សមាគមពាណិជ្ជកម្មជប៉ុនជឿជាក់ថា កម្ពុជានៅតែជាគោលដៅវិនិយោគ និងទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់

//s5.kh1.co/47/4772a406fef5349483d0ce88e40d3311a1ebbf3a.jpg
Khmerhome

 ០៨-កក្កដា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=418,q=100/b6/b65e6bfb075bb2a035fca3f6a11bafcf16da770e.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ សមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា (JBAC) ដែលមានក្រុមហ៊ុនជាសមាជិកចំនួន ២៧០ក្រុមហ៊ុនស្ថិតក្នុងដៃនោះ កំពុងតែសម្លឹងរកមើលទីតាំងមួយចំនួននៅប្រទេសកម្ពុជា ដើម្បីបង្កើនការវិនិយោគលើវិស័យទេសចរណ៍ ដោយពួកគេជឿជាក់ថា កម្ពុជានៅតែជាគោលដៅវិនិយោគ និងទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។ ជំនួបពិភាក្សាការងាររវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូវិនិយោគិនជប៉ុន ដែលដឹកនាំដោយ លោក ខាន់ដា យ៉ូហ្គោ (KANDA Yogo) ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសាជីវកម្មមីតស៊ុយប៊ីស្សី (Mitsubishi Corporation) កាលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

https://s5.kh1.co/__image/w=650,h=434,q=100/16/16c32d1b46169c9ba52cc7774f4f6a18af520c1e.jpg

លោក ថោង ខុន បានបង្ហាញពីសភាពការណ៍ថ្មីៗ ក៏ដូចជាការវិវត្តនៃវិស័យទេសចរណ៍កម្ពុជា អំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩។ លោក បានលើកឡើងឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ កម្ពុជាទទួលបានកំណើនទេសចរក្នុងស្រុកច្រើនឡើងៗ ខណៈការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមុខព្រួញនៃប្រតិបត្តិការទេសចរណ៍ ក៏កំពុងយកចិត្តទុកដាក់ខ្ពស់នៅទូទាំងប្រទេស។

 ពិសេសនៅតាមមូលដ្ឋានអាជីវកម្មសំខាន់ៗចំនួន ៦ រួមមាន៖ រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍, មូលដ្ឋានអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក, មូលដ្ឋានអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក, មូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍, មូលដ្ឋានសេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋាន។ ជាការបន្ថែម របស់ លោក រដ្ឋមន្រ្តី។

https://s5.kh1.co/__image/w=650,h=434,q=100/c9/c90e02a6816a514e2a7b3bc36652c7ab2265ab66.jpg

លោក ថោង ខុន បានបញ្ជាក់ប្រាប់ប្រតិភូសមាគមពាណិជ្ជកម្មជប៉ុន អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប, មណ្ឌលគិរីនៃភូមិភាគឦសាន និងកែប ជាគោលដៅការអភិវឌ្ឍន៍សេសដ្ឋកិច្ចពហុបំណងនៅក្រុងព្រះសីហនុ នៃតំបន់ឆ្នេរសមុទ្រភូមិភាគនិរតី។ លោក បញ្ជាក់ តំបន់សំខាន់ទាំងបីខាងលើនេះ ចាំបាច់ត្រូវការអ្នកវិនិយោគអន្តរជាតិជាច្រើនក្នុងការបណ្ដាក់ទុកវិនិយោគ និងជួយអភិវឌ្ឍន៍បង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពទាក់ទាញ។ ដូច្នេះវាក៏ជាឱកាសដ៏ល្អបំផុតសម្រាប់សមាជិករបស់ JBAC ក្នុងការបង្កើនការវិនិយោគ និងទេសចរណ៍នៅកម្ពុជា។

ឆ្លើយតបទៅនឹងការពន្យល់បង្ហាញរបស់ លោក ថោង ខុន ខាងលើនេះ លោក ខាន់ដា បានថ្លែងថា តាមពិតទៅ JBAC របស់លោកមានគម្រោងបង្កើនការវិនិយោគបន្ថែមនៅកម្ពុជាដែរ ប៉ុន្តែដោយសារអំឡុងពេលនេះ ពិភពលោកទាំងមូលកំពុងជួបវិបត្តិជំងឺកូវីដ-១៩ ទើបសមាជិកទាំងឡាយផ្អាកគម្រោងរបស់ខ្លួនសិន ហើយកំពុងរង់ចាំស្ដាប់ព័ត៌មានអំពីការវិវត្តថ្មីៗបន្ថែម ប៉ុន្តែទោះជាយ៉ាងណា កម្ពុជានៅតែស្ថិតក្នុងគម្រោងវិនិយោគបន្ថែមរបស់ពួកគេជានិច្ច។

https://s5.kh1.co/__image/w=650,h=434,q=100/19/1917277ac5446be2028268475a88851285dcf893.jpg

ប្រធាន JBAC ដដែលនេះបានបញ្ជាក់ «នៅពេលដែលវិបត្តិជំងឺកូវីដ-១៩ ផុតរលត់ពីពិភពលោកនេះទៅ លោកនឹងជំរុញទាក់ទាញឱ្យសមាជិករបស់សមាគមបង្កើនការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ពិសេសគឺការវិនិយោគលើវិស័យទេសចរណ៍នេះតែម្ដង»។

ស្ថិតក្នុងបរិយាកាសនោះ លោក ថោង ខុន បានស្នើឱ្យ JBAC ជួយជំរុញឱ្យមានកំណើនភ្ញៀវទេសចរពីប្រទេសជប៉ុនមកកម្ពុជាឱ្យបានច្រើន នៅពេលជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ខណៈកម្ពុជាកំពុងរៀបចំត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់ ក្នុងការទទួលស្វាគមន៍ការត្រលប់មកម្ដងទៀតរបស់ភ្ញៀវទេសចរអន្តរជាតិ។

https://s5.kh1.co/__image/w=650,h=421,q=100/d5/d5986602c9dc5a1bb5da88bc84961e547325183d.jpg

ម្ដងនេះកម្ពុជាទទួលបានមេរៀនជាច្រើនពីវិបត្តិជំងឺកូវីដ ហើយកម្ពុជាបានចាត់ទុកបញ្ហាការពារសុវត្ថិភាពភ្ញៀវទេសចរជារឿងចំបាច់បំផុតសម្រាប់ពេលតទៅមុខ ដែលការតាំងចិត្តទាំងនេះនឹងធានាបាននូវសុវត្ថិភាពទេសចរណ៍យ៉ាងរឹងមាំដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគទូទៅ។ ជាការបន្ថែមរបស់ លោក ថោង ខុន។

ជាមួយគ្នា លោក រដ្ឋមន្ត្រី ក៏បានស្នើឱ្យដល់ JBAC ជួយរៀបចំផែនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសជប៉ុនបន្ថែមផងដែរ ពីព្រោះលោកជឿថាការងារទាំងនេះមិនអាចពឹងតែទៅលើសមាគមឱ្យធ្វើតែម្នាក់ឯងនោះឡើយ វាចាំបាច់ត្រូវឱ្យកម្ពុជាខិតខំជួយធ្វើរួមគ្នាដែរ ដូច្នេះហើយលោកសង្ឃឹមថា JBAC នឹងជួយក្នុងកិច្ចការងារនេះ។

លោក ខាន់ដា សន្យាថានឹងពង្រឹងកិច្ចសហការក៏ល្អនេះជាមួយកម្ពុជាបន្តទៅមុខទៀត ដើម្បីជំរុញវឌ្ឍនភាពលើវិស័យទេសចរណ៍ និងវិនិយោគនៃប្រទេសមិត្តទាំងពីរ ដោយអ្វីៗទាំងអស់ខាងលើនេះ សុទ្ធតែសង្ឃឹមទុកនៅពេលវិបត្តិជំងឺកូវីដ-១៩ រលាយរលត់ចេញផុតពីភពផែនដី៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T