រាជធានីភ្នំពេញ ៖ មានការកកស្ទះចរាចរណ៍អស់ រយៈពេលជិតមួយម៉ោងនៅលើផ្លូវ ចោមចៅដោយសារតែកាប៊ីនភ្លើងមួយ បានទុស្សេបង្កឱ្យមានការឆាបឆេះចេញជា អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងបានដាច់ខ្សែភ្លើងធ្លាក់ រាយប៉ាយមកលើដី ។ ហេតុការណ៍នេះធ្វើឱ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ ប្រជាពលរដ្ឋនាំគ្នាដងទឹកជះពន្លត់ ប៉ុន្តែមិនរលត់ រហូតដល់អាជ្ញាធរ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានយក រថយន្តពន្លត់អគ្គិភ័យទៅបាញ់ ទឹកពន្លត់ទើបរលត់ទាំងស្រុង ។

ការភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៣ មេសា នៅតាមបណ្តោយផ្លូវចោមចៅ ត្រង់ចំណុចមុខភោជនីយដ្ឋានតារាថ្នល់កោង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញកាប៊ីនភ្លើងខាង លើទុស្សេបែកផ្កាភ្លើង និងផ្ទុះលាន់ឮដូចផ្ទុះកំប៉ុងហ្គាសគួរឱ្យខ្លាច បន្ទាប់មកមិនយូរប៉ុន្មានក៏មានអណ្តាត ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងមានផ្សែងហុយចេញមក ក្រៅយ៉ាងខ្មួលខ្មាញ់តែម្តង ។

ខណៈនោះពួកគាត់មាន ការភ័យខ្លាចឆាបឆេះដល់ផ្ទះសម្បែង ក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែមិនអាចធ្វើឱ្យភ្លើងថមថយកម្លាំងនោះឡើយ ព្រោះការឆាបឆេះនោះមានកម្លាំង ខ្លាំងណាស់បណ្តាលឱ្យខូចខាត កាប៊ីនភ្លើង និងរលំបង្គោលភ្លើង១ដើមទៀតផង ។ លុះបន្តិចក្រោយមក អាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ ក៏ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ទើបភ្លើងរលត់ ។

ប្រភពដដែលបានបន្តថា ពេលនោះខ្សែកាបអគ្គិសនីជាច្រើនសរសៃ បានដាច់ធ្លាក់រាយប៉ាយមកលើដី មិនតែប៉ុណ្ណោះខ្សែដែលដាច់នោះក៏មានចរន្តភ្លើងដែរ ។ ដោយឃើញស្ថានភាពបែបនេះ យានយន្តគ្រប់ប្រភេទដែលកំពុងធ្វើដំណើរឆ្លងកាត់ ទីនោះបានឈប់ស្ងៀមមិនហ៊ានបន្ត ដំណើរទៅមុខឡើយ ព្រោះខ្លាចមានគ្រោះ  ថ្នាក់ ។ ការកកស្ទះចរាចរណ៍នៅលើកំណាត់ ផ្លូវនោះមានរយៈពេលជិត១មោ៉ង រហូតដល់រថយន្តពន្លត់អគ្គិភ័យបាញ់ ទឹកពន្លត់រលត់និងមានការបិទ ចរន្តអគ្គិសនីពីមន្ត្រីជំនាញខាងអគ្គិសនី ទើបយានយន្តទាំងនោះហ៊ានបន្ត ដំណើរឆ្លងកាត់ទីនោះ ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]