ខេត្តពោធិ៍សាត់ ៖ តាដែលចេញពីក្នុងឡាន សើចដូចរូបភាពនេះ គឺជាជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនពីបទដុតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងបង្ករបួសស្នាមដល់សមត្ថកិច្ច ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី២៣ មេសា ២០១៣ វេលាម៉ោង១១ព្រឹកនៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ។

លោកវរសេនីយ៍ត្រី សូ សាហុង អធិការនគរបាលស្រុកភ្នំក្រវាញ ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះអ៊ុន ជឿន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ បើតាមការសាកសួរពីយាយ ឈ្មោះយ៉ុង ណយ អាយុ៦៧ឆ្នាំ ជាប្រពន្ធបានប្រាប់ថា នៅព្រឹកថ្ងៃទី២៣ នោះ តាអ៊ុន ជឿន ដែលជាប្តីរបស់គាត់ត្រឡប់ មកពីព្រៃស្រវឹងស្រាហើយបានសុំគាត់រួមរ័ក ។ ដោយសារគាត់មិនព្រម ព្រោះសុខភាពទ្រុឌទ្រោម ហើយជាមនុស្សចាស់កាន់សីល និងអស់កាមកិលេសផងនោះ ស្រាប់តែតាជឿនមកចាប់បង្ខំ ពេលនោះគាត់ក៏ធាក់មួយ ជើងធ្វើឱ្យតាជឿនខឹងប្រមូលចានឆ្នាំង ខោអាវ និងសម្ភារប្រើប្រាស់លើផ្ទះ បោះទៅដីដុតចោលខ្ទេច ។ លោកអធិការបន្តទៀតថា ពេលប៉ូលិសប៉ុស្តិ៍ព្រងិល ឈ្មោះឈួន សាវុធ ទៅអន្តរាគមន៍ ស្រាប់តែតាជឿនយកចំពាមកៅស៊ូបាញ់ និងយកពូថៅដេញកាប់ បណ្តាលឱ្យរបួសកំភួនជើងស្តាំ និងដៃឆ្វេងថែមទៀតក៏ធ្វើការឃាត់ខ្លួនតែម្តង ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]