ខេត្ត​ស្វាយ​រៀង​ ៖ ​ស្ត្រី​​ម្នាក់​​​​ត្រូវ​ភ្លើង​​​​​សាំង​ឆាប​ឆេះ​​រលាក​រលួយ​​ពេញ​​​ខ្លួន​​​​ដោយសារ​​​​យក​ប៊ីដុង​​​សាំងទៅ​ចាក់​​​​ផ្ទេរ​ចូល​ដប​​​ក្បែរ​​​​ចង្ក្រាន​​​បាយ​បណ្តាល​ឱ្យ​ផ្ទុះ​​ឆាប​ឆេះ​​ផ្ទះ​​អស់​​​​សល់​​តែផេះ និង​ឆេះ​​​​ខ្លួន​ប្រាណ​​រលាក​​​​រលួយ​​ស្ទើរ​​តែស្លាប់​ ។​​​​ ហេតុការណ៍​​​​នេះ​​បាន​កើត​ឡើង​​​​​កាល​ពី​ថ្ងៃទី​​២៩ ​មីនា​ វេលា​ម៉ោង​​៩​ព្រឹក​នៅភូមិ​​​ត្រពាំង​​រំដេញ​ ឃុំ​​​​ត្រពាំង​​ស្តៅ ​ស្រុក​​រមាសហែក​ ។​​​

តាម​​បុរសជា​ប្តី​​​ឈ្មោះ​ស្រី ​សារ៉ុន អាយុ​​៣៥​ឆ្នាំ​ ​បាន​ប្រាប់​កោះ​​សន្តិភាព​ថា  ​ប្រពន្ធគាត់​​​ដែល​ជា​ស្ត្រី​រងគ្រោះ​​ឈ្មោះ​យិន ​ថន ​អាយុ​២៩​ឆ្នាំ​ មាន​​​​កូន​​៣នាក់​ ។  ​មុនពេល​​​កើត​ហេតុ​​រូបគាត់​​​​​ជា​ប្តី​​កំពុង​​​ធ្វើ​អណ្តូង​ស្នប់​​​​នៅ​ខាងក្រោយ​​ផ្ទះ​ រីឯ​​  កូនៗទាំង​បី​​នាក់​​​ក៏​នៅ​ទីនោះ​​​​ដែរ ចំណែក​​ប្រពន្ធ​​របស់​គាត់​​​បានទៅ​​ទិញ​សាំង​​ចំនួន​​៣លីត្រ​​ដើម្បី​​​យក​មក​​​ចាក់​​​​ម៉ាស៊ីន​​បូមទឹក​​​ដាក់​ស្រូវ​​ប្រាំង​​ ដោយ​​​​​​​ដាក់​ក្នុង​ប៊ីដុង​សាំង​ចំណុះ​​​៥​លីត្រ​​របស់​​អ្នក​​លក់​សាំង​មក​ផង​ ។ ពេល​មក​ដល់​​ផ្ទះ​​​ក៏​​​ផ្ទេរសាំង​ពី​​​​ប៊ីដុង​​​ចាក់​ចូល​​​​ក្នុង​​ដប​​​ក្បែរ​​ចង្ក្រាន​​​​​ដែល​កំពុង​​ដាំ​បាយ​​ចម្ងាយ​​​ប្រមាណ​​ជាមួយ​ម៉ែត្រ​​ ភ្លាម​​​នោះ​​អណ្តា​ភ្លើង​​​​ក្នុង​ចង្ក្រាន​​​​​ក៏ឆា​​​ប​ឆេះ​​​សាំង​ក្នុង​​ប៊ីដុង​​បណ្តាល​ឱ្យ​​ផ្ទុះ​ស្រោចពេញខ្លួន​​​ហើយ​ស្ត្រី​​រង​គ្រោះ​​ខំលូន​​​ចេញ​​ពី​ផ្ទះ​​បាយ​​​មក​ក្រៅ​ទើប​​រូប​គាត់​​ជា​ប្តី​ឃើញ​​ភ្លើង​​កំពុងតែ​ឆេះ​ប្រពន្ធ​​​​យ៉ាង​ខ្លាំង​​​ក៏​ប្រញាប់​ប្រញាល់​​​ចូល​យកភួយ​​​ជ្រលក់​​​ទឹក​​រួចយក​​ទៅគ្រប​​លើ​ប្រពន្ធ​​​ដើម្បី​​​ពន្លត់​តែភ្លើង​​មិន​ទាន់​​រលត់​​ភ្លាមទេ​ ។​

ចំណែក​​កូនៗ​ស្រែកទ្រហោ​យំ​​លាន់​ឮ​​ទ្រហឹង​និង​​​​​​ស្រែក​​ហៅ​​​អ្នក​ជិតខាង​​​ឱ្យ​មក​​ជួយ​​ដោយ​​​​នាំគ្នា​​​​​យក​​សារុង​​​​មកជ្រលក់​​ទឹក​​ហើយ​​​យក​ទៅ​ដាក់​​​​លើ​ខ្លួន​​​​ទើប​​​រលត់ ។​ ​ប្រពន្ធ​​បាន​​​​សន្លប់​​​ស្តូក​ស្តឹង រីឯផ្ទះ​​ក៏​ឆាប​ឆេះ​ពេញ​​បន្ទុក​​ដោយ​​សារ​​  ម្នាក់ៗ​​ព្យាយាម​​​​ជួយ​​​ពន្លត់​​​ភ្លើង​ដែល​​ឆេះ​មនុស្ស​​ទម្រាំ​រក​​​​ធុងទឹក​​​បាន ម្យ៉ាង​​ខែប្រាំង​​ខ្សត់​​ទឹក​​​ទម្រាំ​សប់​ពី​អណ្តូង​​​ស្នប់​​បាន​យកមក​ជះ​ពន្លត់​​​ក៏ភ្លើង​ឆេះ​​​ពេញ​​​បន្ទុក​ទៅ​ហើយ​ ។ ​​ផ្ទះ​​ដែល​ក្លាយ​ជា​​ចំណី​ភ្លើង​មាន​ទទឹង៤​ម៉ែត្រ​គុណ​៥ម៉ែត្រ​ផ្ទះ​តៀម​​​សង់ពី​ឈើ​ ដំបូល​ស័ង្កសី​ជញ្ជាំង​ស្លឹក​ត្នោត​ រនាប​​ឫស្សី​ ​រួម​ទាំង​​​​​ទ្រព្យ​​​​ធន​ស្រូវ​អង្ករ​សម្លៀក​បំពាក់​​​​ មុង​កន្ទេល​​​ ខ្នើយ​ចាន ឆ្នាំង ​​តុ ទូ ក៏​ត្រូវ​អគ្គិភ័យ​ឆេះ​អស់​គ្មាន​សល់​​ ។ រីឯ​​ជន​រងគ្រោះត្រូវ​បាន​​​បញ្ជូន​​ទៅ​​​​មន្ទីរពេទ្យ​ស្រុក​​រមាស​ហែកតែ​ដោយ​​​ស្ថាន​ភាព​​​​រលាក​​ធ្ងន់​ធ្ងរ​​ទើប​បញ្ជូន​​​មក​​មន្ទី​រ​ពេទ្យ​ខេត្ត​ដើម្បី​​​សង្គ្រោះ​បន្ត​ ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]