ខេត្តបាត់ដំបង ៖ ស្ថិតក្នុងស្ថានភាព គួរឱ្យរន្ធត់ក្រៃលែង នូវពេលគេប្រទះឃើញ ក្មេងប្រុស២នាក់ជាបងប្អូនបង្កើត កំពុងរៀបចំជុំរុំស្នាក់ នៅក្នុងគុម្ពោតព្រៃក្បែរគុម្ពចេក មួយកន្លែងក្រោមពន្លឺភ្លើងទៀនប្លុងៗ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២១ មេសា ២០១៣ នៅក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

កុមារានោះម្នាក់ឈ្មោះរុំ ផៃរ៉ាត់ អាយុ១១ឆ្នាំ និងប្អូនប្រុសឈ្មោះរុំ ផៃរ័ក្ស អាយុ៨ឆ្នាំ រស់នៅក្នុងភូមិខាងលើនេះដែរ ។ កុមារាទាំង២នាក់ នេះបាននិយាយថា ពួកគេត្រូវឪពុក ដែលស្រវឹងខួបវាយដំធ្វើទារុណកម្ម ដោយខ្សែក្រវាត់ និងខ្សែភ្លើងបន្ទាប់ពីពួកខ្លួនត្រឡប់ មកពីលេងផ្ទះជីដូនវិញ ។ ពួកគេនិយាយទាំងរអាក់រអួលថា ក្រោយពីវាយដំ អស់ចិត្តគាត់បានបណ្តេញ ពួកខ្លួនឱ្យចេញពីផ្ទះនៅរសៀលថ្ងៃទី២១ មេសា ដោយមិនដឹងមានរឿងអ្វីទេ បើមិនចេញពីផ្ទះគាត់ និងវាយដំពួកគេទៀត ទើបពួកគេ២នាក់បងប្អូន ប្រមូលខោអាវច្រកម្នាក់ ១ថង់ដៃចាកចេញពីផ្ទះមកសម្ងំ ស្នាក់នៅក្នុងគុម្ពោតព្រៃខាងលើនេះតែម្តង ។

អ្នកភូមិបានប្រទះឃើញក្មេងប្រុស ទាំង២នាក់បងប្អូននេះ កំពុងរៀបចំដេកក្នុងគុម្ពោតព្រៃនោះ ក្រោមពន្លឺភ្លើងទៀតប្លុងៗគួរអាសូរក្រៃលែង រួចរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ភ្លាមៗដែរ ។ ពួកគេទាំង២នាក់បងប្អូនមាន សម្លៀកបំពាក់ចាស់ៗ១ស្បោងម្នាក់ និងមានទឹកសុទ្ធម្នាក់១ដបផងដែរ ។ សមត្ថកិច្ចបាននាំក្មេងប្រុសទាំង២នាក់ ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តទាំងយប់ ដើម្បីសាកសួរពីដំណើររឿងនោះហើយ៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]