ដឹងហើយថាខ្នុរជាផ្លែឈើមួយប្រភេទ ដែលពេញនិយមនៅកម្ពុជាយើង។ នេះក៏ដោយសារតែខ្នុរមានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនក្រអូបគួរឱ្យចង់ញ៉ាំទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ សាច់ខ្នុរសម្បូរទៅដោយសារធាតុចិញ្ចឹមល្អ ដែលមានប្រយោជន៍ទៅដល់សុខភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាច់ខ្នុរផ្ទុកដោយសមាសធាតុល្អៗ ជាច្រើន ដូចជា កាល់ស្យូម ម៉ាញ៉េស្យូមសម្រាប់ការពារធ្មេញ និងឆ្អឹង និងមានជាតិដែកសម្រាប់ការផលិតគ្រាប់ឈាមក្រហម ព្រមទាំងជាតិទង់ដែងជួយរក្សាតុល្យភាពនៃការផលិតអ័រម៉ូន ព្រមទាំងជួយបន្ថយអាការៈអន្ទះអន្ទែងផងដែរ។
ក្រៅពីនេះផ្លែខ្នុរក៏មានជាតិកាកសរសៃ Fiber ដែលពិសេសជួយទៅដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានល្អ។ ចំណែកឯសារធាតុព័ណ៌លឿងស្រស់របស់សាច់ខ្នុរ ដើរតួជាសារធាតុអុកស៊ីតកម្មជួយការពារកោសិកា និងប្រឆាំងទៅនឹងជំងឺមហារីក។ ពិសេសទៅទៀតនោះគឺជួយពន្យារភាពចាស់ទៀតផង។
បន្ថែមពីនេះដែរ ផ្លែខ្នុរមានផ្ទុកវីតាមីនសំខាន់ៗជាច្រើនទៀត ដូចជា វីតាមីន C ដែលជួយការពារប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺ និងមានសារសំខាន់ជួយរក្សាស្បែក ធ្មេញ និងឆ្អឹង ម្យ៉ាងទៀតក៏មានផ្ទុកវីតាមីន A ដែលជាជំនួយដល់ភ្នែកផងដែរ។
ក្រៅពីអ្វដែលបានរៀបរាប់ខាងលើ សាច់ខ្នុរមានសារធាតុកាបូនអ៊ីដ្រាត និងជាតិស្ករដែលជួយឱ្យយើងមានកម្លាំង ហើយពិសេសជួយឱ្យដំណើរឈាមរត់ស្រួល។ មួយវិញទៀតផ្លែខ្នុរក៏ផ្ទុកជាតិប៉ូតាស្យូម ដែលអាចជួយរក្សាសំពាធឈាមឱ្យមានតុល្យភាព និងបង្ការហានិភ័យជំងឺដាច់សរសៃឈាមក្នុងខួរក្បាលផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet