ចុចទីនេះដើម្បីអានភាគ១

៥)      តើលន់ណុលចរចារជាមួយខ្មែរក្រហម តាំងពីពេលណាមក?

            បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព នៃទីក្រុងបារីស នៅខែមករា ឆ្នាំ១៩៧៣ តម្រូវឲ្យទ័ពបរទេសដកចេញ ពីទឹកដីកម្ពុជា សំដៅធានាឲ្យតំបន់អាស៊ីអគ្នេយ៏ មានសន្តិភាព។ កិច្ចព្រមព្រៀងនេះបានធ្វើឲ្យជនស៊ីវិល និងទាហ៊ានដែលធុញថប់នឹងសង្រ្គាម មានក្តីរីករាយដោយសង្ឃឹមថាកម្ពុជានឹងមានសន្តិភាព ក្នុងពេលឆាប់ៗខាងមុខនេះពុំខាន។ ក្នុងរយៈពេល ៣ឆ្នាំនៃសង្រ្គាម គ្រូសារខ្លះស្លាប់កូន និងប្តី ចំនួនជនពិការបានកើនឡើង ដើរសុំទានពាសពេញទីក្រុង ទំនិញឡើងថ្លៃកប់ពពក ចោរកម្មកើតឡើងជារៀងរាល់ថ្ងៃ តូបទំនិញក្នុងផ្សារថ្មី ត្រូវមហាជនដណ្តើមយកទាំងអនាធិបតេយ្យ ធ្វើឲ្យសង្គមចលាចល បាត់បង់សណ្តាប់ធ្នាប់ ស្រ្តីខ្មែរចាប់ផ្តើមប្រកបមុខរបរ ពេស្យាចារ ដែលពីដើមមានការអៀនខ្មាស់ មិនធា្លប់ប្រកបមុខរបរនេះឡើយ។ ឆ្លើយតបនឹងកិច្ចព្រមព្រៀងនេះ មន្រ្តីជាន់ខ្ពស់នៃ លន់ ណុល ប្រមាណ ១០នាក់ បានសរសេរលិខិតមួយទៅឲ្យ ខៀវ សំផន ដោយបង្ហោះតាមកាសែត ពេលអានលិខិតនោះ ខ្មែរឡូតចង់សើចបន្តិចព្រោះលិខិតនោះ ពុំមានទម្រង់ជាការសុំចរចារទេ ប៉ុន្តែខ្លឹមសារនោះបានរំលឹកពីអនុស្សវរីយនៃអតីតកាល ដែលពួកគេធ្លាប់រៀនជាមួយ ខៀវ សំផន នៅថ្នាក់វិទ្យាល័យ ដោយគេរំលឹកពីការមាននំចែកគ្នាស៊ី លិខិតនោះប្រកបទៅដោយមនោសញ្ចេតនា អានទៅគួរឲ្យអន្លង់អន្លោច។ ខ្មែរឡូតមិនដឹង ខៀវ សំផន បានទទួលលិខិតនេះឬអត់ទេ ទាន់ ខៀវ សំផន នៅរស់ ខ្មែរឡូតចង់សួរបញ្ជាក់អំពីរឿងនេះដែរ។ សូមបញ្ជាក់ថាវាមិនមែនជាលិខិតផ្លូវការ របស់រដ្ឋាភិបាលទេ ប្រហែលជា លន់ ណុល បើកភ្លើងខៀវឲ្យមន្រ្តី ដែលជាមិត្តភ័ក្រ្តរបស់ ខៀវ សំផន ដើម្បីធ្វើតេស្តសាកល្បងរកសន្តិភាពប៉ុណ្ណោះ។ ខ្មែរឡូតតែងតែរង់ចាំការឆ្លើយតបរបស់ ខៀវ សំផន តាមទំព័រកាសែតដែរ ប៉ុន្តែស្ងាត់ឈឹងពុំមានដំណឹង កាសែតដែលខ្មែរឡូតអានមានពីរ ទី១កាសែតសង្រ្គោះជាតិ ដែលមាន បួយ ស្រេង ជាចាហ្វាង កាសែតនេះជេររដ្ឋាភិបាលឥតសំចៃដៃ។ បួយ ស្រេង ត្រូវ លន់ ណុល ចាប់ដាក់គុកអស់មួយសប្តាហ៏ ពេលរួចពីគុក បួយ ស្រេង ជេរ លន់ ណុល លើសដើម។ ទី២ គឺកាសែតកោះសន្តិភាព ដែលមាន ជូ ថានី ជាចាងហ្វាង កាសែតនេះចុះព័ត៌មានទាន់ហេតុការណ៏ និយាយអំពីចោរប្លន់ និងការច្បាំងគ្នាតាមសមរភូមិនានា។

ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ក្នុងឆ្នាំ១៩៧៣ សង្រ្គាមកាន់តែមានសភាពការណ៏ខ្លាំងឡើង ការវាយលុករបស់ ខ្មែរក្រហម កាន់តែកៀកដល់ទីក្រុងភ្នំពេញ រាល់ពេលរាត្រីអ្នកទីក្រុងតែងតែលឺស្នូរកាំភ្លើង នៅជុំវិញជាយក្រុងជាសញ្ញាប្រាប់ថា ទីក្រុងភ្នំពេញបានត្រូវ ខ្មែរក្រហម ហ៊ុំព័ទ្ធប្រមានជាង ១០គីឡូម៉ែត្រប៉ុណ្ណោះ មានពេលខ្លះវាលួចវាយឆ្មក់ដល់ក្បាលថ្នល់ តាមបឹងទំពុនទៀតផង។ ទ័ព លន់ ណុល បានចុះខ្សោយបន្ទាប់ពីអាមេរិកផ្តាច់ជំនួយយោធា ប៉ុន្តែនៅទុកជំនួយមនុស្សធម៌ដែលជួយដល់កុមារ និងជនរងគ្រោះដោយសង្រ្គាមប៉ុណ្ណោះ។ អាមេរិកភ័យខ្លាច លន់ ណុល ចាញ់សង្រ្គាមនាំឲ្យបាក់មុខមាត់ដល់គេ ក៏ព្យាយាមជំរុញឲ្យ លន់ ណុល ធ្វើការចរចារ ដើម្បីរកសន្តិភាពជាមួយ ខ្មែរក្រហមលន់ ណុល ដឹងថាបើទុកសង្រ្គាមដ៏រ៉ាំរ៉ៃនេះបន្តទៅទៀតនោះ ភ្នំពេញមិនយូរនឹងត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់ ខ្មែរក្រហម មិនខាន។ នៅខែកុម្ភៈ ឆ្នាំ១៩៧៤ លន់ ណុល សុំធ្វើការចរចាររកសន្តិភាពជាមួយសម្តេចព្រះនរោត្តមស៊ីហនុ ប៉ុន្តែពុំទទួលបានវិជ្ជាមានទេ។

ខ្មែរឡូតពុំបានដឹងថា លក្ខខ័ណ្ឌនៃការចរចារ យ៉ាងដូចម្តេចនោះទេ ខណៈពេលដែល ខ្មែរក្រហម មានប្រៀបលើ លន់ ណុល ស្ទើរតែ ៨៥ភាគរយទៅហើយនោះ។ នៅពេលដែល ខ្មែរក្រហម វាយចូលជិតដល់មាត់ទ្វាភ្នំពេញ លន់ ណុល បានសុំធ្វើការចរចារជាថ្មីម្តងទៀត នៅខែកក្កដា ឆ្នាំ១៩៧៤ លើកនេះ លន់ ណុល បានលុបចោលលក្ខខ័ណ្ឌជាច្រើន ជាការបន្ទន់ឥរិយាបទ ធ្វើយ៉ាងណាឲ្យតែបានសន្តិភាព ប្រសើរជាងការចាញ់សង្រ្គាម។ នៅពេលនោះ លន់ ណុល ចាប់ផ្តើមអំពាវនាវឲ្យទាហ៊ាន ផ្អាកការបាញ់គ្នានៅនឹងកន្លែង ដើម្បីរង់ចាំលទ្ធផលនៃការចរចារ ទាហ៊ាន លន់ ណុល សប្បាយចិត្តនឹងបទបញ្ជានេះ ប៉ុន្តែ ខ្មែរក្រហម ឆ្លៀតឪកាសវាយឆ្មក់ លន់ ណុល កាន់តែខ្លាំង មានន័យថា ខ្មែរក្រហម មាត់ចរចារតែដៃនៅតែកេះកៃបាញ់ សភាពការណ៏នេះធ្វើឲ្យ ខ្មែរឡូត នឹកឃើញថាវាមិនខុស ពីរឿងសង្រ្គាមវៀតណាម ដែលបានដាក់បញ្ជាំងនៅឆ្នាំ១៩៦៩ នោះទេ។ ការចរចារនៅលើកទី២ ក៏ត្រូវបរាជ័យ លន់ ណុល ប្រហែលជាដឹងថា គាត់មិនអាចចរចារជាមួយ សម្តេចព្រះនរោត្តមស៊ីហនុ បានទេ ព្រោះខ្លួនជាមេខ្លោងនៃការធ្វើរដ្ឋប្រហារ ម្យ៉ាងទៀតបើនៅតែបន្តសង្រ្គាម ដ៏ឥឥតន័យនេះទៀត អាចឲ្យមនុស្សស្លាប់កាន់តែច្រើន ធ្វើឲ្យប្រទេសមានវិបត្តិសង្គម និងហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ ក៏សម្រេចចុះចេញពីតំណែងដើម្បីភៀសខ្លួនទៅបរទេស នៅកោះហាវ៉ៃ នៃប្រទេសអាមេរិក នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៧៥ ដោយទុកឲ្យ ឡុង បូរ៉េត ជានាយករដ្ឋមន្រ្តីដឹកនាំរដ្ឋាភិបាល។ សូមបញ្ជាក់ថា លន់ ណុល ជាប្រធានាធិប្យតី ដើមឡើយនាយករដ្ឋមន្រ្តីមុនគេគឺ ស៊ីសុវត្ថិ សិរីមតៈ បន្ទាប់មក សឺន ង៉ុកថាន់, ហង ធុនហាក់ រួច អ៊ិន តាំ, ឡុង បូរ៉េត ជានាយករដ្ឋមន្រ្តីក្រោយគេ ទើបតែឡើងនៅឆ្នាំ១៩៧៤។

បន្ទាប់ពីដក លន់ ណុល ចេញ ឡុង ប៉ូរ៉េត ខ្លាចការចរចារពុំទទួលបានលទ្ធផលវិជ្ជមាន ក៏សម្រេចរំលាយរដ្ឋាភិបាលចោលនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧៥ តែម្តង ដោយបង្កើតគណៈកម្មាធិការដែលមានរាយនាមដូចខាងក្រោម៖

            ១.         ឧត្តមសេនីយ សាក់ ស៊ុតសាខន (រដ្ឋមន្រ្តីការពារប្រទេស)

            ២.       ឡុង បូរ៉េត (នាយករដ្ឋមន្រ្តី)

            ៣.       ឧប គីមអាង (អតីតឧបនាយករដ្ឋមន្រ្តី)

            ៤.        ហង់ ធុនហាក់ (អតីតនាយករដ្ឋមន្រ្តី)

            ៥.        ឧត្តមសេនីយ ថោងវ៉ាន ហ៊្វាន់មឿន (មេទ័ពជើងគោក)

            ៦.         ឧត្តមសេនីយ វង់ សារិនឌី (មេទ័ពជើងទឹក)

            ៧.        ឧត្តមសេនីយ អៀ ធុង (មេទ័ពអាកាស)

គណៈកម្មាធិការនេះមិនមែនបង្កើតឡើង ដើម្បីធ្វើការចរចាររកសន្តិភាពជាមួយ ខ្មែរក្រហម នោះទេ ប៉ុន្តែជាគណៈកម្មាធិការមួយដើម្បីយាងសម្តេចព្រះនរោត្តមស៊ីហនុ យានចូលមកកម្ពុជាវិញ ដោយថ្វាយអំណាចទៅព្រះអង្គ ដោយគ្មានភ្ជាប់លក្ខខណ្ឌអ្វីទាំងអស់។ កាលនោះម្នាក់ៗសុទ្ធតែសង្ឃឹមថាសម្តេចឪ នឹងយាងចូលភ្នំពេញជាក់ជាមិនខាន ព្រោះអ្នកធ្វើរដ្ឋប្រហារត្រូវបាននិរទេស រដ្ឋាភិបាលក៏បានរំលាយចោល នៅសល់តែនគរ ចាំទទួលអ្នកថ្មីមកគ្រប់គ្រងប៉ុណ្ណោះ។ គណៈកម្មាធិការនេះរង់ចាំរហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ នៅតែពុំឃើញការយាងចូលមាតុប្រទេសរបស់សម្តេចឪ ខណៈពេល ខ្មែរក្រហម កាន់តែរំកិលកៀកទីក្រុងភ្នំពេញទៅហើយ។ ទាហ៊ាន លន់ ណុល ភាគច្រើនទម្លាក់កាំភ្លើងឈប់ច្បាំងរត់ចូលទីក្រុង ដើម្បីជួបជុំប្រពន្ធកូន អ្នកភៀសសឹករត់ចូលទីក្រុងកាន់តែច្រើនប្រៀបដូចទឹកហូរបាក់ទំនប់ ម្នាក់ៗស្លន់ស្លោររកកន្លែងគេចគ្រាប់ផ្លោង វាជាសញ្ជាប្រាប់ថាភ្នំពេញនឹងត្រូវរលាយ ក្នុងពេលមិនដល់មួយថ្ងៃទៀតទេ មិនខុសពីកប៉ាល់ TITANIC រៀបនឹងលិច។ យប់ថ្ងៃទី១៦ ខែមេសា ខ្មែរឡូត និង ណុប ណែម ឈរលើដំបូលជាន់ទី៣ នៃផ្ទះថ្នដែលឋិតនៅម្តុំផ្សារអូរឬស្សី ដើម្បីមើលសភាពការណ៏នៃការបាញ់គ្នា ឃើញជាយក្រុងត្រូវភ្លើងឆេះជុំទិស ខ្មែរឡូតដឹងថាមិនអាចទប់ ខ្មែរក្រហម បានទៀតទេ ក៏ប្រញាប់រៀបចំអីវ៉ាន់ត្រៀមខ្លួនជាស្រេច។ ព្រឹកឡើងបន្ទាប់ពីឮ ខ្មែរក្រហម ប្រកាសតាមវិទ្យុឲ្យមន្រ្តីជាន់ខ្ពស់ណា ដែលមិនទាន់រត់លូនទៅណា ដើម្បីមកបង្ហាញខ្លួននៅក្រសួងឃោសនាការ ពាក្យថា “មិនទាន់រត់លូន” បញ្ជាក់ថាពួក ខ្មែរក្រហម ផ្តាច់ការ ហើយយង់ឃ្នង។ ខ្មែរឡូតដឹងថាបើទៅទីនោះ មិនខុសពីយកជីវិតទៅឲ្យ ប៉ុល ពត ចាប់សម្លាប់លេងប៉ុណ្ណោះ ខ្មែរឡូតបបួល ណុប ណែម ចេញពីភ្នំពេញ។ ដើមឡើយ ណុប ណែម ហាក់ដូចជាចង់ចូលទៅបង្ហាញខ្លួន ជាមួយមន្រ្តីជាន់ខ្ពស់ម្នាក់ ក្រោយមក គឹម ណូវ៉ា ដែលជាប្រពន្ធ ណុប ណែម ឃើញខ្មែរឡូតចេញពីភ្នំពេញយ៉ាងប្រញាប់ ក៏ប្រាប់ប្តីចេញជាមួយខ្មែរឡូតតាមច្រកស្ទឹងមានជ័យ។ ចេញផុតពីសឹ្ទងមានជ័យបានប្រមាណ ៥គីឡូម៉ែត្រឃើញ ខ្មែរក្រហម ៣នាក់បណ្តើរនាយទាហ៊ាន លន់ ណុល ប្រមាណ ២០នាក់ចេញពីទីក្រុង ឆ្ពោះទៅទិសខាងត្បូង ខ្មែរក្រហម ប្រើខ្សែអំបោះចងភ្ជាប់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ប៉ុណ្ណោះ ប៉ុន្តែនាយទាហ៊ានទាំងនោះដើរត្រង់ជួរដោយប្រុងប្រយ័ត្ន ហាក់បីដូចជាខ្លាចធ្វើឲ្យដាច់ខ្សែនោះអីចឹង ព្រោះអ្នកដែលធ្វើឲ្យដាច់ខ្សែអាចត្រូវ ខ្មែរក្រហម បាញ់សម្លាប់ភា្លមតែម្តង។ ខ្មែរឡូតស្គាល់នាយទាហ៊ានម្នាក់ ដែលធ្លាប់រៀនជាមួយគ្នា ប៉ុន្តែគេញាក់ភ្នែកជាសញ្ញាប្រាប់ថា កុំធ្វើស្គាល់ប្រយ័ត្នគ្រោះថ្នាក់ដល់ខ្លួន ខ្មែរឡូតយល់ពីសន្តានចិត្តដ៏ល្អនេះ ប៉ុន្តែលួចមើល ខ្មែរក្រហម បណ្តើរពួកគេរហូតដល់ដាច់កន្ទុយភ្នែកទាំងក្តីរន្ធត់ឥតឧបមា។ រឿងនេះពិតមែនតែកន្លងទៅជិត ៤០ឆ្នាំ ប៉ុន្តែវាហាក់បីដូចជានៅឌិតជាប់នឹងភ្នែកថ្មីៗអីចឹង។

បើមើលវិដេអូរបស់ នួន ជា នៅពេលសម្ភាសន៏ជាមួយអ្នកកាសែត នួន ជា ជាមនុស្សអវិជ្ជា តែចង់ធ្វើជាមេគ្រួសារនៃសង្គមខ្មែរ តាមទឹកមុខ និងការនិយាមស្តី គាត់ជាមនុស្សឃោរឃៅ ហើយយង់ឃ្នងជាង ប៉ុល ពត ឆ្ងាយណាស់ តាមពិត នួន ជា គឺមេបក្សទេ ប៉ុន្តែដោយគាត់រៀនបានតិច ទើបរុញឲ្យ ប៉ុល ពត ធ្វើជំនួសវិញ ប៉ុន្តែអ្វីៗ នួន ជា នៅតែមានសិទ្ធសម្រេចដូច ប៉ុល ពត ដែរ មានន័យថា គាត់ជាអ្នកទទួលខុសត្រូវ ក្នុងការកាប់សម្លាប់ប្រជាជនខ្មែរ។ ចំពោះកម្មាភិបាលខ្មែរក្រហម នួន ជា ថាព្រោះតែពួកនោះក្បត់បក្ស ទើបត្រូវសម្លាប់ ហើយគាត់នៅតែថាពុំមានការសោកស្តាយអ្វីទេ ចំពោះជនស្លូតត្រង់ដូចជា គ្រូបង្រៀន គ្រូពេទ្យ មន្រ្តីស៊ីវិល និងអ្នករកស៊ី នួន ជា បែរជាឆ្លើយថា គាត់សម្លាប់តែពួកសក្តិភូមិ និងពួកនាយទុនប៉ុណ្ណោះ ហើយបើតាមកំហឹងរបស់គាត់ គឺបើមានរបបខ្មែរក្រហមម្តងទៀត នួន ជា នឹងកាប់សម្លាប់មនុស្សលើសដើម។

តាមពិតបន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ ម្នាក់ៗគួរតែទិញស្រា ដើម្បីជប់លៀងបីយប់បីថ្ងៃទើបសម ព្រោះលែងភ័យគ្រាប់ផ្លោងទៀតហើយ អាចដើរទៅគ្រប់ខេត្តដោយសុវត្ថិភាពវិញ ម្ហូបអាហារនឹងចុះថ្លៃជាមិនខាន ប៉ុន្តែគ្មាននរណានឹកស្មាន បែរជាត្រូវ ខ្មែរក្រហម បណ្តេញេញពីផ្ទះទៅវិញ។ កុមារតូច និងមនុស្សចាស់ជរាត្រូវដេកហាលថ្ងៃ ហាលខ្យល់ និងហាលភ្លៀង បណ្តាលឲ្យធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ អ្នកជម្ងឺរាប់ពាន់នាក់ ដែលទើបតែបានវះកាត់ថ្មីៗ ត្រូវបណ្តេញចេញពីមន្ទីរពេទ្យទាំងភ្ជាប់សេរ៉ូម ហើយបានស្លាប់តាមផ្លូវជាហូរហែរ នេះជាបទឧក្រិដ្ឋកម្មមួយដែលមិនអាចប្រកែកបាន។ មិនមែន ប៉ុល ពត, នួន ជា, ខៀវ សំផន មិនដឹងអំពីផលវិបាកនៃការជន្លៀសមនុស្សនោះទេ ប៉ុន្តែពួកគេចាត់ទុកអ្នកភ្នំពេញជាខ្មាំង ទោះត្រូវស្លាប់ប៉ុន្មានក៏ស្លាប់ទៅ គឺពួកគេសម្លាប់ប្រជាជនស្លូតត្រង់ដោយប្រយោល បើ ប៉ុល ពត និង នួន ជា ពិតជាមានឆន្ទៈចង់ជន្លៀសប្រជាជនទៅជនបទ ដែលជាកន្លែងមានស្បៀងអាហារមែននោះ ពួកគេត្រូវរៀបចំឲ្យមានកម្មវិធីត្រឹមត្រូវដូចជា ការផ្តល់ស្បៀង ថ្នាំពេទ្យ និងមធ្យោបាយ ដើម្បីឲ្យប្រជាជនទៅកាន់ជនបទ ដោយសុវត្ថិភាព មិនមែនបណ្តេញគេទាំងបង្ខិតបង្ខំយ៉ាងព្រៃផ្សៃបែបនេះទេ។

៦)      តើលន់ណុលនិងប៉ុលពតជាមេដឹកនាំយ៉ាងដូចម្តេច?

            តាមឯកសាររបស់ ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ ដែលបានភៀសខ្លួនទៅហាវ៉ៃជាមួយ លន់ ណុល បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេលា ឆ្នាំ១៩៧៥ អាមេរិកឲ្យឧទ្ធម្ភាគចក្រមកជន្លៀសពួកគណៈកម្មាធិការ ប៉ុន្តែត្រូវបានបដិសេធ ព្រោះពួកគេជាប់ភារកិច្ចក្នុងការទទួលសម្តេចឪ។ នៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ឡុង បូរ៉េត មិនអស់ចិត្តក៏ផ្ញើរលិខិតមួយទៀត ថ្វាយសម្តេចឪ ដែលគង់នៅប៉េកាំង ហើយពួកគេរង់ចាំដំណឹងរហូតដល់ម៉ោង ៦ព្រឹកថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលទ័ព ប៉ុល ពត ចូលពាសពេញទីក្រុងភ្នំពេញទៅហើយ។ ទីបំផុត ឡុង បូរ៉េត ទទួលបានសារឆ្លើយតបមួយ សរសេរជាភាសាបារាំង ដែលមានអត្ថន័យថា “សំណូមពរបដិសេធមិនទទួលសមាជិកគណៈកម្មាធិការ ៧រូប និងសមាជិករដ្ឋាភិបាលត្រូវចាកចេញពីរដ្ឋធានី បើមិនដូច្នោះទេប្រជាជននឹងកាត់ទោសប្រហារជីវិត។ យោធាត្រូវដាក់អាវុធចុះហើយលើកទង់ស។ ហត្ថលេខា នរោត្តមសីហនុ។” លិខិតនេះធ្វើឲ្យមន្រ្តីខ្លះបានជិះឧទ្ធម្ភាគចក្ររត់រួចខ្លួន ខ្លះទៀតបន្លំជាប្រជាជនរត់ទៅប្រទេសថៃដោយសុវត្ថិភាព។

បើវិភាគលើលិខិតនេះ បញ្ជាក់ថាសម្តេចឪនៅគិតគូរដល់អាយុជីវិត នៃមន្រ្តីជាន់ខ្ពស់ដែលរង់ចាំ ការយាងចូលស្រុករបស់ព្រអង្គ ដោយបារម្ភពួកគេត្រូវ ខ្មែរក្រហម កាប់សម្លាប់ទើបឆ្លៀតផ្ញើរសារនេះ មានន័យថា ព្រះអង្គនៅមានព្រះទ័យប្រោសប្រណី ដល់អ្នកដែលទម្លាក់ព្រះអង្គនៅឡើយ។ តាមខ្មែរឡូតដឹងអ្នកដែលរត់មិនរួចមាន “ ស៊ីសុវតិ្ថ សិរីមតៈ ” “ឧត្តមសេនីយ លន់ ណុល (ប្អូនបង្កើតនៃលន់ណុល)” “ឡុង បូរ៉េត” និងឧត្តមសេនីយមួយចំនួនទៀត ត្រូវបានខ្មែរក្រហមកាប់សម្លាប់យ៉ាងព្រៃផ្សៃជាទីបំផុត។

លន់ ណុល ដូររបបរាជានិយម ទៅរបបសាធារណរដ្ឋ ដើម្បីដឹកនាំប្រទេសឲ្យមានលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ លន់ ណុល មិនព្រមមើលរាជាណាចក្រថៃ ក៏អាចធ្វើលទ្ធិប្រជាធិបតេយ្យដែរ។ ទោះជាយ៉ាងណា លន់ ណុល  ក៏ជាមេដឹកមួយល្អដែរ គាត់ជាមនុស្សនិយាយតិចតែមានសាច់ការ ជាពិសេសនៅគ្រាចុងក្រោយ គាត់សុខចិត្តលះបង់តំណែងនិរទេសចេញក្រៅស្រុក ដើម្បីបញ្ជៀសការស្លាប់មនុស្សកាន់តែច្រើន។

ពីដើមខ្មែរឡូតស្គាល់ ប៉ុល ពត តិចណាស់ បន្ទាប់ពី ប៉ុល ពត ជន្លៀសប្រជាជនចេញពីភ្នំពេញ ទើបខ្មែរឡូតដឹងថា ប៉ុល ពត ជាមនុស្សងប់ងល់លើលទ្ធិកុំម្មុយនីស្ត គាត់យល់ថាមានតែលទិ្ធនេះទេ ទើបអាចធ្វើឲ្យសង្គមមានវណ្ណៈស្មើៗគ្នា រហូតដល់ភ័យខ្លាចការចាយលុយ នាំឲ្យមានការសារើរបប ប៉ុន្តែ ប៉ុល ពតនឹកមិនដល់ថា ទ្រឹស្តីនេះមិនអាចគ្រប់គ្រងមនុស្សដែលមានព្រលឹង ហើយប្រកបទៅដោយមនោសញ្ចេតនា ខុសប្លែកពីការគ្រប់គ្រងវត្ថុ។ ទោះជាយ៉ាងណា ប៉ុល ពត មិនបានប្រព្រឹត្តិអំពើពុករលួយ ហើយស៊ូស្លាប់ក្នុងស្រុកមិនរត់ទៅណា។

ទាំង លន់ ណុល និង ប៉ុល ពត ថ្វីបើគេមានវិធីរៀងៗខ្លួន ក្នុងការគ្រប់គ្រងប្រទេស ប៉ុន្តែពួកគេខ្វះសិល្បៈនៃការដឹកនាំ ពុំមានប្រិយភាពដូចសម្តេចព្រះនរោត្តមសីហនុឡើយ។

កំណត់សម្គាល់ស៖

អត្ថបទនេះមិនបំរើឲ្យនិន្នការណាទាំងអស់ គោលបំណងធំ គឺចង់ឲ្យប្រិយមិត្តជំនាន់ក្រោយដឹងរឿងខ្លះៗប៉ុណ្ណោះ។

 

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]