ផ្លរីដា៖​ ថ្មីៗនេះ មានហេតុការណ៍គួរឲ្យរន្ធត់មួយ ដោយក្មេងប្រុសម្នាក់ស្ទើរតែមានគ្រោះថ្នាក់ទៅហើយ ខណៈពេលដែលរូបគេកំពុងលេងទឹកសមុទ្រសុខៗ ក៏ស្រាប់តែមានត្រីឆ្លាមមួយក្បាលហែលមកជិត តែសំណាងល្អមានមន្រ្ដីប៉ូលិសម្នាក់បានឃើញ ហើយលោតចូលទៅទាញចេញពីទឹកទាន់ពេល។

ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ខណៈពេលដែលមន្ត្រីប៉ូលិសម្នាក់ឈ្មោះ Kosicki និងប្រពន្ធរបស់គាត់ កំពុងបណ្ដើរសត្វចិញ្ចឹមដើរលំហែកាយតាមបណ្ដោយឆ្នេរ Cocoa ស្ថិតក្នុងរដ្ឋផ្លរីដា ក៏ស្រាប់តែឃើញត្រីឆ្លាមមួយក្បាល ហែលឆ្ពោះទៅរកក្មេងប្រុសរងគ្រោះ។ ខណៈនោះ អ្នកផ្សេងៗទៀត ក៏បានស្រែកប្រាប់ដល់ក្មេងប្រុសឲ្យបានដឹងផងដែរ តែយ៉ាងណាមិញ មុនពេលត្រីឆ្លាមហែលចូលកាន់តែជិត លោក Kosicki ក៏លោតចូលទៅក្នុងទឹក ហើយចាប់ទាញក្មេងប្រុសបានយ៉ាងលឿន រួចផុតពីគ្រោះថ្នាក់។

ដោយឡែក ចំពោះត្រីឆ្លាមនោះជាប្រភេទអ្វី គេមិនបានដឹងឡើយ ព្រោះវាបានគេចខ្លួនបាត់ស្រមោលឈឺងភ្លាមៗតែម្ដង។ តែបើតាមកាសែត Brevard Time បានរាយការណ៍ថា ឆ្នេរ Cocoa ជាធម្មតាគេឧស្សាហ៍ឃើញត្រីឆ្លាមពូជ Bull, Small Spinner, Bonnethead និង Blacktip ជាដើម។

គួរឲ្យដឹងផងដែរថា ឆ្នេរសមុទ្រនៅរដ្ឋផ្លរីដា មានករណីវាយប្រហារដោយត្រីឆ្លាមច្រើនបំផុតនៅសហរដ្ឋអាមេរិក ជាពិសេសចន្លោះពីខែកក្កដា ដល់ខែតុលា (រដូវក្ដៅមនុស្សទៅលេងច្រើន)។ ជាក់ស្ដែង កាលពីឆ្នាំមុនមានចំនួន ២១ករណី តែពុំមានអ្នកស្លាប់ឡើយ ហើយករណីច្រើនបំផុតកើតឡើងក្នុងឆ្នាំ២០១៦ មានរហូតដល់ទៅ ៣២ករណី និងពុំមានអ្នកស្លាប់ដូចគ្នា៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ត្រីឆ្លាម
ក្មេងប្រុសរងគ្រោះ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ