ស្ទឹងត្រែង៖ ចៅក្រមនៃ សាលាដំបូង ខេត្តស្ទឹងត្រែង កាលពី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ បានសម្រេចឃុំខ្លួន ស្រ្តីជនជាតិ វៀតណាមម្នាក់ ពីបទយកឡាម អារលិង្គប្តី របស់ខ្លួន ដោយសារតែខឹងលួចមានស្រីក្រៅផ្ទះ។

សមត្ថកិច្ច ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ស្រ្តីជនជាតិវៀតណាម ប្រាក់ សុគន្ធា ហៅ យ៉ាវ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោយពីស្រ្តីរូបនេះបាន យកឡាមអារលិង្គប្តីរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ។

បើតាមសមត្ថកិច្ច នៅថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ អ៊ុំ វុទ្ធី អាយុជាង៤០ឆ្នាំ ត្រូវបានស្រ្តីជាភរិយា ហៅចូលបន្ទប់ ដើម្បីចង់រួមភេទ ហើយនៅពេលនោះ ទំនងប្រដាប់ភេទ របស់ប្តី មិនឡើង ជាហេតុនាំឲ្យប្រពន្ធ ខឹងហើយចោទថា ប្តីរូបនេះទំនងមាន ស្រីក្រៅផ្ទះ ហើយទើបនឹងរួមភេទ ស្រាប់តែយកឡាម មកអារប្រដាប់ភេទប្តី បណ្តាលឲ្យ រងរបួសធ្ងន់ ស្ទើរដាច់ជាពីរ។

ក្រោយមាន ករណីនេះកើតហេតុ បុរសជាប្តី បានប្តឹងសមត្ថកិច្ច ហើយក៏សមត្ថកិច្ច ឈានទៅឃាត់ខ្លួនស្រ្តីរូបនេះតែម្តង។ យ៉ាងណាក៏ដោយ ក្រោយចាប់ខ្លួនស្រ្តី ជាប្រពន្ធ បុរសជាប្តី ទំនង មានចិត្តអាណិត អាសូរ ក៏សុំឲ្យសមត្ថកិច្ច ដោះលែងវិញ ប៉ុន្តែតាមច្បាប់ ស្រ្តីជាភរិយា ត្រូវបានតុលាការ សម្រេចឃុំខ្លួនរង់ចាំ ការបើកសវនាការ នៅពេលក្រោយ។

ជាមួយគ្នានេះ បើតាមប្រភព័ត៌មាន មួយចំនួន កាលពីពេលកន្លងទៅ ស្រ្តីជាភរិយារូបនេះ ធ្លាប់លួចមាន សាហាយស្មន់ផងដែរ ប៉ុន្តែក្រោយមក មានការត្រូវរ៉ូវ គ្នាវិញទើបតែពេលនេះស្រ្តី ជាភរិយាចោទថា ប្តីមានស្រីថ្មីវិញម្តង៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]