ខេត្តកំពង់ឆ្នាំង ៖ តុលាការខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី ២០ មេសា បានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ក្នុងបទចោទប្រកាន់ប៉ងរំលោភ ប្រពន្ធគេមិនបានសម្រេច កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ មេសា នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ទោះយ៉ាងណានៅពេលកើតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋ ចាប់វាយឡើងប៉ោងមុខ រួចទើបបានប្រគល់ឱ្យមន្ត្រីកងរាជអាវុធហត្ថខេត្ត។

លោកវរសេនីយ៍ត្រី លឹម ហាក់ នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបាននិយាយឱ្យដឹងថា បុរសសង្ស័យរូបនោះមានឈ្មោះយិន ផល្លា អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុន ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ប៉ុន្តែទើបតែមកស្នាក់នៅរកការងារធ្វើនៅសង្កាត់ផ្សារឆ្នាំង បានតែ៣ថ្ងៃប៉ុណ្ណោះមុនពេលកើតហេតុ ។ លោកបន្តថា នៅយប់ថ្ងៃកើតហេតុបុរសរូបនោះបានផឹកស្រាស្រវឹង ហើយបានដើរត្រឡប់ទៅកន្លែងស្នាក់នៅវិញ ប៉ុន្តែមិនទាន់ដល់កន្លែងស្នាក់នៅផង ក៏បានឡើងលើផ្ទះស្ត្រីរងគ្រោះអាយុ៥៥ឆ្នាំ ខណៈដែលប្តីគេមិននៅគឺទៅចាំចំការ ។ នៅពេលឡើងទៅដល់នោះ ជនសង្ស័យក៏បានបើកមុងចូលទៅដេកអោបស្ត្រីរងគ្រោះពីក្រោយរួចប៉ង រំលោភ តែត្រូវស្ត្រីរូបនោះដឹងខ្លួនទាន់ ហើយមានក្លិនស្រាប្លែក ព្រោះប្តីគាត់មិនចេះផឹកស្រា ទើបស្ទុះប្រវាយប្រតប់គ្នា ភ្លាមនោះជនសង្ស័យបានស្ទុះចុះមកដី ប៉ុន្តែបាបកម្មបានជាន់ផុងក្តារផ្ទះជាប់ជើងដកមិនរួច ព្រមជាមួយការស្រែកហៅឱ្យគេជួយរបស់ស្ត្រីរងគ្រោះ ទើបប្រជាពលរដ្ឋដែលរស់នៅក្បែរមិនទាន់ដេក និងកំពុងរាំលេងសប្បាយផងនោះ បាននាំគ្នាស្ទុះទៅជួយចាប់ជនសង្ស័យខាងលើដល់លើផ្ទះស្ត្រីរងគ្រោះ ហើយបានវាយម្នាក់មួយដៃមួយជើងប៉ោងមុខទ្រមខ្លួន ទើបបានប្រគល់ឱ្យកងរាជអាវុធហត្ថតែម្តង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]