១)      តើមានប្រផ្នូលអ្វីកើតឡើងនៅមុនសង្គ្រាម?

            នៅដើមទសវត្សទី៦០ រឿងវេទមន្តឥណ្ឌា រឿងបាញ់គ្នាអាមេរិកាំង និងរឿងកាប់ដាវរបស់ចិន ជារឿងដែលត្រូវគេពេញនិយម។ បន្ទាប់ពីភាពយន្តខ្មែរមានការរីកចម្រើន គេក៏នាំគ្នាមើលរឿងខ្មែរវិញ ដែលមានតារាដ៏ល្បីដូចជា ណុប ណែម និង ជា យូថន រីឯតួស្រីមាន ឌី សាវេត និង គឹម ណូវ៉ា។ ដោយឡែកនៅដើមឆ្នាំ១៩៦៩ ក្រុមហ៊ុនមួយបាននាំខ្សែភាពយន្ត រឿងសង្រ្គាមនៅវៀតណាមមកដាក់បញ្ចាំង អ្នកដែលបានទស្សនាសុទ្ធតែលាន់មាត់ថា ជារឿងជក់ចិត្ត ខ្មែរឡូតឮអីចឹងក៏ទៅមើល វាជាការច្បាំងគ្នារវាងយួនខាងជើង (កុំម្មុយនីស្ត) និងយួនខាងត្បូង (ពួកសេរី)។ សាច់រឿងជាឯកសារពិត ដែលបានថតនៅពេលយួនខាងត្បូង ទម្លាក់គ្រាប់បែកនៅតំបន់យួនកុំម្មុនីស្ត បណ្តាលឲ្យឆេះផ្ទះ និងស្លាប់មនុស្សយ៉ាងអាណោចអាធម្ម ប៉ុន្តែឈុតដែលខ្លោចផ្សា និងរន្ធត់គឺនៅពេលយួនខាងជើងបាញ់ផ្លោងគ្រាប់រ៉ុកែ្កត ចូលទីក្រុងព្រៃនគរ បណ្តាលឲ្យឆេះហាងលក់ទំនិញ ហាងសាំង ធ្វើឲ្យមនុស្សរាប់រយនាក់ស្លាប់ និងរបួស។

ការផ្លោងគ្រាប់រ៉ុក្កែតចំថ្ងៃបុណ្យចូលឆ្នាំ ចិន-យួន មុនកើតហេតុភាគីទាំងពីរបានចរចាគ្នាថា នឹងផ្អាកបាញ់គ្នាបីថ្ងៃ ដើម្បីបានឈប់សំរាកជួបជុំគ្រួសារក្នុងឪកាសថ្ងៃបុណ្យ យួនខាងត្បូងជាអ្នកគោរពនូវកិច្ចព្រមព្រៀង ដោយឡែកយួនកុំម្មុយនីស្តឆ្លៀតឪកាស ដែលគេខ្វះការប្រុងប្រយ័ត្ន ក៏លួចវាយឆ្មក់តែម្តង បណ្តាលឲ្យផ្ទះឆេះយ៉ាងសន្ធោរសន្ធៅ មនុស្សត្រូវគ្រាប់ផ្លោងដាច់ដៃ ដាច់ជើងស្លាប់ និងរបួសគួរឲ្យស្រៀវ សោកនាដកម្មនេះព្រៃផ្សៃ មិនចាញ់នឹងអ្វីដែលយួនខាងត្បូង បានប្រព្រឹត្តមកលើពួកកុំម្មុយនីស្តប៉ុន្មាននោះទេ។

ពេលចេញពីរោងកុន ម្នាក់ៗនិយាយថាព្រៃនគរ និងភ្នំពេញឃ្លាតគ្នាមិនឆ្ងាយ ប៉ុន្តែព្រៃនគរជាឋាននរក ដែលត្រូវរងគ្រាប់រាល់ថ្ងៃ ចំណែកឯភ្នំពេញជាឋានសួគ៌ ប្រៀបដូចបានរស់នៅលើកោះសន្តិភាព រឿងនេះបញ្ចាំងមិនដល់មួយឆ្នាំផង កម្មពៀរវាឆ្លង ទីបំផុតមាតុភូមិដ៏អភ័ព្វរបស់យើង ចៀសមិនផុតត្រូវភ្លើងឆាប់ឆេះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ពិតមែនតែកម្ពុជាមានសង្រ្គាមតែរយៈពេល ៥ឆ្នាំ ខ្លីជាងសង្គ្រាមនៅវៀតណាម ប៉ុន្តែវាបន្សល់ទុកនូវវិបត្តិសង្គម និងវិបត្តិហិរញ្ញវត្ថុមិនចាញ់សង្គ្រាមនៅវៀតណាមឡើយ។

ខាងក្រោមនេះជាព្រឹត្តិការណ៏ដែលប្រជាជនយើង បានរងគ្រោះដោយគ្រាប់ផ្លោង ដែលខ្មែរឡូតបានឃើញផ្ទាល់នឹងភ្នែក៖

លើកទី១ នៅខែមិនា ឆ្នាំ១៩៧២ ខ្មែរក្រហម បានផ្លោងគ្រាប់រ៉ុក្កែត ១២២មីលីម៉ែត្រ ចូលមកម្តុំវត្តនាគវន ទេវតាពិតជាខ្វាក់ភ្នែក គ្រាប់ផ្លោងមិនធ្លាក់លើផ្ទះអ្នកមាន តែបែរជាធ្លាក់ត្រូវចំអ្នកក្រីក្រ ដែលទើបតែរត់ភៀសសឹកពីបណ្តាខេត្តនានា ដើម្បីមកសង់ខ្ទមស្លឹកតូចៗតាមមាត់បឹង ក្បែរវត្តនាគវនទៅវិញ។ ព្រឹត្តិការណ៏នេះកើតចំពេលយប់ គ្រាប់ផ្លោងធ្វើឲ្យផ្ទះស្លឹកឆាបឆេះយ៉ាងលឿន មនុស្សខ្លះស្លាប់ដោយត្រូវគ្រាប់ ហើយខ្លះស្លាប់ដោយឆេះរួញក្រញុញគួរឲ្យខ្លោចផ្សា រកអ្វីប្រៀបពុំបាន ដោយពួកគេរកច្រករត់ចេញពុំទាន់។ តាមពិត ខ្មែរក្រហម ពុំមានបំណង ផ្លោងមករកជនក្រីក្រនោះទេ គោលដៅធំរបស់គេតម្រង់រកក្រសួងការពារជាតិ ដែលឃ្លាតពីគ្នាតែ ១០០០ម៉ែត្រប៉ុណ្ណោះ គួរឲ្យអាណិតអាសូរជនរងគ្រោះទាំងនោះណាស់ ហេតុតែខា្លច លន់ ណុល ទម្លាក់គ្រាប់បែកនៅឯជនបទ ទើបខំរត់មកភ្នំពេញ ទីបំផុតនៅតែស្លាប់ដោយគ្រាប់ផ្លោងរបស់ ខ្មែរក្រហម ដដែរ។

លើកទី២ នៅខែកុម្ភៈ ឆ្នាំ១៩៧៣ ខ្មែរក្រហម បានផ្លោងគ្រាប់រ៉ុក្កែត ១០៥មីលីម៉ែត្រ មកម្តុំផ្សារដើមគ បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ និងរបួសហើយធ្វើឲ្យឆេះផ្ទះរាប់រយខ្នង។ ការខូតខាតលើកនេះមានលក្ខណៈធ្ងន់ធ្ងរជាងនៅម្តុំវត្តនាគវន ព្រោះគ្រាប់រ៉ុក្កែតផ្លោងចំពេលថ្ងៃ ជាកន្លែងដែលមានមនុស្សរស់នៅកុះករ ផ្ទះភាគច្រើនជាផ្ទះឈើ ការឆេះផ្ទះមានរយៈពេលវែង ឡានទឹកពុំអាចពន្លត់បានទេ គ្រាប់ផ្លោងចេះតែធ្លាក់ជាបន្តបន្ទាប់ ម្នាក់ៗរត់រកអាយុជីវិតរៀងៗខ្លួន។ ខ្មែរឡូតឃើញផ្ទាល់នឹងភ្នែក នៅពេលដែលគេប្រមូលសាកសាព ជិតមួយឡនទ្រុង ដែលពុំមានសាច់ញាតិមកយក។

លើកទី៣ នៅខែសីហា ឆ្នាំ១៩៧៤ វាពុំមែនជាការរ៉ុក្កែតរបស់ ខ្មែរក្រហម នោះទេ ប៉ុន្តែវាជាការទម្លាក់គ្រាប់បែកដោយភ័ន្តច្រលំ របស់អាមេរិកមកលើមូលដ្ឋានទ័ពជើងទឹករបស់ លន់ ណុល ដែលឋិតនៅអ្នកលឿងបណ្តាលឲ្យមនុស្សស្លាប់ ១៣៧នាក់ និងរបួស ២១៨នាក់។ ពួកគេភាគច្រើនជាទាហ៊ាន និងគ្រួសារទាហ៊ានដែលមានកុមារ និងស្រ្តីជាច្រើននាក់ទៀតផង តើវាអយុត្តិធម៌យ៉ាងណា ចំពោះការទម្លាក់គ្រាប់បែកពីលើអាកាស ដោយមិនដឹងខ្លួនជាមុន?

២)     តើមូលដ្ឋានធំរបស់ប៉ុលពតឋិតនៅទីណា?

            នៅពេលដែល លន់ ណុល ចង់ចរចាររកសន្តិភាពជាមួយ ខ្មែរក្រហម កាលនោះខ្មែរឡូតយល់ថា ខៀវ សំផន គឺជាមេដឹកនាំរបស់ ខ្មែរក្រហម អ្នកខ្លះថាបានឃើញ ខៀវ សំផន លេចមុខនៅតំបន់ខេត្តកំពង់ចាម ទីបំផុតបែរជា ប៉ុល ពត និង នួន ជា ជាមេខ្លោងនៃ ខ្មែរក្រហម ទៅវិញ។ ប៉ុល ពត ពិតជាមនុស្សពូកែលាក់ខ្លួន និងមានការប្រុងប្រយ័ត្នខ្ពស់ តាមចម្លើយសារភាពរបស់ ទីវ អុល សាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរ នៅពេលដែលគាត់រត់ចូលព្រៃនៅឆ្នាំ១៩៦៧ មានមនុស្សនាំគាត់ទៅជួបមេអង្គការ ខ្មែរក្រហម នៅភូមិភាគឥ្ឍសាន ដែលមានព្រំប្រទល់ជាប់ជាមួយ ប្រទេសវៀតណាម និងឡាវ គឺនៅទីនោះហើយដែល ប៉ុល ពត សម្ងំពួននៅទីនោះ តាំងពីដើមទសវត្សទី៦០ មកម្ល៉េះ ព្រោះទីនោះមានសុវត្ថិភាពល្អ ពុំមានគេញសម្ងាត់ទៅដល់ បើមានសភាពការណ៏មិនស្រូល ប៉ុល ពត អាចគេចខ្លួនចូលស្រុកយួន ឬឡាវ ដែលមានចលនាកុំម្មុយនីស្តដូចគ្នា។ តាមសម្តី ទីវ អុល ដឹងថាគេមិននាំគាត់ទៅជួប ប៉ុល ពត ភា្លមនោះទេ គេនាំគាត់ដើរវាងចុះវាងឡើង អស់រយៈពេលជិតបីខែ ទើបបានជួប ប៉ុល ពត នេះប្រហែលជា ប៉ុល ពត នៅមិនទាន់ទុកចិត្ត ទីវ អុល នៅឡើយ។

រឿងមួយដែលធ្វើឲ្យ ខ្មែរឡូត ស្គាល់បុគ្គលិកលក្ខណៈ ប៉ុល ពត កាន់តែច្បាស់គឺ ពេលឈ្លោះជាមួយយួន គាត់រត់ទៅព្រំប្រទល់ថៃ គាត់មិនងាយទុកចិត្តនរណា ជាងខ្លួនឯងនោះទេ នៅពេលដែលយើងមានទំនាស់ព្រំដែន នៅតំបន់ព្រះវិហារ ឆ្នាំ២០០៨ ខ្មែរឡូត បានទៅសួរសុខទុក្ខកងទ័ព គេបា្រប់កន្លែង ប៉ុល ពត ស្លាប់ ក្នុងព្រៃដែលឋិតនៅអន្លង់វែង ដែលមានព្រំប្រទល់ជាមួយថៃ កាលនោះបើទោះជាគាត់ត្រូវបានគេដកពីតំណែង ហើយថែមទាំងមានជម្ងឺ ស្ទើរតែស្លាប់ទៅហើយនោះក៏ ប៉ុល ពត មិនហ៊ាន ស្នាក់នៅក្នុងភូមិជាមួយមហាជននោះដែរ គាត់សុខចិត្តពួនដេកស្លាប់ នៅខ្ទមឯព្រៃជ្រៅទៅវិញ។ យ៉ាងនេះហើយបានជានៅឆ្នាំ១៩៧៦ ប៉ុល ពត ចាប់ផ្តើមសង្ស័យលើយុទ្ធមិត្តរបស់គាត់ ដូចជា ហ៊ូ នឹម, ហ៊ូយន់, សោ ភឹម ដោយចោទថាពួកនោះចង់ងាករកយួន ហើយបញ្ជាឲ្យ ឌុច កាប់សម្លាប់កម្មាភិបាល ខ្មែរក្រហម អស់រាប់ម៉ឺននាក់។

៣)     តើប៉ុលពតប្រើយុទ្ធសាស្រ្តអ្វី ដើម្បីវាយយកភ្នំពេញ?

            តាមការប៉ានស្មាន លន់ ណុល មានទ័ពប្រមាណ ២សែននាក់ ដែលបំពាក់ដោយសព្វាវុធទំនើប ពួកគេចេះបើករថក្រោះ កប៉ាល់ចម្បាំង យន្តហោះចម្បាំង រីឯ ខ្មែរក្រហម មានទ័ពតិចជាង លន់ ណុល ឆ្ងាយហើយខ្វះសព្វាវុធច្បាំងទៀតផង។ ដើមទីយួនខាងជើងពិតជាជួយ ខ្មែរក្រហម មែន តែចាប់ពីឆ្នាំ១៩៧៣ទៅ ប៉ុល ពត ខា្លចយួនលេបយកទឹកដីខ្មែរ ក៏ដេញយួនចេញបណ្តើរៗ ហើយខ្លួនឯងម្ចាស់ការក្នុងការវាយយកភ្នំពេញដោយខ្លួនឯង។

ប៉ុល ពត ប្រើយុទ្ធសាស្រ្តដូចខាងក្រោម៖

  • យុទ្ធសាស្រ្តទី១៖ ធ្វើឲ្យ លន់ ណុល ផ្តាច់ទំនាក់ទំនង ពីខេត្តមួយទៅខេត្តមួយ និងខេត្តទៅទីក្រុងភ្នំពេញ។
  • យុទ្ធសាស្រ្តទី២៖ ប៉ុល ពត កាន់កាប់តែជនបទ ដែលអាចផលិតស្បៀងបានទុកឲ្យ លន់ ណុល កាន់កាប់ទីប្រជុំជន និងទីក្រុងដែលមានមនុស្សកុះករ ត្រូវការស្បៀងច្រើនតែខ្វះកន្លែងផលិត។
  • យុទ្ធសាស្រ្តីទី៣៖ ចាប់ពីឆ្នាំ១៩៧៣ទៅ ប៉ុល ពត បញ្ឍប់ការចាយលុយនៅតំបន់រំដោះ ដើម្បីបង្ការប្រជាជននៅតំបន់រំដោះ លក់ស្បៀងឲ្យ លន់ ណុល
  • យុទ្ធសាស្រ្តទី៤៖ ខ្មែរក្រហម អូសបន្លាយសង្រ្គាមដើម្បីឲ្យ លន់ ណុល មានវិបត្តិសង្គម និងវិបត្តិហិរញ្ញវត្ថុ រហូតដល់ លន់ ណុល ដូលរំលំដោយខ្លួនឯង។

ក្នុងរយៈពេល ៥ឆ្នាំនៃការធ្វើសង្គ្រាម ប៉ុល ពត ពុំបានកាន់កាប់ខេត្តណាមួយឡើយ តាមពិត ខ្មែរក្រហម ចង់វាយយកខេត្តណាមួយក៏បានដែរប៉ុន្តែ ប៉ុល ពត ដឹងថាបើវាយយកខេត្តមួយ ក៏ត្រូវពលីអស់ទ័ពច្រើនដែរ រឿងដែលស្មុគស្មាញ គឺនៅពេលកាន់កាប់បានខេត្តណាមួយ ប៉ុល ពត ត្រូវជួយចិញ្ចឹមពលរដ្ឋ ហើយខ្លួនត្រូវឋិតនៅចំហម្តង ពេលនោះ លន់ ណុល អាចប្រើយន្តហោះមកទម្លាក់គ្រាប់បែក ឬប្រើរថក្រោះមកវាយយកខេត្តនោះវិញជាមិនខាន។ ប៉ុល ពត យល់ថា ចង់ឈ្នះសង្គ្រាមលុះត្រាតែទម្លុះយកបេះដូងរបស់ លន់ ណល់ គឺទីក្រុងភ្នំពេញនោះឯង។ ម្លោះហើយ ប៉ុល ពត ទុកឲ្យ លន់ ណុល រែកពុនខ្លួនឯង ដោយរង់ចាំគមនាគមន៏ត្រូវកាត់ផ្តាច់ ធ្វើឲ្យទ័ពមិនអាចចល័ត ពីខេត្តមកជួយភ្នំពេញបានទើប ប៉ុល ពត ប្រមូលទ័ពពីគ្រប់ខេត្ត មកសម្រុកវាយភ្នំពេញឲ្យបែក នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដោយជោគជ័យ។ ខ្មែរឡូត កោតសរសើរយុទ្ធសាស្រ្ត ដ៏ឈ្លាសវៃរបស់ ខ្មែរក្រហម នេះ។

៤)      តើសមរភូមិណាខ្លាំងជាងគេ?

            ចាប់ពីខែមេសា ឆ្នាំ១៩៧០ ទ័ពយួនខាងត្បូងដែលមកជួយ លន់ ណុល បានបើកឡាន Jeep ចូលពាសពេញទីក្រុងភ្នំពេញ ខ្មែរឡូតពុំបានឃើញទ័ពយួនខាងជើង ដោយផ្ទាល់ភ្នែកនោះទេ នៅពេលទ័ព លន់ ណុល បាក់ទ័ពចាញ់រត់មកភ្នំពេញ ខ្មែរឡូតចំអកឲ្យពួកគេថា “វៃចាញ់ទ័ពអ្នកស្រែ” ប៉ុន្តែពួកគេតបវិញថា ខ្មែរក្រហម មិនខ្លាំងទេ ប៉ុន្តែពួក វៀតកុង បាញ់សាហាវ ហើយច្បាំងស្វិតស្វាញទៀតផង។ តើ វៀតកុង ជានរណា? តាមពិត វៀតកុង និងយួនខាងជើង ជាយួនកុំម្មុយនីស្តដូចគ្នា វៀតកុង ជាចលនារំដោះជាតិនៃយួនខាងត្បូង។ យួនកុំម្មុយនីស្តព្រមជួយ ខ្មែរក្រហម ព្រោះពួកគេចង់ចូលមកទឹកដីកម្ពុជា ដើម្បីជាជម្រកសម្រាប់វាយយកព្រៃនគរ ចំណែកឯយួនខាងត្បូង(ពួកសេរី) ព្រមសហការណ៏ជាមួយ លន់ ណុល ក៏ព្រោះចង់ចូលមកដីខ្មែរ ដើម្បីតប់ស្កាត់ពួកយួនខាងជើង ក្នុងការវាយយកព្រៃនគរ។ ត្រើយខាងកើតនៃទន្លេមេគង្គ ជាសមរភូមិក្តៅ មិនត្រឹមតែសម្រាប់ការប្រយុទ្ធគ្នារវាង លន់ ណុល និង ខ្មែរក្រហម ហើយក៏ជាការច្បាំងស៊ីសាច់ហុតឈាម រវាយយួនខាងត្បូង និងយួនកុំម្មុយនីស្ត ព្រោះបើតំបន់នេះធ្លាក់លើកណ្តាប់ដៃពួកកុំម្មុយនីស្ត នោះទីក្រុងព្រៃនគរនឹងត្រូវរលំ ហើយភ្នំពេញក៏ត្រូវរលាយដែរ មានន័យថាត្រើយខាងកើតនៃទន្លេមេគង្គនេះ ជាសមរភូមិស្លាប់រស់របស់ លន់ ណុល និងយួនខាងត្បូងដែលពួកគេត្រូវតែការពារសមរភូមិនេះឲ្យបានគង់វង់។ ក្នុងសង្គ្រាម ៥ឆ្នាំនេះ សមរភូមិដែលល្បីជាងគេគឺ ស្គន់ និងអ្នកលឿង មូលហេតុដែល ខ្មែរក្រហម ចង់កាន់កាប់ស្គន់ព្រោះ វាជាចំណុចដែលកាត់ផ្តាច់ទំនាក់ទំនង ពីភ្នំពេញទៅខេត្ត កំពង់ធំ កំពង់ចាម ហើយ ខ្មែរក្រហម ក៏ចង់បានអ្នកលឿង ព្រោះវាជាការកាត់ផ្តាច់ទំនាក់ទំនងរវាងព្រៃនគរ និងភ្នំពេញ។ សូមបញ្ជាក់ថា លន់ ណុលទទួលជំនួយពីអាមេរិក ដូចជាគ្រាប់រំសេវ គឺត្រូវដឹកជញ្ជូនពីព្រៃនគរមកភ្នំពេញ ឆ្លងកាត់តាមអ្នកលឿង។ ខាងក្រោមនេះ ខ្មែរឡូត លើកយក ការច្បាំងគ្នានៅសមរភូមិស្គន់ និងអ្នកលឿងជូនប្រិយមិត្តដូចខាងក្រោម៖

            បន្ទាប់ពី ខ្មែរក្រហម បានកាន់កាប់ស្គន់ (៧៥គីឡូម៉ែត្រពីភ្នំពេញ) និងផ្លូវជាតិលេខ៧ ដែលតភ្ជាប់ពីស្គន់ ទៅកំពង់ចាមនៅខែសីហា ឆ្នាំ១៩៧០ លន់ ណុល ប្រមូលទ័ព ១២វរសេនាតូច គិតជាទាហ៊ានប្រមាណ ៦០០០នាក់ ដើម្បីរំដោះស្គន់ក៏ដូចជាបោសសំអាតទ័ព ខ្មែរក្រហម តាមផ្លូវជាតិលេខ៧ លន់ ណុល ឲ្យឈ្មោះយុទ្ធនាការនេះថា ប្រតិបត្តិការណ៏ “ចេនឡា១” ដែលដឹកនាំដោយឧត្តមសេនីយ អ៊ុំ សាវុធ (ផ្កាយពីរ)។ អ៊ុំ សាវុធ ជាឧត្តមសេនីយក្លាហាន និងម៉ឺងម៉ាត់មួយរូប គាត់ជាម្ចាស់ភោជនីយដ្ឋានថ្មដា (ផ្លូវកម្ពុជាក្រោម) បើទោះជាគាត់ឆ្លៀតឪកាសមកមើលភោជនីយដ្ឋាន ក៏គាត់ត្រូវវិលត្រឡប់ទៅសមរភូមិវិញទាំងយប់ដែរ។ ពេលជាប់ដៃវាយជាមួយ ខ្មែរក្រហម គាត់មិនអនុញ្ញាតច្បាប់ឲ្យនាយទាហ៊ានទៅផ្ទះឡើយ ខ្មែរឡូតមានពួកម៉ាកម្នាក់ជានាយទាហ៊ាន ក្នុងប្រតិបត្តិការណ៏ “ចេនឡា១” ដែលចង់សុំច្បាប់ ដើម្បីមកភ្នំពេញមើលប្រពន្ធឆ្លងទន្លេ ប៉ុន្តែពុំត្រូវបានអនុញ្ញាតឡើយ។ អ៊ុំ សាវុធ ស្លាប់ដោយក្រឡាប់ឡាន នៅពេលវិលត្រឡប់ទៅសមរភូមិវិញ។ បន្ទាប់ពីប្រតិបត្តិការណ៏ “ចេនឡា១” ទទួលបានជោគជ័យ លន់ ណុល ដកទ័ពចេញ ដោយទុកតែចំនួនខ្លះនៅការពារស្គន់ ប៉ុន្តែមិនបានប៉ុន្មានខែ ក៏ត្រូវបាន ខ្មែរក្រហម កាន់កាប់ជាលើកទី២ ហើយ លន់ ណុល ត្រូវប្រើប្រតិបត្តិការណ៏ម្តងទៀត ដោយដាក់ឈ្មោះ “ចេនឡា២” នៅពេលទទួលបានជោគជ័យ លន់ ណុល ក៏រំសាយទ័ពចេញខ្លះទៀត ហើយទីបំផុតស្គន់នៅតែត្រូវ ខ្មែរក្រហម កាន់កាប់ជាស្ថាពរ ក៏ព្រោះតែ លន់ ណុល ពុំមានទ័ពគ្រប់គ្រាន់សម្រាប់ការពារបាន។ ស្គន់ត្រូវ ខ្មែរក្រហម ដណ្តើមបានដោយសារ ខ្មែរក្រហម កាត់ផ្តាច់ស្ពានជ្រោយចង្វារ នៅខែតុលា ឆ្នាំ១៩៧២ និងស្ពានសំខាន់ៗទៀត ដែលឋិតតាមផ្លូវជាតិលេខ៦ ដែលតភ្ជាប់ពីភ្នំពេញមកស្គន់។ ក្នុងចំណោមផ្លូវជាតិទាំងប្រាំពីរមានតែ ផ្លូវជាតិលេខ១ ទើបជាសមរភូមិស្រួចស្រាវជាងគេ ជាពិសេសពីអ្នកលឿងទៅស្រុកកំពង់ត្របែក មុននឹងដណ្តើមយកអ្នកលឿងបាន ខ្មែរក្រហម ត្រូវតែកាន់កាប់យកកំពង់ត្របែកសិន។

ឈ្មោះ ឈូក ជាប្រធានតំបន់២៤ នៃ ខ្មែរក្រហម ដែលទទួលបន្ទុកវាយយកអ្នកលឿង ចំណែកឯខាង លន់ ណុល មានឧត្តមសេនីយ លីម ស៊ីអាត ទទួលបន្ទុកលើសមរភូមិអ្នកលឿង ក្នុងចំណោមសមរភូមិទាំងអស់ មានតែអ្នកលឿងដែល លន់ ណុល រក្សាបានគង់វង់យូរជាងគេ គឺរក្សារហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៥ ទើបត្រូវ ខ្មែរក្រហម កាន់កាប់បាន។ មតិជាតិក៏ដូចជាអន្តរជាតិសុទ្ធតែដឹងថា បើបែកអ្នកលឿងនោះភ្នំពេញក៏ត្រូវបែកទៅតាមនោះដែរ យ៉ាងនេះហើយនៅពេលអ្នកលឿងត្រូវ ខ្មែរក្រហមកាន់កាប់នៅចុងខែមីនា ឆ្នាំ១៩៧៥ អាមេរិកក៏យកឧទ្ធម្ភាគចក្រ មកជន្លៀសមន្រ្តីស្ថានទូត ក៏ដូចជាមន្រ្តីជាន់ខ្ពស់របស់ លន់ ណុល ឲ្យចេញពីភ្នំពេញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥។

មូលហេតុដែលតំបន់អ្នកលឿងក្រឲ្យ ខ្មែរក្រហម កាន់កាប់បាន ព្រោះនៅពេលរដូវវស្សាទឹកឡើងលិចគ្រប់ទិសទី លន់ ណុល មានលទ្ធភាពប្រើកប៉ាល់ចូលដល់គ្រប់ភូមិ ឃុំ ដើម្បីបោសសំអាតពួក ខ្មែរក្រហម។ តាមចម្លើយសារភាពរបស់ ឈូក ក៏បានបញ្ជាក់ថា គេមានចំណុចខ្វះខាត ដោយសារក្ររំដោះអ្នកលឿង ថ្វីបើពេលទឹកស្រកគេអាចកាន់កាប់តំបន់ខ្លះជុំវិញអ្នកលឿង ប៉ុន្តែពេលទឹកឡើងត្រូវ លន់ ណុល រំដោះយកវិញ។ ខ្មែរឡូតស្គាល់តំបន់ទាំងនោះច្បាស់ណាស់ ព្រោះខ្មែរឡូតត្រូវបានជន្លៀសនៅទីនោះ អស់រយៈពេល ៤ឆ្នាំ ពួក ខ្មែរក្រហម អួតប្រាប់ខ្មែរឡូតរបៀបដែល គេកាត់ផ្តាច់ផ្លូវជាតិលេខ១ ជាកង់ៗ ហើយខ្មែរឡូតក៏ជាអ្នកជួសជុលផ្លូវជាតិលេខ១ ឡើងវិញនៅខែមីថុនា ឆ្នាំ១៩៧៥។ ថ្វីត្បិតតែឧត្តមសេនីយ លីម ស៊ីសាអាត ជាមេបញ្ជាការនៃសមរភូមិអ្នកលឿង ប៉ុន្តែមេទ័ពដែលសកម្មប្រយុទ្ធតតាំងផ្ទាល់ជាមួយ ខ្មែរក្រហម គឺស័ក្ក៥ អាន នីល ទៅវិញទេ។ អាននីល តែងតែឆ្លៀតពេលមកកាត់សក់ នៅហាងកាត់សក់ ដែលឋិតនៅក្រោមសណ្ឋាគារអាស៊ី (ផ្លូវមុនីវង្ស) គាត់ក៏ជាមនុស្សម៉ឺងម៉ាត់ដូច អ៊ុំ សាវុធ ដែរ។ ខ្មែរឡូតមិនដែលឃើញ អាន នីល សើចម្តងណាទេ បើទោះជាធ្លាប់កាត់សក់ជាមួយគ្នាច្រើនលើក។ ថ្ងៃមួយនៅពេល អាន នីល មកកាត់សក់ ស្រីៗដែលជាជាងកក់សក់ បាននិយាយលេងសើចក្អាកក្អាយត្រូវ អាន នីល ស្តីបន្ទោសថា “ខ្មែរក្រហម វាយជិតដល់ភ្នំពេញហើយ នៅសប្បាយទៀត” អាន នីល កម្រដេកនៅភ្នំពេញណាស់ គាត់តែងតែវិលត្រឡប់ទៅអ្នកលឿងវិញទាំងយប់។

ចុចទីនេះដើម្បីអានភាគ២

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]