ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃ ០១​ កក្កដានេះបាន​ចេញមុខបំភ្លឺដល់អ្នកប្រើប្រាស់បណ្ដាញសង្គមពាក់ព័ន្ធករណីរូបភាពប្រតិបត្តិការរបស់សមត្ថកិច្ចស្លៀកពាក់ស៊ីវិល ៣នាក់ម្តុំខណ្ឌច្បារអំពៅ។ ក្នុងរូបភាពបង្ហាញពីទិដ្ឋភាពប៉ូលីសស៊ីវិលកំពុងប្រើកម្លាំងសង្កត់ពីលើជនសង្ស័យករណីគ្រឿងញៀនមួយរូប។ តាមការបញ្ជាក់ពីអាជ្ញាធរហេតុការណ៍នេះបានកើតឡើងកាល​ពីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០។

ការចេញមុខបកស្រាយពីអាជ្ញាធរយ៉ាងដូច្នេះ ធ្វើឡើងក្រោយមានអ្នកប្រើប្រាស់បណ្តាញសង្គមមិនតិចទេ បានចេញ​មុខប្រតិកម្មទៅលើការប្រើប្រាស់កម្លាំងរបស់សមត្ថកិច្ចទៅលើជនសង្ស័យតាមរយៈរូបភាពហឹង្សាមួយសន្លឹកដោយ​អះអាងថា ការប្រព្រឹត្តបែបនេះជាការប្រើប្រាស់សិទ្ធិហួសព្រំដែននៃវិន័យរបស់កម្លាំង និងវិជ្ជាជីវៈ។

រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ជាការកត់សម្គាល់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញមុខបកស្រាយ និងទទួលស្គាល់ថា ខ្លួនមានកំហុសឆ្គងនៃសកម្មភាពប្រតិបត្តិការ ហើយស្នើឲ្យអ្នកប្រើបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ​ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលម្អិតថា៖ «ក្រោយពិនិត្យឃើញមានការចែករំលែកបន្តគ្នាក្នុងបណ្ដាញទំនាក់​ទំនង​សង្គមពាក់ព័ន្ធ​នឹងករណីបង្ក្រាបគ្រឿងញៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ សមត្ថកិច្ចពិនិត្យឃើញ​មានការបកស្រាយមួយចំនួនដែលធ្វើឲ្យមហាជនមានការយល់ច្រឡំមកលើការអនុវត្តច្បាប់របស់សមត្ថកិច្ច។

ដើម្បីចៀសវាងការយល់ច្រឡំ អាជ្ញាធសូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យបាន​ឈប់ម៉ូតូទទួល​យក​គ្រឿងញៀនពីជនសង្ស័យម្នាក់ទៀត និងបានជិះម៉ូតូចេញដើម្បីគេចខ្លួនពីសមត្ថកិច្ច។ ជនសង្ស័យម្នាក់នេះ គឺជាមុខ​សញ្ញាចាស់ជួញដូរគ្រឿងញៀននៅទីតាំងខាងលើដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពុងស៊ើបអង្កេតតាមរកចាប់ខ្លួន រួមជាមួយនឹងបក្ខពួកមួយចំនួនទៀត។

រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អំឡុងពេលប្រតិបត្តិការឃាត់ខ្លួនសមត្ថកិច្ចពិនិត្យឃើញជនសង្ស័យស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោគជាំ និងមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់ ទើបសមត្ថកិច្ចឈាន​ដល់ការប្រើសិទ្ធិការពារខ្លួនឈានការចាប់ខ្លួនជនសង្ស័យ វាយខ្នោះ»។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តថា៖ «សមត្ថកិច្ចទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការ​របស់មន្ត្រីអនុវត្ត​ច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែននៃវិន័យរបស់កម្លាំង និងវិជ្ជាជីវៈ។ ហើយចាត់កិច្ចការនេះជាបទពិសោធន៍ និងធ្វើការអប់រំណែនាំ និងពិនិត្យដាក់វិន័យតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។

កងកម្លាំងនគរបាលជាតិសូមអំពាវនាវដល់សាធារណជន និងអ្នកប្រើបណ្ដាញសង្គមចៀសវាងការ​អត្ថាធិប្បាយ​ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន»។

រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សូមបញ្ជាក់ថា បន្ទាប់ពីមានការចែកចាយរូបភាពរបស់សមត្ថកិច្ចខ្មែរបែបនេះ គេឃើញមានការរិះគន់ដោយ​ភ្ជាប់​រូបភាពរបស់ប៉ូលីសអាមេរិកដែលកំពុងប្រើកម្លាំងសង្កត់លើជនស្បែកខ្មៅឈ្មោះ George Floyd មកប្រៀបធៀប។ ក្នុងនោះអ្នក​ប្រើប្រាស់​បណ្តាញសង្គមខ្លះបង្ហើបថា «អាជ្ញាធរខ្មែរគួរកុំយកតម្រាប់តាមប៉ូលីសអាមេរិកអី ព្រោះអាចនឹងផ្អើល​ដល់ពិភព​លោកដូចអាមេរិក»។ ជាការឆ្លើយតបសមត្ថកិច្ចបានចេញមុខទទួលស្គាល់ថាសកម្មភាព​ប្រតិបត្តិការ​របស់មន្ត្រី​អនុវត្តន៍ច្បាប់ បានប្រើប្រាស់​សិទ្ធិហួសព្រំដែននៃវិន័យរបស់កម្លាំង និងវិជ្ជាជីវៈ​។ យ៉ាងណា ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​អះអាងថា​នឹង​អប់រំ ណែនាំ និងពិនិត្យដាក់វិន័យតាមវិន័យរបស់កងកម្លាំង​​នគរបាលជាតិ៕

រូបភាពប៉ូលីសអាមេរិក និងជនស្បែកខ្មៅឈ្មោះ George Floyd​ (រូបភាពពីហ្វេសប៊ុក)
រូបភាពពីហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ