កំពតៈ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងខេត្តកំពត ដឹកនាំដោយព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពត លោក ខាន់ សុផល បានចុះឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនជាតិបែលហ្សិក ស្ថិតនៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់ កំពង់បាយ ក្រុង-ខេត្តកំពត រកនូវវត្ថុតាងមួយចំនួន ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម លើស្រ្តីជនជាតិ បារាំងម្នាក់នៅក្នុងខេត្តកំពត កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅនេះ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ សពស្រ្តីជនជាតិបារាំងម្នាក់ អាយុ ២៥ឆ្នាំ ត្រូវបានគេបានប្រទះឃើញ ទាំងអាក្រាតកាយនៅក្នុងភូមិអង្គ សង្កាត់ស្រែកោះ ក្រុងកំពត ខេត្តកំពត។

បន្ទាប់ពីការប្រទះឃើញសពស្រ្តីជនជាតិបារាំងរូបនេះ កម្លាំងសមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាករណីរំលោភសម្លាប់ ហើយកម្លាំងសមត្ថកិច្ច ក៏បានបើកការស៊ើប អង្កេតជាបន្តបន្ទាប់ និងបានឃាត់ខ្លួនជនសង្ស័យ មួយចំនួនទៅសាកសួរផងដែរ តែមិនទាន់រកឃើញមុខឃាតកនៅឡើយនោះទេ។

ក្រោយពេលកើតហេតុជាង២ខែ រហូតដល់រសៀលថ្ងៃទី២៤ ខែមេសា កម្លាំងនគរបាលក្រសួងមហាផ្ទៃដឹកនាំ ដោយលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួនជនជាតិបែលហ្សិក ស្ថិតក្នុងផ្ទះជួលយីហោ អូលីជេលេស ក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត និងកំពុងស្រាវជ្រាវរកវត្ថុតាងមួយចំនួន ដែលសង្ស័យជាប់ពាក់ព័ន្ធ  ករណីឃាតកម្មលើស្រ្តីជនជាតិបារាំងខាងលើនេះ។

ជនជាតិបែលហ្សិកដែលសមត្ថកិច្ចឃាត់ខ្លួន និងកំពុងបើកការស៊ើបអង្កេតនេះ មាន ឈ្មោះ អូលីវើ អាយុ ៤០ឆ្នាំ ស្នាក់នៅលើទឹកដីខេត្តកំពតអស់ រយៈពេលជាច្រើនឆ្នាំមកហើយ។

ការស៊ើបអង្កេតមិនទាន់ចេញលទ្ធផលយ៉ាងណានៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចជំនាញរួម មានកម្លាំងសមត្ថ កិច្ចមកពីប្រទេសបារាំងចូលរួមផងដែរនោះ កំពុងតែសាកសួរព័ត៌មានបន្ថែមទៀត៕






ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]