តអគ្គិសនីឆក់ ព្រោះនៅទីនោះគេសង្កេត ឃើញខ្សែភ្លើងមានតំណច្រើន និងមានរបកស្រោមផង ស្របនឹងជនរងគ្រោះចូលទៅ ដេញវាយកណ្តុរក៏ឆក់តែម្តង ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះឯរាជធានីភ្នំពេញ ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចរាល់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]