កំពង់ឆ្នាំង៖ ផ្លូវទំនប់បារាំងរងការខូចខាត ដោយសារទឹកហូរច្រោះដាច់ រណ្តៅជម្រៅត្រឹមក មួយកន្លែង ជាយូរ ណាស់មកហើយ អាជ្ញាធរខេត្ត កំពង់ឆ្នាំង មិនបានអើពើ ក្នុងការជួសជុល និងស្ថាបនានៅឡើយទេ ។ ប្រជាពលរដ្ឋ ដែលឆ្លង កាត់តំបន់នោះបាននាំគ្នា រិះគន់ទៅលើអាជ្ញាធរ ដោយពួកគាត់បាននិយាយថា អាជ្ញាធរ ក្រុងកំពង់ឆ្នាំង គិតតែផលប្រយោជន៍មិនបានគិតដល់ នូវការគ្រោះថ្នាក់ចរាចរណ៍ ដែលនឹងអាច កើតមានបន្តទៀត គ្រប់ពេលវេលា ខណៈកន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋចំនួន២នាក់ មកហើយដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែពួកគាត់ ជិះ ម៉ូតូធ្លាក់ចូលក្នុងរណ្តៅខាងលើ ។

លោកស្រី ភួន ឈុយអេង ចៅសង្កាត់ផ្សារឆ្នាំង បានឲ្យដឹងថា ផ្លូវមួយកន្លែងរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ ខាងលើកន្លងមកក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំង និងមេភូមិ បានប្រជុំលើកផែនការរាល់ឆ្នាំ ក្នុងការជួសជុលនិងស្ថាបនាឲ្យបានល្អប្រសើរឡើងប៉ុ ន្តែការជួសជុលនិងការ កសាងពុំទាន់ឃើញ មាននៅឡើយ ។ លោកស្រី ភួន ឈុយអេង បានអោយដឹងថា កន្លងមកថ្មីៗ ពិតជាមានប្រជាពលរដ្ឋបានគ្រោះថ្នាក់ចរាចរណ៍ ដោយសារជិះម៉ូតូធ្លាក់ រណ្តៅខាងលើ បានស្លាប់បាត់បង់ជីវិតចំនួន២នាក់ ដោយទី១-ឈ្មោះ យង់ លន ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ទី២-ឈ្មោះ សួន ទិត ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ។

លោក យឹម វណ្ណា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ទទួលបន្ទុកស្ពាន ថ្នល់ បានឲ្យដឹងថា ផ្លូវទំនប់ជំនាន់បារាំង ដែល រងការខូចខាតនោះ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាបន្ទុករបស់មន្ទីរធនធានទឹកនិងឧត្តុនិយម មិនមែនជាតួនាទី របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ក្នុងការជួសជុល និងស្ថាបនានោះទេ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផ្លូវទំនប់បារាំង រងការខូចខាតច្រោះដាច់កើតជាគង្ហុកជ្រៅ គួរឲ្យ បារម្ភយ៉ាងខ្លាំង នៅពេលរដូវភ្លៀងធ្លាក់ខាងមុខ នៅពេលដែលទឹកហូរពីលើផ្លូវ ជាកត្តាធ្វើឲ្យប្រជាពលរដ្ឋ អ្នកធ្វើដំណើរមិនអាចមើលឃើញ រណ្តៅខាងលើ ហើយបណ្តាលឲ្យ ធ្លាក់គ្រោះថ្នាកជាយថាហេតុ។ មន្ទីរធនធានទឹកមានគំរោងជួសជុល ប៉ុន្តែខ្វះនូវថវិកាសម្រាប់ធ្វើការជួសជុល និង ស្ថាបនា យ៉ាងណាក្តី លោកបានអះអាងថា និងដឹកដីយកទៅចាក់លុបរណ្តៅនោះជាបណ្តោះអាសន្ន ។  

យ៉ាងណាម៉ិញ លោក គុយ ចន្ថា ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង បានអះអាងឲ្យដឹងថា រណ្តៅគង្ហុក ចំណុចខាងលើ ខាងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានដឹង និងទទួលពត៌មាន សព្វគ្រប់អស់ហើយ អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៍នឹងកំពុងរៀបចំ ក្នុងការជួសជុលឲ្យបាន ប្រសើរឡើងវិញនៅ ពេលឆាប់ៗខាងមុខនេះ ៕





ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]