ចិន៖ បុរសម្នាក់មានឈ្មោះថា Chen Haignag អាយុ៥០ឆ្នាំ រស់នៅខេត្ដសានស៊ី ប្រទេសចិន បានធ្វើលំហាត់ប្រាណដោយប្រើដៃជើងរបស់គាត់សម្រាប់ដើរ និងឡើងដើមឈើដូចសត្វស្វាអស់រយៈពេលប្រហែល៣០ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Chen គឺជាអ្នកចូលចិត្ដហាត់ប្រាណម្នាក់ ហើយសព្វថ្ងៃលោកកំពុងទទួលបានការចាប់អារម្មណ៍ តាមរយៈទម្លាប់ហាត់ប្រាណដ៏ចម្លែករបស់លោក ដោយលោកបានប្រើប្រាស់ដៃជើងទាំងគូ សម្រាប់បោះជំហាន និងឱនខ្នង ហើយថែមទាំងគ្រវីគូទថែមទៀតផង លើសពីនេះលោកក៏អាចតោងឡើងដើមឈើដូចជាសត្វស្វាផងដែរ។
ជុំវិញទម្លាប់ហាត់ប្រាណបែបនេះដែរ លោក Chen បានប្រាប់សារព័ត៌មាន Peer Video ថា៖
ខ្ញុំបានចាប់ផ្ដើមហាត់ប្រាណរបៀបនេះ នៅពេលខ្ញុំមានអាយុប្រហែល ២០ឆ្នាំ។ ខ្ញុំតែងតែមើលសត្វស្វានៅសួនសត្វ ទាំងដែលខ្ញុំគិតថាវាពិតជាសប្បាយណាស់ ហើយខ្ញុំក៏ចាប់ផ្ដើមធ្វើត្រាប់តាមតែម្ដង។
លោកបន្ថែមថា៖
ខ្ញុំធ្លាប់មានបញ្ហាសុខភាពបន្ដិចបន្ដួច កាលនៅជាកសិករធ្វើការនៅជនបទ ប៉ុន្ដែចាប់តាំងពីខ្ញុំផ្លាស់មកធ្វើការនៅទីក្រុង ខ្ញុំបានចំណាយពេលទំនេរ ដើម្បីធ្វើលំហាត់ប្រាណដូចស្វាដើរ បែបនេះ។ ខ្ញុំអាចនិយាយបានថា ខ្ញុំមិនដែលទៅជួបពេទ្យឡើយ។
យ៉ាងណាមិញ មានមនុស្សជាច្រើនបានមករកលោក Chen ដើម្បីសួរនាំអំពីលំហាត់ប្រាណប្លែកៗបែបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្ដែពួកគេភាគច្រើនមានការខ្មាសអៀនក្នុងការធ្វើវានៅតាមទីសាធារណៈ។ ហើយទោះបីវាជារបៀបហាត់នេះ គួរឲ្យខ្មាសយ៉ាងណាក៏ដោយ តែវាជាកីឡាដ៏អស្ចារ្យសម្រាប់លោកផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖


