ចិន៖ ប្រិយមិត្តអ្នកអានមួយចំនួនតូច ប្រាកដជាបានជ្រាបខ្លះៗហើយ​ ជុំវិញករណីក្មេងប្រុសម្នាក់ ចាប់ទម្លាក់មិត្តរួមថ្នាក់របស់ខ្លួន ពីលើអគារជាន់ទី៤កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ។ ហេតុការណ៍នេះ បានកើតឡើងនៅសាលារៀនមួយកន្លែង​ ក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសដៃដល់ មាននាមត្រូលថា ហួង បច្ចុប្បន្នវ័យ១៦ឆ្នាំ ហើយក្មេងប្រុសរងគ្រោះ មាននាមត្រូលថា វៃ។ ក្នុងថ្ងៃកើតហេតុ កំឡុងម៉ោងសម្រាកពីការសិក្សា សិស្សទាំងអស់បាននាំគ្នាឈរលេងនៅរានហាលអាគារសាលា ហើយពេលនោះក្មេងប្រុសដៃដល់ បានចាប់ទម្លាក់ក្មេងប្រុសរងគ្រោះដែលកំពុងឈរ ចុះទៅក្រោម ដែលបណ្ដាលឲ្យបាក់ឆ្អឹងសរីរាង្គមួយចំនួន។

ក្រោយពីកើតហេតុរួចមក ក្មេងប្រុសរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីទទួលបានការព្យាបាលផងដែរ។

ជុំវិញករណីនេះដែរ ត្រូវបានគេជឿជាក់ថា ក្មេងប្រុសរងគ្រោះ គឺជាក្មេងពាល ដែលតែងតែចូលចិត្តធ្វើបាបក្មេងប្រុសដៃដល់ រហូតដល់ក្មេងប្រុសដៃដល់ទ្រាំលែងបាន ទើបផ្ទុះកំហឹងចាប់ទម្លាក់ពីលើអគារបែបនេះ។

ឪពុករបស់ក្មេងប្រុសរងគ្រោះ មិនបញ្ចេញឈ្មោះបានឲ្យដឹងដែរថា លោកបានចំណាយប្រាក់លើស២០០,០០០យ័ន (ប្រមាណ២៨,៣០០ដុល្លារអាមេរិក) ទៅលើការព្យាបាលរបស់កូនប្រុស និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះបំណុលដែលជំពាក់គេ។ ឥឡូវនេះ កូនប្រុសរបស់លោក បានចាកចេញពីមន្ទីរពេទ្យហើយ និងអាចដើរបានធម្មតា ប៉ុន្ដែវេជ្ជបណ្ឌិតបានព្រមានថា កូនប្រុសរបស់លោក នឹងមិនអាចអង្គុយបានយូរម៉ោងឡើយអស់មួយជីវិត។ ចំពោះការចោទប្រកាន់ថាកូនប្រុសរបស់លោកជាក្មេងពាល គឺលោកសុំបដិសេធ ដោយលើកឡើងថា លោកមិនដែលទទួលបានការកោះហៅពីសាលារៀន ឬការត្អូញត្អែរពីឪពុកម្ដាយរបស់សិស្សដទៃទៀតឡើយ។

ទន្ទឹមនឹងនេះដែរ ឪពុករបស់ក្មេងប្រុសដៃដល់ បានអះអាងថា កូនប្រុសរបស់លោក មានជំងឹផ្លូវចិត្ត ហើយមុនពេលកើតហេតុ កូនប្រុសរបស់លោក បានមានទំនាស់ជាមួយ ក្មេងប្រុសរងគ្រោះ រួមជាមួយមិត្តរួមថ្នាក់។

ប៉ូលិសបានបន្ថែមទៀតថា ក្មេងប្រុសរងគ្រោះរួមទាំងមិត្តរួមថ្នាក់ បាននាំគ្នាលបមើលក្មេងប្រុសដៃដល់នោម ដែលជាហេតុនាំឲ្យរឿងទៅជាបែបនេះ។

យ៉ាងណាមិញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ តុលាការក្នុងស្រុក បានបើកសវនាការរឿងក្ដីនេះ ដោយលើកឡើងថា ក្មេងប្រុសដៃដល់នឹងអាចជាប់ពន្ធនាគាររហូតដល់ទៅ១០ឆ្នាំ ហើយខាងតុលាការនឹងសម្រេចកាត់ទោសក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ

សូមបញ្ជាក់ផងដែរ មានវីដេអូ ដែលបង្ហាញពីសកម្មភាពចាប់ទម្លាក់ពីលើអគារក្នុងថ្ងៃនោះ តែខាងខ្មែរឡូតសុំមិនបង្ហាញប្រិយមិត្តអ្នកអាន ដោយសារតែសាហាវខ្លាំងពេក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ