លោក Jinichi Kawakami អាយុ ៦៣ឆ្នាំ ជាវិស្វករចូលនិវត្តន៍ម្នាក់ ត្រូវបានគេចាត់ទុកគាត់ ជានិនចាពិតប្រាកដ នៅរស់រានមានជីវិត ចុងក្រោយបំផុតតែម្នាក់គត់ នៅក្នុងបក្សសម្ព័ន្ធ Ban ដែលជាបក្សនិនចាមួយ របស់ប្រទេសជប៉ុន មានតាំងពី ៥០០ឆ្នាំ មុនមកម្ល៉េះ។

ជួបជាមួយប្រភពព័ត៌មាន AFP គាត់បានប្រាប់ឲ្យដឹងថា គាត់បានចាប់ផ្តើមហ្វឹកហ្វាត់ វិជ្ជាគុណនិនចា (Ninjutsu) តាំងពីមានអាយុ ៦ឆ្នាំ មកម៉្លេះ ក្រោមការបង្វាត់បង្រៀន ដោយផ្ទាល់ ពីគ្រូរបស់គាត់ ដែលជាមេដឹកនាំ និនចា ឈ្មោះ Masazo Ishida។ គាត់បានបន្តទៀតថា ការហ្វឹកហ្វាត់ ទំរាំអាចក្លាយជានិនចាបាន មិនមែនជាការងាយ និង សប្បាយ ឡើយ គឺត្រូវឆ្លងកាត់ការលត់ដំខ្លាំងក្លាបំផុត។ គាត់ត្រូវបានតម្រូវអោយ មានការស៊ូទ្រាំ អត់ធន់ នឹងភាពក្តៅ និង ត្រជាក់ ក្នុងកំរិតកំពូល ហើយក៏បាន ជួបប្រទះនឹងបទពិសោធន៍ ឈឺចាប់ និង អត់ឃ្លាន ជាច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ត្រូវតាំងស្មារតី សម្លឹងមើលទៅកាន់ ដុំទៀន រហូតអាចមានអារម្មណ៍ថា ខ្លួនឯងដូចជានៅក្នុងនោះអញ្ចឹង និង ហ្វឹកហាត់ ស្តាប់សម្លេងទៀតផង។ លើសពីនេះ គាត់បានរៀនពី ជាតិគីមី និង ការផលិតគ្រឿងផ្ទុះ ព្រមទាំងសិក្សាអំពី អាកាសធាតុ និង ចិត្តវិទ្យា ផងដែរ។ គាត់បានបន្ថែមទៀតថា នៅពេលដែលគាត់ អាយុ ១៨ឆ្នាំ គាត់បានបន្តតំណែង ពីគ្រូរបស់គាត់ ដោយបានទទួល គម្ពីរចាស់ៗ ពីមុនៗ និង គ្រឿងប្រើប្រាស់ របស់និនចា ជាច្រើន។

ទោះជាយ៉ាងណា សព្វថ្ងៃនេះ គាត់មិនបានលើកតំកើនខ្លួនឯង ថាជានិនចាពិតប្រាកដ ចុងក្រោយបង្អស់នោះទេ ព្រោះតែគាត់មិនចង់ អោយកើតមានជំលោះ ជាមួយនឹង អ្នកដ៏ទៃ ដែលទាមទារសិទ្ធិ ថាខ្លួនឯងជានិនចាដែរ តែយ៉ាងណាក៏ដោយ គាត់នៅតែត្រូវបានគេ ទទួលស្គាល់គាត់ ថាជា និនចាពិតប្រាកដ ចុងក្រោយគេបំផុត (last real ninja master) របស់ប្រទេសជប៉ុន។

តើប្រិយមិត្តយល់យ៉ាងណាដែរ?




ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]