ឧត្តរមានជ័យៈ មេបញ្ជាការ កងរាជអាវុធហត្ថ (អ.ហ) ស្រុកត្រពាំងប្រាសាទ លោក លី ដារិទ្ធ បានបដិសេធ ចំពោះការចោទប្រកាន់ថា កូនចៅរបស់ខ្លួន បានឃាត់នារីពោះធំម្នាក់ ដែលជាជនរងគ្រោះ មិនព្រមឲ្យត្រឡប់ ទៅផ្ទះ ក្នុងបំណងទារប្រាក់ធានា ប៉ុន្តផ្ទុយទៅវិញ នារីនោះមិនព្រមត្រឡប់ ទៅផ្ទះដោយខ្លួនឯង ហើយបង្ខំឲ្យ សមត្ថកិច្ច ដោះលែងបងប្រុស របស់ខ្លួនដែលជាជន ជាប់ចោទទៅវិញ។

លោក លី ដារិទ្ធ ក៏បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៦ មានករណីចោទប្រកាន់ថា កម្លាំង អ.ហ របស់លោក បាន ឃាត់ខ្លួនជនរងគ្រោះ ដោយអយុត្តិធម៌ ក្នុងជម្លោះហិង្សាមួយ ជាមួយទាហានមួយក្រុម ដែលមិនព្រមឲ្យ លុយ ថៅកែហាង បន្ទាប់ពីផឹកស៊ីរួច ។

មេបញ្ជាការកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ទៀតថា ស្រ្តីពោះធំនោះមិនមែន ជាជនរងគ្រោះ ទេ ប៉ុន្តែបែរជាពាក់ព័ន្ធ ក្នុងរឿង ប្រើហិង្សាវាយសមត្ថកិច្ច និងបំពានយកម៉ូតូ គេដោយខុសច្បាប់ ទៅវិញ។ នៅ ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនស្រ្តីពោះធំរូបនេះ រួមនិងបងប្រុស ម្នាក់ទៀត ឈ្មោះ លីម ម៉េងឈៀង ដោយចោទប្រកាន់ថា បានប្រើហិង្សាវាយ ទៅលើកម្លាំងមន្រ្តី កងរាជអាវុធហត្ថពេល ចុះបំពេញ ការ ងារ រួមទាំងបានបំពាន យកម៉ូតូគេ ដោយខុសច្បាប់ ។ នៅល្ងាចថ្ងៃកើតហេតុ ក្រោយសាកសួរ កម្លាំងសមត្ថកិច្ច បានឲ្យស្រ្តី រូបនោះត្រឡប់ មកផ្ទះវិញ ប៉ុន្តែគាត់មិនព្រមត្រឡប់ទេ ហើយទារដេកនៅកន្លែងអ.ហ ដោយនិយាយ ថា ទាល់តែដោះលែង បងប្រុសខ្លួនទើប ព្រមត្រឡប់មកផ្ទះ ។

លោក លី ដារិទ្ធ បានបន្តទៀតថា សមត្ថកិច្ចមិនអាចអនុញ្ញាត្ត ឲ្យបងប្រុសគាត់ត្រឡប់ មកផ្ទះទេ ព្រោះលោក លីម ម៉េងហៀង គឺជាជនជាប់ចោទ បានប្រព្រឹត្តបទល្មើសពីរ ទី១ ប្រើហិង្សាវាយមក លើអាជ្ញាធរសាធារណៈ និងទី២ បានបំពាកយកម៉ូតូគេ ដោយខុសច្បាប់។

លោក បញ្ជាក់បន្ថែមទៀតថា ស្រ្តីរូននោះ នូវតែទាមទារដេក នៅកន្លែង សមត្ថកិច្ច បើទោះបីជា សាច់ញាតិបាន មក ធានាហើយក៏ដោយ គាត់នៅតែរឹងទទឹង ទាមទារឲ្យដោះលែង បងប្រុសរបស់ខ្លួន ដែលបានប្រព្រឹត្តិខុស ច្បាប់ ហើយរឿងមួយទៀតស្រ្តីរូបនេះ បានចោទសមត្ថកិច្ចថា បានវាយដំខ្លួន ប៉ុន្តែក្រោយ ពីពិនិត្យសុខភាពនៅ មន្ទីរពេទ្យបង្អែក គ្រូពេទ្យបានបញ្ជាក់ថា ពុំមានការវាយដំនោះទេ ហើយកូននៅក្នុងពោះ បែរជាមានសុខភាព ល្អទៅវិញ។

លោក លី ដារិទ្ធ ក៏បានប្រាប់ទៀតថា ចំពោះការចោទថា មេបញ្ជាការរង របស់លោក បានប្រើអំណាច បំពានច្បាប់ នោះ ក៏គ្មានដែរ លោក ប៊ុត វុធ នោះមិនមែនមេបញ្ជាការរងទេ គាត់គ្រាន់តែជាជំនួយការ មេបញ្ជាការរងប៉ុណ្ណោះ ។ ជាមួយគ្នានោះ លោក ក៏បានរៀបរាប់ដំណើររឿងថា នៅថ្ងៃជម្លោះជាមួយ ទាហាននោះ នារីពោះធំ ដែរជាម្ចាស់ ហាង បានរួមគ្នាជាមួយប្តី និងបងប្រុស ដកហូតសោ និងរឹបអូសម៉ូតូ របស់ទាហានដែលចូល ផឹកស៊ីទុក ។ បន្ទាប់ មកក្រុម ដែលស្លៀកស៊ីវិល បានរត់ទៅហៅ ទាហាន៣ ទៅ៤នាក់ ដែលកំពុងការពារនៅ មុខវត្តឲ្យមកជួយ អន្តរាគមន៍ រឿងរឹងអូសម៉ូតូ ដោយឃើញសភាពនេះ ម្ចាស់ហាងក៏បានទូរស័ព្ទ ហៅអ.ហ មកជួយអន្តរាគមន៍ ពេល មកដល់ ដឹងសាច់រឿងមន្រ្តីអ.ហ ក៏បានសួររកម៉ូតូដែល ក្រុមម្ចាស់ហាងបាន រឹបអូសទុក ភ្លាមនោះនារីពោះ ធំ ដែលជាម្ចាស់ហាងស្តីមឲ្យន្រ្តី អ.ហ ថា “ខ្ញុំហៅមកឲ្យចាប់ ទាហានដែលផឹកស៊ី មិនព្រមឲ្យលុយ មិនមែនឲ្យ មកសួរនំា រឿងម៉ូតូនោះទេ”។ មួយសន្ទុះក្រោយមកក៏មានជម្លោះ ប្រតាយប្រតប់គ្នា ប្តី និងបងប្រុសនារី ពោះធំ នោះ បានប្រើហិង្សាវាយមក លើកម្លាំងអ.ហ ឯខាងអ.ហ គ្រាន់តែការពារខ្លួន ប៉ុណ្ណោះ ឯនារីពោះធំនោះ ក៏បានខំា មកលើ កម្លាំងអ.ហ ផងដែរ។

ដោយឡែកចំពោះរឿងកម្លាំងអ.ហ បានប្រើហិង្សាវាយទៅលើ អ្នកកាសែត រួមទាំងបោក ម៉ាស៊ីនថត របស់អ្នក កាសែតនោះ លោក លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ មិនអាចបញ្ជាក់ ច្បាស់លាស់ បានទេ ព្រោះលោកពុំស្ថិតនៅក្នុង ហេតុការណ៍នោះ ម្យ៉ាងទៀត ពេលកើតហេតុគឺវាងងឹត ប៉ុន្តែតាមការឲ្យ ដឹង ពីមន្រ្តី ក្រោមឱវាទរបស់លោក បានឆ្លើយថា ពុំមានរឿងនេះ កើតឡើងនោះទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ មានសេចក្តីរាយការណ៍ ពីស្រុកត្រពាំងប្រាសាទមួយ ថា មេ បញ្ជាការរង កងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ បានប្រើអំណាច យ៉ាងទទឹងទិស មិនចាប់អ្នកប្រព្រឹត្ត ប៉ុន្តែ បែរជាចាប់ ជនរងគ្រោះ ដែលស្ត្រីមានផ្ទៃពោះ ម្នាក់ឃាត់ខ្លួន ហើយថែមទាំង បោកម៉ាស៊ីនថត និងវាយដំទៅលើ អ្នកកាសែត ទៀតផង។ ក្នុងនោះអ្នកភូមិបាននិយាយថា ស្ត្រីពោះធំ៨ខែ ម្ចាស់ហាងម្នាក់ត្រូវ បានឃាត់ខ្លួន នៅ មិនទាន់ដោះលែង នៅឡើយទេ មន្ត្រីកងរាជអាវុធហត្ថ តម្រូវឱ្យបង់ប្រាក់ធានា ឯអ្នកកាសែត ម្នាក់រងនូវការ វាយដំ ជាច្រើនដៃ ហើយម៉ាស៊ីនថត និងទូរស័ព្ទ ត្រូវបានបោកកម្ទេចចោល ដោយស្នាដៃ មេបញ្ជាការរង កងរាជ អាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ឈ្មោះលោក ប៊ុន វុធ។

អ្នកភូមិបានរៀបរាប់ដំណើររឿងថា នៅម៉ោងប្រមាណ៤ និង៤៥ នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ មានរឿង ជម្លោះក្នុងហាង ផឹកស៊ីមួយ បង្កឡើង ដោយទាហានមួយក្រុម ផឹកស៊ីមិនព្រមឱ្យលុយ រួចលើកកាំភ្លើង ច្រងេង ច្រងាង ភ្លាមនោះអ្នកកាសែតម្នាក់ ក៏បានចុះទៅសម្របសម្រួលបញ្ហា ។ អ្នកភូមិបានរៀបរាប់ ទៀតថា ក្រោយការ សម្របសម្រួល ភាគីទាំងពីរ ក៏បានបំបែកគ្នា ដោយក្រុម ទាហានត្រឡប់ទៅវិញអស់ ហើយមួយសន្ទុះក្រោយ មកកម្លាំងអ.ហ ៣នាក់ បានមកដល់ បានសួរនាំ បុរសម្នាក់ថា មានរឿងអី លោកឯងជានរណា។ បុរសនោះក៏ បានឆ្លើយថា គាត់ជាអ្នកកាសែត។ ភ្លាម នោះ អ.ហ ក៏បានវាយគាត់១ដៃចាំមុខ ដួលអុកគូថ ហើយបានទូរស័ព្ទដៃ លុបរូបភាពដែល បានថត ថែមទាំងបោកម៉ាស៊ីនថត អ្នកកាសែតថែមទៀត។ រឿងដែលសំខាន់មួយ ទៀត កម្លាំង អ.ហ ទាំងនោះមិនបានចាប់ អ្នកបង្ករឿងដែលក្រុម ទាហានផឹកស៊ី មិនចង់ឲ្យលុយម្ចាស់ហាង ប៉ុន្តែបែរជា ចាប់ ម្ចាស់ ហាងម្នាក់ ដែលមានផ្ទៃពោះ៨ខែ យកទៅកន្លែង ដោយបញ្ជាក់ថា បើអ្នកណាចង់ឲ្យត្រឡប់ ទៅវិញ ទាល់តែយកប្រាក់ទៅធានា ៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]