បរទេស៖ អង្គការសុខភាពពិភពលោក បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា ក្រុមមន្ត្រីជំនាញរបស់អង្គការ គឺនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីស្វែងរកប្រភពកំណើតនៃជំងឺកូវីដ១៩ ខណៈជំងឺដ៏កាចសាហាវនេះ បានបន្តឆក់យកជីវិតមនុស្សអស់ ៥០៨,២៣៨នាក់ ក្នុងចំណោមអ្នកឆ្លងជាង ១០លាននាក់ នៅទូទាំងពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានអង្គការសុខភាពពិភពលោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) បានលើកឡើងយ៉ាងដូច្នេះថា៖
យើងអាចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះបានកាន់តែងាយ លុះត្រាតែយើងដឹងអ្វីៗគ្រប់យ៉ាងពីវា រួមទាំងការឆ្លងរាលដាលផងដែរ។ ហើយនៅសប្តាហ៍ក្រោយនេះ យើងនឹងបញ្ជូនក្រុមអ្នកជំនាញទៅកាន់ប្រទេសចិនផ្ទាល់ ដើម្បីត្រៀមស្វែងរក ក៏ដូចជាធ្វើការសិក្សាឱ្យកាន់តែច្បាស់ ពីរបៀបដែលជំងឺមួយនេះ អាចកើតមានឡើង។

គួរឱ្យដឹងផងដែរថា ជំងឺកូវីដ១៩ បានផ្ទុះឡើងជាលើកដំបូងនៅក្នុងខេត្ត ហ៊ូប៉ី ប្រទេសចិន ហើយក្រុមអ្នកជំនាញជាច្រើនជឿជាក់ថា ជំងឺដ៏កាចសាហាវនេះ មានប្រភពចេញពីទីផ្សារលក់សាច់សត្វមួយកន្លែងក្នុងទីក្រុងវូហាន។ រហូតមកទល់ពេលនេះ ជំងឺកូវីដ១៩ បានបន្តឆ្លងរាលដាល និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោក នៅមិនទាន់រកឃើញវ៉ាក់សាំងការពារ ឬថ្នាំព្យាបាលឱ្យបានត្រឹមត្រូវនៅឡើយទេ៕
