រាជធានីភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលអគ្គិភ័យបានឆាបឆេះ លំនៅឋានប្រធានសាខាអគ្គិសនីអូរបែកក្អមមួយ កន្លែង ស្ថិតក្នុងក្រុមទី៤ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង៥ និង២០នាទីព្រឹក ថ្ងៃទី២០ មេសា ២០១៣ ដែលបណ្តាលឲ្យខូចខាតរបស់របរមួយចំនួន។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យនេះត្រូវបានរលត់ទៅវិញ ក្នុងរយៈពេល១៥នាទី ដោយសារសមត្ថកិច្ច និងកងរាជអាវុធហត្ថសហការជាមួយប្រជាពលរដ្ឋ និងកងកម្លាំងពន្លត់អគ្គិភ័យបង្អែកមានជ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះ ឲ្យរលត់សូន្យភ្លាមៗ ដោយមិនទុកឲ្យរាលដាលដល់លំនៅឋានផ្សេងទៀតឡើយ។ ប្រភពដដែលបានបន្តថា អគ្គិភ័យនេះបង្កឡើងដោយសារឆ្លងចរន្តអគ្គិសនីនៅក្នុងកុងម៉ា ខណៈដែលម្ចាស់ផ្ទះចាក់សោទ្វារ ហើយចេញទៅធ្វើការអស់។

គួរបញ្ជាក់ថា ម្ចាស់ផ្ទះខាងលើមានឈ្មោះអឹម សុផាន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជាប្រធានសាខាអគ្គិសនីអូរបែកក្អម។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿង និងបំពង់ពន្លត់អគ្គិភ័យអស់ជាច្រើនបំពង់ ដោយឡែកទ្រព្យសម្បតិ្តដែលរងការខូចខាត សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយសារកំពុងធ្វើកំណត់ហេតុ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]