កណ្តាល ៖ ភ្ញៀវកិត្តិយល ដែលកំពុងបរិភោគអាហារ ក្នុងពិធីមង្គលការ ពោរពេញដោយក្តីសប្បាយនោះ បែរជាត្រូវបានបែកគ្នា រត់បាតជើងសរព្រាត ដោយសារតែបុរសម្នាក់ ជាយោធា ខឹងគេមិនរាំជាមួយ ដកកាំភ្លើងបាញ់ ផ្អើលរោងការ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ ២០១២ វេលាម៉ោង ១៩ និង១៥នាទី នៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យអ្នករងរបួសចំនួន ៣នាក់ ។

តាមសមត្ថកិច្ច ខេត្តកណ្តាល បានឲ្យដឹងថា បុរសជាមន្ត្រីយោធាម្នាក់ ដកកាំភ្លើងបាញ់ផ្អើលរោងការ ព្រោះតែសុរាចូលខ្លួននោះ ឈ្មោះ ឌៀប វ៉ឹក ភេទប្រុស អាយុ ៤៨ឆ្នាំ ស្រុកកំណើត ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ហើយនៅថ្ងៃកើតហេតុ ជនសង្ស័យបានទៅស៊ីការ នៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ហើយក៏បានសុំក្មួយស្រី កូនក្រមុំឡើងរាំ។ លុះរាំបានពាក់កណ្តាលបទ ដោយសារខាងស្រីអៀនពេកក៏សុំឈប់មុន ពេលនោះមន្រ្តីយោធាចិត្តស្លុយរូបនេះ បានផ្ទុះកំហឹង ហើយក៏ដកកាំភ្លើងបាញ់បណ្តាលឲ្យភ្ញៀវចូលរួមក្នុងពិធីរងរបួស៣នាក់ រួចហើយរត់ចូលរថយន្ត បើកគេចខ្លួនយ៉ាងលឿន សំដៅចូលមករាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១០ ត្រើយខាងកើតទន្លេបាសាក់ តែត្រូវកម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបាននៅចំណុចព្រែកប្រា ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលបើករត់គេចនោះ គឺបានបើកបុកបារ៉ាស់ របស់សមត្ថកិច្ច រួមនឹងបុករថយន្តអ្នកដំណើរផងដែរ ។ ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះទី ១- ឈ្មោះ ស៊ុន សែតណារី ភេទស្រី អាយុ ៤៨ឆ្នាំ (រងរបួសកដៃស្តាំ និងកំភួនដៃស្តាំ) ទី២-ឈ្មោះ សែត ស៊ុយ ភេទប្រុស អាយុ ៥១ឆ្នាំ (របួសដៃខាងស្តាំ) និងទី៣- ឈ្មោះ ហូ សុភី ភេទស្រី អាយុ ២៨ឆ្នាំ របួសដើមភ្លៅស្តាំ ។

តាមសមត្ថកិច្ចបានឲ្យដឹងបន្ថែមនាព្រឹកថ្ងៃទី៧ មករា នេះ នៅទីស្នាក់ការ ស្នងការនគរបាលខេត្តកណ្តាលថា កាតសម្គាល់ខ្លួន និងបណ្ណផ្សេងៗ ដែលជនសង្ស័យ ប្រើប្រាស់នោះ គឺជារបស់ក្លែងក្លាយទាំងអស់ ។ សមត្ថកិច្ចបានបញ្ជាក់ថា ព្រះរាជអាជ្ញាបានចោទជនសង្ស័យចំនួន៣ចំណុច ទី១ ប្រើប្រាស់អាវុធខុសច្បាប់ ទី២ ក្លែងក្លាយលិខិតសាធារណៈ ទី៣ ប៉ុនប៉ងមនុស្សឃាត និងបញ្ជូនជនសង្ស័យទៅតុលាការនៅរសៀលថ្ងៃទី ៧ មករា នេះតែម្តង៕

ដកស្រង់ចេញពី គេហទំព័រ ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]