កំពង់ចាមៈ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានសហការ ជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយ លោក រៀល សុភិន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្តិការឆែកឆេរ និងឃាត់ខ្លួនជន ជាតិចិន២៦នាក់សង្ស័យពាក់ព័ន្ធការចាប់ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធើណេតក្នុងភូមិគ្រឹះ ដ៏ស្កឹមស្កៃមួយកន្លែង ក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣នេះ។

បើតាមមន្ត្រីកងរាជអាវុធហត្ថនៅកន្លែងកើតហេតុ បានឲ្យមជ្ឈមណ្ឌលព៏ត៌មានដើមអម្ពិលដឹងថា កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ បានចុះឡោមព័ទ្ធផ្ទះវីឡាមួយកន្លែងនោះ តាំងពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ រហូតដល់ពេល រសៀល បានឃាត់ខ្លួនជនជាតិចិន ២៦នាក់ ស្រី ៦នាក់ និងរឹបអូសវត្ថុតាងបានមួយចំនួនធំ យកទៅរក្សាទុកនៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងទៅតាមនីតិវិធី។

លោក រៀល សុភិន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានឲ្យដឹងដែរថា មកដល់ម៉ោង៨យប់ថ្ងៃដដែលនេះ កម្លាំង សមត្ថកិច្ចនៅបន្តឆែកឆេរនៅឡើយ។

លោកបន្តថា ចំពោះជនជាតិចិនទាំង២៦នាក់ ដែលបានឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចបន្តសាកសួរនៅកន្លែងកើត ហេតុ ដើម្បីស្រាវជ្រាវបន្តទាក់ទិនទៅនិងបទល្មើសខាងលើ៕







ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]