វរសេនីយ៍​ទោ ហឿង ដារី៖ សម័យ​កូវីដ១៩​ មែន ​តែ​ចំនួន​​ពល​​រដ្ឋ​​​​មក​រក​សេវាអត្តសញ្ញាណ​ប័ណ្ណ​ នៅតែច្រើនគួរ​ឲ្យកត់​​សម្គាល់​

//s5.kh1.co/6f/6f37be04dd3cf092c7f1864fb3631e38035b2d1e.jpg
សង្គម

 ២២-កក្កដា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

តាមរយៈកិច្ចសម្ភាសផ្ទាល់ជាមួយ Khmerload វរសេនីយ៍ទោ ហឿង ដារី បានបញ្ជាក់ថា ទោះក្នុងអំឡុងកូវីដ ១៩ ក៏ពិតមែន តែចំនួនពលរដ្ឋមករកសេវាអត្តសញ្ញាណប័ណ្ណនៅផ្សារទំនើបអ៊ីអន២ នៅតែមាន​ចំនួនច្រើន​គួរឲ្យកត់សម្គាល់

ទោះក្នុងអំឡុងកូវីដ ១៩ ក៏ពិតមែន តែចំនួនពលរដ្ឋមករកសេវាអត្តសញ្ញាណប័ណ្ណនៅផ្សារទំនើបអ៊ីអន២ នៅតែមាន​ចំនួនច្រើន​គួរឲ្យកត់សម្គាល់។ នេះការលើកឡើងពីសំណាក់វរសេនីយ៍ទោ ហឿង ដារី ប្រធានក្រុមការងារស្នាក់​​ការ​អ៊ី​​អន​​ ២ នៃនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈកិច្ចសម្ភាសផ្ទាល់ទៅដល់ទីតាំងនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃស្នាក់ការអ៊ីអន២ វរសេនីយ៍ទោ ហឿង ដារី បានបញ្ជាក់ប្រាប់ Khmerload ថា៖ «បើទោះក្នុងស្ថានភាពកូវីដ១៩ ក៏ពិតមែន ប៉ុន្តែតម្រូវការអត្ត​សញ្ញាណ​ប័ណ្ណ​ពីសំណាក់ពលរដ្ឋនៅតែមានច្រើនដូចធម្មតា ពោលគឺពលរដ្ឋមករកសេវាពីនាយកដ្ឋានជារៀងរាល់ថ្ងៃ។ ហើយ​បងប្អូន​ដែលមករកសេវា មានពីគ្រប់ ២៥ ខេត្ត-ក្រុងទូទាំងប្រទេស»។

ពលរដ្ឋមកធ្វើអត្តសញ្ញាណប័ណ្ណ ថ្ងៃ ២២ កក្កដា ២០២០ (រូបភាពពីវរសេនីយ៍ទោ ហឿង ដារី)
ពលរដ្ឋមកធ្វើអត្តសញ្ញាណប័ណ្ណ ថ្ងៃ ២២ កក្កដា ២០២០ (រូបភាពពីវរសេនីយ៍ទោ ហឿង ដារី)

អ្នកស្រី ហឿង ដារី បន្តថា មូលហេតុដែលធ្វើឲ្យមានពលរដ្ឋមករកសេវាច្រើន បើទោះក្នុងអំឡុងកូវីដ១៩ដូចនេះក្តី គឺ​ដោយសារអត្ត​សញ្ញាណប័ណ្ណជា គ្រឿងសម្គាល់ខ្លួន ហើយក៏ជាព័ត៌មានផ្ទាល់ខ្លួនសំខាន់ដែលចាំបាច់ត្រូវប្រើ មិនថា​សម្រាប់ធ្វើ​ការងារ​​នានា​ ដូចជាប្លង់កម្មសិទ្ធិដីធ្លី ឬសម្រាប់ប្រើលើបែបបទឯកសារធនាគារជាដើម ដែលមិនអាចចៀស​វាងបាន។

វរសេនីយ៍ទោរូបនេះបន្ថែមថា៖ «នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ យើងមានសេវា ៣យ៉ាង៖ ១ ធ្វើអត្តសញ្ញាណប័ណ្ណថ្មី, ២ កែតម្រូវអត្តសញ្ញាណប័ណ្ណដែលខុស, ៣ ធ្វើអត្តសញ្ញាណប័ណ្ណជំនួសអត្តសញ្ញាណដែល​បាត់។ ចំណែកមូលហេតុដែលពួកគាត់មករកសេវានៅទីនេះ គឺដោយសារវាមានភាពងាយស្រួល ហើយមិនខាតពេល​វេលាចុះឡើងឆ្ងាយ និងមិនចំណាយថវិកា»។

អ្នកស្រី ដារី សង្កត់ធ្ងន់ថា៖ «ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណបាន ពលរដ្ឋត្រូវមានឯកសារដូចជា សំបុត្រកំណើត និង​សៀវភៅ​​គ្រួសារ​ (មិនត្រូវមានស្នាមកោស ឬលុប) ឬសៀវភៅស្នាក់នៅ»។

វរសេនីយ៍ទោ ហឿង ដារី <br>
វរសេនីយ៍ទោ ហឿង ដារី

ជាការកត់សម្គាល់ ឆ្លើយតបទៅនឹងការត្អូញត្អែររបស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន​ដែលធ្លាប់លើកឡើងកន្លង​ទៅ​ថា មន្ត្រីបម្រើសេវាធ្វើអត្តសញ្ញាណប័ណ្ណមានភាពយឺតយ៉ាវ និងប្រើសម្តីមិនសូវជាសមរម្យនោះ មន្ត្រីខាងលើបាន​បង្ហាញនូវសុទិដ្ឋិនិមថា តាមពិតមន្រ្តីដែលបម្រើការងារត្រូវបានកំណត់ឲ្យមានក្រមសីលធម៌ការងារឲ្យសមស្រប និង​បំពេញឲ្យអស់ពីសមត្ថភាព ប៉ុន្តែយ៉ាងណាចន្លោះខ្វះខាតតិចតួចអាចនឹងមានដោយប្រការណាមួយ​ដោយ​អចេតនា ដែលអ្នកស្រីអះអាងថា មន្ត្រីប្តេជ្ញាថានឹងខិតខំប្រឹងប្រែងបំពេញឲ្យបានល្អបំផុតនាពេលបន្ទាប់។

ទន្ទឹមនឹងនោះ វរសេនីយ៍ទោរូបនេះ បានអំពាវនាវឲ្យពលរដ្ឋខ្លួនឯងផ្ទាល់មានការយោគយល់​  និងអធ្យាស្រ័យឲ្យ​មន្ត្រីដែលបម្រើឯកសារពាក់ព័ន្ធទាំងនោះផង ដោយអ្នកស្រីលើកឡើងថា​៖ «អ្វីៗត្រូវផ្តើមពីពលរដ្ឋខ្លួនឯង ហើយមន្ត្រីក៏​ដូចគ្នា​»។ អ្នកស្រីសង្កត់ធ្ងន់ថា មន្ត្រីក្នុងនាយកដ្ឋានជាបន្តបន្ទាប់ប្រឹងប្រែងលើការបំពេញមុខងាររបស់ខ្លួនណាស់។ ហើយក្នុង​មួយថ្ងៃៗ​ មន្ត្រីម្នាក់ៗត្រូវបម្រើសេវាជូនពលរដ្ឋរាប់រយនាក់ ដែលពេលខ្លះអ្នកស្រីថា ស្ទើរតែពុំមានពេលដក​ឃ្លាខ្លះ​ផង​ក៏មាន។

ប្រាប់អ្នកសារព័ត៌មានទាំងដែលកំពុងប្រញឹកដៃវាយត្រាលើឯកសារពាក់ព័ន្ធ ព្រមទាំងសួរសំណួរបណ្តើរៗទៅ​កាន់​ពលរដ្ឋដែលមករកសេវាអត្តសញ្ញាណប័ណ្ណផងនោះ វរសេនីយ៍ទោ ហឿង ដារី បានសំណូមពរឲ្យពលរដ្ឋមករកសេវា​អត្តសញ្ញាណប័ណ្ណមានការយោគយល់ និងស្តាប់តាមការណែនាំពីមន្ត្រីពាក់ព័ន្ធ មិនថារឿងឯកសារនានា ឬសកម្មភាព​មួយចំនួនទៀត។​​  សំណូមពរបែបនេះ​ ដោយវរសេនីយទោរូបនេះបង្ហើបថា មន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណអាចនឹងស្នើរ​សុំឲ្យ​​ពលរដ្ឋពាក់ម៉ាស និងប្រាប់ឲ្យតម្រង់ជួរដោយរក្សាគម្លាតយ៉ាងតិច ២ក្រឡាការ៉ូពីគ្នាជាដើមក្នុងអំឡុងកូវីដ ១៩ នេះ​។

បង្ហើបបទពិសោធន៍ដែលធ្វើការក្នុងតួនាទីជាមន្ត្រីនៃនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះរយៈពេល ១០ឆ្នាំ​មកហើយនោះ វរសេនីយ៍ទោ ហឿង ដារី ប្រាប់ថា កន្លងមកមន្ត្រីបំពេញការងារធ្លាប់ជួបនូវឧបសគ្គខ្លះៗដែរ ពោល​ពលរដ្ឋមួយចំនួន​ គាត់ចង់ធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានលឿន តែស្ថានភាពជាក់ស្តែងទាមទារពេលវេលាសមរម្យ។ មួយទៀត​ ពលរដ្ឋដែលមករកសេវាធ្វើអត្តសញ្ញាណប័ណ្ណមួយចំនួនពុំមានឯកសារ​គ្រប់គ្រាន់ ឬមានគ្រប់ដែរ ប៉ុន្តែ​ព័ត៌មាន​​ពុំផ្ទៀង​ផ្ទាត់គ្នា ជាមួយឯកសារនីមួយៗ ឬមានស្នាមកោសលុបជាដើមដែល អ្នកស្រី និងក្រុមការងារតម្រូវ​ឲ្យ​ពួកគាត់បំពេញលក្ខខណ្ឌបន្ថែម។ ហើយពេលខ្លះ កត្តាចំណេះដឹងរបស់ពលរដ្ឋអាចជាបញ្ហាមួយទៀត ដែលទាមទារ​ឲ្យមានការពន្យល់យ៉ាងច្បាស់លាស់ទៅកាន់ពួកគាត់ បើពុំនោះទេ ករណីខ្លះអាចឈានដល់ការមិនយល់ពីគ្នា​ទៀត​ផង​៕  

សៀវភៅស្នាក់នៅ (រូបភាពពីវរសេនីយ៍ទោ ហឿង ដារី)
សៀវភៅស្នាក់នៅ (រូបភាពពីវរសេនីយ៍ទោ ហឿង ដារី)
សៀវភៅ​​គ្រួសារ​ (រូបភាពពីវរសេនីយ៍ទោ ហឿង ដារី)
សៀវភៅ​​គ្រួសារ​ (រូបភាពពីវរសេនីយ៍ទោ ហឿង ដារី)
សំបុត្រកំណើត (រូបភាពពីវរសេនីយ៍ទោ ហឿង ដារី)
សំបុត្រកំណើត (រូបភាពពីវរសេនីយ៍ទោ ហឿង ដារី)
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T