រាជធានីភ្នំពេញ ៖ ម៉ូតូអាយខន ពណ៌ក្រហមលាយស ជិះគ្នា២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ទៅទាក់ខ្សែកាបូបរបស់នារីម្នាក់ ក្នុងចំណោមពីរនាក់ដែលជិះម៉ូតូស្គូពី ពណ៌ទឹកក្រូចលាយស បណ្តាលឱ្យដួលម៉ូតូរលាត់ ដៃជើងទាំងអស់គ្នា ប៉ុន្តែស្ត្រីបើកម៉ូតូស្គូពី បានដួលបែកអេក្រង់ទូរស័ព្ទ អាយហ្វូនហ្វ័រអេស មួយគ្រឿង ទារសំណង៤៥០ដុល្លារ ពីភាគីជិះម៉ូតូអាយខន ។ គ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២៣ មេសា នៅមុខហាងថតរូប ថបម៉ូឌែល តាមមហាវិថីម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូអាយខន បើកបរដោយឈ្មោះវណ្ណី ជីវន្ត ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឌុបឈ្មោះផល ស្រីលក្ខណ៍ ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាម្ចាស់ម៉ូតូអាយខន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះតាមមហាវិថីម៉ៅសេទុង ពីជើងទៅត្បូង ។ ពេលមកដល់ចំណុចខាងលើ បានទាក់ខ្សែកាបូបនារីជិះម៉ូតូស្គូពី ពណ៌ទឹកក្រូចលាយស ជិះគ្នា២នាក់ បណ្តាលឱ្យដួលម៉ូតូទាំងពីរគ្រឿងរលាត់ដៃជើងទាំងអស់គ្នា និងខូចខាតម៉ូតូតិច  តួច ។ ស្ត្រីជិះបើកម៉ូតូស្គូពីឈ្មោះស្រីពេជ្រ អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងនារីអង្គុយពីក្រោយដែលគេ ទាក់ខ្សែកាបូបដួលនោះឈ្មោះអាលីន អាយុ២១ឆ្នាំ ។

ក្រោយពេលកើតហេតុ ស្ត្រីបើកម៉ូតូស្គូពី កាន់ទូរស័ព្ទអាយហ្វូនហ្វ័រអេស ដែលទិញក្នុងតម្លៃ៤៥០ដុល្លារ បានដួលបែកអេក្រង់ទូរស័ព្ទ ហើយបានទារសំណងពីភាគីអ្នកជិះម៉ូតូអាយខន៤៥០ដុល្លារ ចំណែកខាងម៉ូតូអាយខនបានប្រាប់ថា គេមិនយកទូរស័ព្ទនេះទេ ហើយយល់ព្រមសងប្រាក់២៥០ដុល្លារ ដើម្បីបញ្ចប់រឿង ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]