ភ្នំពេញៈ រថយន្តកូរ៉េ ១ គ្រឿង បើកសុខៗ ឆ្លងចរន្តខ្សែអាគុយ ឆេះក្នុងកាប៊ីនខ្ទេច ប៉ុន្តែ សំណាងល្អ អ្នកបើក លោតចេញពីប៊ីនរួច ពុំបណ្តាលឲ្យរងរបួសនោះទេ ភ្លាមៗនោះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យ ប្រចាំនៅសាលា ខណ្ឌពោធិ៍សែនជ័យ ចេញទៅជួយបាញ់ពន្លត់ ទាន់ពេលវេលា ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨ និង ២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដែលត្រូវរងការ ឆាបឆេះ ក្នុងកាប៊ីនខ្ទេចអស់នោះ ប្រភេទ រថយន្ត កូរ៉េម៉ាក ទីតាន់ ២ តោនកន្លះ ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 2E-0843 មានបិទថែម SL ឃ្លាំងការ៉ូបើកបរ ក្នុងទិសដៅ ពីលិចទៅកើត អ្នកបើកត្រូវបានគេស្គាល់ឈ្មោះ ស ឈន ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខ របរ ជាអ្នកបើកបរ រថយន្ត ស្នាក់នៅឃ្លាំងការ៉ូ ម្តុំគល់ស្ពានដែក សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើនេះ បើកក្នុងទិសដៅ ពីលិចទៅកើត តាម បណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី សុខៗស្រាប់តែមានភ្លើងឆេះ ពីក្នុងកាប៊ីនហើយអ្នកបើកបរ រថយន្តបានបើកទ្វារ រថយន្តលោតចេញទាំងត្រហេបត្រហប រួចហើយស្រែកហៅ អ្នករស់នៅក្បែរផ្លូវនោះ ឲ្យជួយអន្លត់ ហើយប្រជា ពលរដ្ឋក៏បានដង ទឹកយកមកជួយជះពន្លត់ បន្ទាប់មកត្រូវរថយន្តពន្លត់អគ្គិភ័យ ប្រចាំនៅសាលាខណ្ឌ ពោធិ៍សែន ជ័យ ចេញទៅបាញ់ ពន្លត់រហូតរលត់ទាំងស្រុង ដោយប្រើទឹកអស់ចំនួន ១រថយន្តប៉ុណ្ណោះ ។ រថយន្តបន្ទាប់ ពីជួយសង្គ្រោះបានក៏ប្រគល់ ជូនទៅម្ចាស់យកទៅជួសជុលដោយខ្លួនឯង ៕







ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]