ភ្នំពេញ : បុរសកម្មករ ពុះប្ញស្សីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវចរន្តអគ្គសនី ខណ:ជនរងគ្រោះ បាន ធ្វើសកម្មភាពឆក់ត្រី នៅក្នុងទន្លេ ក្រោយសម្រាក ពីការងារ ។ ការស្លាប់របស់ជនរងគ្រោះ បានបន្សល់ទុកឲ្យប្រពន្ឋ និងកូនស្រីតូចៗ ២នាក់ រស់នៅឯកោ គ្មានទីពឹង និងរកស៊ីចិញ្ចឹម បាច់តទៅទៀត។

នាយនគរបាលប៉ុស្តិ៍ ចាក់អង្រែក្រោម លោកឡោ លីនណូ ដែលចុះទៅពិនិត្យ នៅកន្លែងកើតហេតុ បាននិយាយថា ករណីឆក់ ជនរងគ្រោះស្លាប់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅមាត់ទន្លេបាសាក់ ក្រោម ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

លោកមេប៉ុស្តិ៍ បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ដោយសារចរន្ត ភ្លើងឆក់ខាងលើនេះ មានឈ្មោះ ណៃ ផល្លីន ហៅបឿន អាយុ ២៥ឆ្នាំ បច្ចុប្បន្នជាកម្មករពុះប្ញស្សី ស្នាក់នៅផ្ទះជួល ក្នុងភូមិទួលរការ ហើយមានប្រពន្ឋ ឈ្មោះ បូ ស្រីទូច អាយុ ២៤ឆ្នាំ មុខរបរជាកម្មការិនី កាត់ដេរ និងមានកូនស្រី តូចៗ២នាក់ ម្នាក់អាយុ៣ឆ្នាំ និងម្នាក់ទៀត អាយុ១ឆ្នាំ ៣ខែ។

បើតាមលោកមេប៉ុស្តិ៍ មុនពេលកើតហេតុ បន្ទាប់ពីសម្រាកការងារ ថ្ងៃត្រង់ ជនរងគ្រោះ បានយកឧបករណ៍ឆក់ ទៅឆក់ត្រី នៅក្នុងទន្លេបាសាក់ ដើម្បីទុកធ្វើម្ហូប ប៉ុន្តែសំណាងអាក្រក់ បែរជាឆក់ខ្លួនឯងស្លាប់ភ្លាមៗតែម្តង បើទោះបីកម្មករដូចគ្នា និងប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ ខិតខំជួយយ៉ាងណាក៏ដោយ គឺវាហួសពេលទៅហើយ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យភ្លាមៗ ហើយធ្វើកោសល្យវិច័្ចយ ដោយអះអាងថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារ ខ្សែភ្លើងឆក់មែន ។

 ក្រោយធ្វើ កោសល្យវិច័យរួចហើយ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅឲ្យស្រ្តីជាភរិយា ដើម្បីយកទៅធ្វើ បុណ្យ តាមប្រពៃណី៕










ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]