ខេត្តកណ្តាល ៖ បុរសម្នាក់ស្លាប់ ដោយសារត្រូវចរន្ត ភ្លើងអាគុយដែលតខ្សែរាយ បង្កៃដើម្បីឆក់សត្វកណ្តុរនៅ តាមវាលស្រែ ឆក់កាលពី ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ មេសា នៅចំណុចបឹងស្លាបទា ស្ថិតក្នុងភូមិក្រាំងយ៉ូវ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខណៈពេលគាត់ដើរ រើសសត្វកណ្តុរ ដែលឆក់ងាប់ ក៏ឆ្លងឆក់ស្លាប់ ខ្លួនឯងតែម្តង ។

លោកលន ចន្ថា អធិការរងប៉ូលិសស្រុក ស្អាងបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើ ប៉ូលិសបានចុះទៅពិនិត្យកន្លែងកើតហេតុ និងសព ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តភ្លើងដែល តខ្សែរាយឆក់សត្វកណ្តុរ របស់ខ្លួនឯងប្រាកដមែន ។ ជនរងគ្រោះឈ្មោះ ឌី ដន អាយុ៤២ឆ្នាំ មានទីលំនៅភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ មេសា ជនរងគ្រោះបានទៅខ្ចីឧបករណ៍ ពីអ្នកភូមិម្នាក់ ដើម្បីយកទៅឆក់កណ្តុរនៅឯស្រែ របស់ខ្លួននៅចំណុចបឹងស្លាបទា ។ នៅល្ងាចថ្ងៃដដែលនោះ ជនរងគ្រោះនិងកូនៗ៣នាក់បានរៀបចំរាយខ្សែលួសជុំវិញស្រែ និងបានតចរន្តភ្លើងចេញ ពីដុំឆក់ដើម្បីឆក់កណ្តុរ។ លុះដល់ម៉ោង២រំលងអធ្រាត្រពេលកូនៗដេកលក់ ជនរងគ្រោះបានដើរក្បែរៗខ្សែលួសរកមើល និងរើសកណ្តុរដែលឆក់ងាប់ ។ ប៉ុន្តែទំនងជាមានការធ្វេសប្រហែស ដោយសារពេលយប់មានទឹកសន្សើម ធ្លាក់សើមស្មៅ និងខ្សែលួស ហើយជនរងគ្រោះ រើសសត្វកណ្តុរងាប់ប៉ះ ក៏បណ្តាលឱ្យចរន្តភ្លើងឆក់ស្លាប់តែម្តង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]