សារជាតិរបស់ក្មេង គ្នាយើងសុទ្ធតែដឹងច្បាស់ហើយ រពឹស ខូច ពិសេសចូលចិត្តលេងអ្វីប៉ាម៉ាក់ហាម ដូចជារឿងលេងដីជាដើម ចាប់មិនឈ្នះទេ ភ្លេចខ្លួនតែមួយភ្លែត ទៅលេងបាត់។ ប៉ាម៉ាក់ ភាគច្រើនមិនចូលចិត្តឲ្យកូនលេងដីទេ ព្រោះគិតថាកខ្វក់ ប៉ុន្តែការសិក្សាបែបវិទ្យាសាស្រ្តរកឃើញពីមូលហេតុនាំឲ្យក្មេងៗចូលចិត្តលេងដី (សំដៅលើភក់ប៉ុណ្ណោះ) និងគុណសម្បត្តិជាច្រើនថែមទៀត អត្ថបទខាងក្រោយអាចពន្យល់បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- លេងដីភក់អាចធ្វើឲ្យក្មេងសប្បាយចិត្ត
ការសិក្សាជាច្រើនអាចបង្ហាញថា រឿងមួយចំនួនដែលក្មេងៗចូលចិត្តលេង ចូលចិត្តធ្វើ គឺពួកគេស្គាល់ ដឹងឮ តាមរយៈសុភាវគតិ មានន័យថា ជាធម្មជាតិរបស់ក្មេង ពិសេសភាពសប្បាយរីករាយនៅពេលបានលេងដី (ដីភក់)។ ផ្អែកលើការសិក្សាថ្មីៗនេះបង្ហាញថា ភាពកខ្វក់ក្នុងដី មានផ្ទុកពពួកបាក់តេរីតូចៗ ដែលគេហៅថា Mycobacterium Vaccae ដែលមានសមត្ថភាពអាចរំញោចប្រព័ន្ធភាពស៊ាំ បង្កើនកម្រិតអ័រម៉ូនសេរ៉ូតូនីន (Serotonin) ក្នុងខួរក្បាល ដែលជាផ្នែកមួយនៃអ័រម៉ូនអង់ឌូហ្វីន (Endorphin) អាចជួយបន្ធូរអារម្មណ៍ រំងាប់អារម្មណ៍ និងជួយឲ្យអារម្មណ៍ធូរស្រាល។
អ្នកវិទ្យាសាស្ត្រនិយាយថា ការប៉ះពាល់ជាប្រចាំទៅលើបាក់តេរីប្រភេទនេះ អាចជួយក្មេងកាត់បន្ថយបញ្ហាបាក់ទឹកចិត្ត និយាយឲ្យខ្លី ជួយឲ្យពួកគេសប្បាយចិត្ត។
២- ជួយឲ្យសុខភាពល្អ
ក្មេងចូលចិត្តលេងដីភក់ គ្នាយើងភាគច្រើនគិតថា នាំឲ្យឆ្លងមេរោគ ប៉ះពាល់សុខភាព ប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្របែរជាថា អាចជួយឲ្យក្មេងមានសុខភាពល្អទៅវិញ។ អ្នកវិទ្យាសាស្ត្រ បានបង្ហាញភស្តុតាងថា អនាម័យនៅលើពិភពលោកបច្ចុប្បន្ន ជាមូលហេតុនាំឲ្យក្មេងៗកាន់តែប្រឈមបញ្ហាអាលែកហ្ស៊ី និងជំងឺហឺតទាំងវ័យក្មេង។ ការប៉ះពាល់ជាមួយភាពកខ្វក់ និងមេរោគ អាចជួយជំរុញប្រព័ន្ធភាពស៊ាំរបស់ក្មេងប្រឆាំងអាលែកហ្ស៊ីកាន់តែខ្លាំងឡើង។ នេះហើយជាហេតុផលនាំឲ្យអ្នកវិទ្យាសាស្ត្រជឿថា ក្មេងលេងដីភក់ អាចជួយឲ្យមានសុខភាពល្អ។
៣- លេងដីភក់ស្មើទៅនឹងការបង្រៀនកូនក្នុងកម្រិតឥតខ្ចោះមួយ
នៅពេលដែលកម្រិតអ័រម៉ូនសេរ៉ូតូនីន (Serotonin) ក្នុងខួរក្បាលកើនឡើងខ្លាំង ក្រោយប៉ះពាល់ជាមួយ បាក់តេរី Mycobacterium Vaccae ក៏កត្តាមួយអាចជំរុញមុខងារយល់ដឹងរបស់ក្មេងកាន់តែប្រសើរ។ ជាមួយគ្នានេះ ការឈ្លក់វង្វេងលេងជាមួយដីភក់ លាយឡំជាមួយភាពសប្បាយរីករាយ អាចនាំឲ្យក្មេងៗបញ្ចេញនូវភាពច្នៃប្រឌិតរបស់គេបាន ជាវិធីសាស្ត្រជួយឲ្យអូនៗកាន់តែសម្របខ្លួនជាមួយជំនាញពាក់ព័ន្ធសកម្មភាពក្នុងសង្គមជាមួយក្មេងដទៃ ដូចជាសហការគ្នាធ្វើអ្វីមួយ ពិភាក្សាគ្នា និងធ្វើប្រាស្រ័យទាក់ទង និងធ្វើអ្វីរួមគ្នាជាដើម។ នៅមានគុណប្រយោជន៍ច្រើនទៀតពីការលេងដី រាប់បញ្ចូលទាំងគណិតវិទ្យា វិទ្យាសាស្ត្រ ដែលអូនៗស្វែងយល់ និងចេះដោយមិនដឹងខ្លួន តាមរយៈសមត្ថភាពប្រើដីភក់ ដោះស្រាយបញ្ហា ការសាកល្បងប្រើទ្រឹស្តី វិធីវាស់វែង ក៏ដូចជាការរាប់នូវបំណែកដីភក់ដែលអូនៗកំពុងលេងជាដើម។
៤- លេងដីភក់អាចជួយជំនាញបែបសិល្បៈ
ក្នុងចំណុចនេះ ការសិក្សាបង្ហាញថា សកម្មភាពលេងដីរបស់ក្មេងៗ ជាការបញ្ចេញទេពកោសល្យសិល្បៈកម្រិតមធ្យមរបស់គេ ដែលជាធម្មតា ក្មេងនឹងប្រើដីភក់ទាំងនោះសូនជារូប ឬជាអ្វីផ្សេងទៀត ដែលគេគិតឃើញ និងចង់ធ្វើឲ្យរបស់នោះលេចរូបរាងឡើង។
៥- ជួយក្មេងងាយសម្របខ្លួនជាមួយធម្មជាតិ
ការលេងដីភក់ អាចជំរុញឲ្យក្មេងៗឲ្យកាន់តែមានអារម្មណ៍ជាប់ពាក់ព័ន្ធជាមួយធម្មជាតិ និងអភិវឌ្ឍខ្លួនសម្របជាមួយបរិស្ថាន។ សព្វថ្ងៃនេះ មានក្មេងៗជាច្រើន នៅមានកម្រិតទទួលបានឱកាសលេងនៅខាងក្រៅផ្ទះ ដែលកត្តានេះនាំឲ្យក្មេងមិនសូវជាខ្វាយខ្វល់ជាមួយបរិស្ថាន ហើយបើសិនជាពួកគេគ្មានឱកាសគ្រប់គ្រាន់ចំណាយពេលច្រើនជាមួយធម្មជាតិទេនោះ អារម្មណ៍ជាមួយបរិស្ថានក៏មានតិចទៅតាមហ្នឹងដែរ។
តាមរយៈការអនុញ្ញាតឲ្យកូនមានពេលលេងខាងក្រៅផ្ទះ ក៏ដូចជាការលេងដីជាដើម ឬលេងអ្វីក៏ដោយដែលជាធម្មជាតិរបស់ក្មេង វាស្មើនឹងជួយកូនយើងធំឡើងក្លាយជាមនុស្សម្នាក់ស្រលាញ់ធម្មជាតិ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet