រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ រសៀលថ្ងៃទី១៩ មេសា បានសម្រេចឃុំខ្លួន លោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់៣បទល្មើសដូច ឌួង គឹមឡុង ដែលត្រូវជាប្អូន ។

បទល្មើសទី១- ប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។
ទី២-ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត
និងទី៣-ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។

លោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ត្រូវបានលោកឧកញ៉ា ឌួង ងៀប ជាឪពុកនាំទៅប្រគល់ឱ្យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់រាជ ធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ដោយរូបលោកជាឪពុកស្តីប្រដៅលែងបាន ។ លោក ឌួង ឧត្តមឆវិន ហៅ ឆាយ ក៏ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ មេសា ដើម្បីប្រគល់ជូនតំណាងអយ្យការធ្វើការសាកសួរតាមបទល្មើស ខាងលើ ដែលសំណុំរឿងនេះស្ថិតនៅលើដៃលោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ព្រះរាជអាជ្ញារងបានសាកសួរលោក ឌួង ឆាយ អស់រយៈពេលមួយព្រឹករហូតដល់ម៉ោងសម្រាកនៅមិនទាន់ចប់ទេ ។ លុះដល់មោ៉ង២រសៀលចូលធ្វើការវិញ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការមានចំនួន៣ បទល្មើស និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរតាមនីតិវិធី ។ សំណុំរឿងដដែលនេះបានធ្លាក់លើដៃលោក តែ សំអាង ចៅក្រមស៊ើបសួរ ទើបលោកចៅក្រមប្រឹងប្រែងសួរយកកំណត់ហេតុពីលោក ឌួង ឆាយ រហូតដល់ល្ងាចក៏ត្រូវបញ្ជូនយកទៅទុកនៅស្នងការដ្ឋាននគរបាលរាជ ធានីមួយយប់ទៀត ព្រោះមានដំណឹងថា សាលាដំបូងធ្វើដីកាឃុំខ្លួនមិនទាន់ ។ ម៉្លោះហើយដីកាឃុំខ្លួននឹងសម្រេចចេញនៅព្រឹកនេះ ដែលតាមការប៉ាន់ស្មានប្រហែលជាត្រូវឃុំខ្លួននៅពន្ធនាគារប៉េហ្ស៊ី ចៀសមិនរួចឡើយ ។

គួរបញ្ជាក់ថា លោកឌួង ឧត្តមឆវិន ហៅឆាយ និងប្អូនប្រុសឈ្មោះ ឌួង គឹមឡុង ព្រមទាំងអង្គរក្សមួយចំនួនទៀតបានប្រើអំពើហិង្សាទៅលើអ្នកឯទៀត ឱ្យមានរបួសស្នាមនៅក្នុងហាងបបរសយីហោហ្គេឡាងឡារ៉ង់ ស្ថិតនៅបណ្តោយផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ ក្នុងហេតុការណ៍នេះ លោកឌួង ឆាយ បានវាយដោយស្នាប់កាំភ្លើងខ្លីរ៉ូឡូទៅលើលោកមុំ ឌីណា ឱ្យរងរបួសបែកក្បាលជាច្រើនកន្លែង និងធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលនៅក្រៅ  ប្រទេស ។

ក្រោយហេតុការណ៍ លោកឌួង ឆាយ និងប្អូនប្រុស ឌួង គឹមឡុង បានរត់គេចខ្លួន ប៉ុន្តែនៅវេលាទៀបភ្លឺថ្ងៃទី១៤ មេសា ឌួង គឹមឡុង ជាប្អូនត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនខណៈពេល បើករថយន្តមកដល់មុខមន្ទីររដ្ឋសភាថ្មីបម្រុងគេចខ្លួន ។ លុះថ្ងៃទី១៨ មេសា លោកឧកញ៉ា ឌួង ងៀប ត្រូវជាឪពុកលោក ឌួង ឆាយ និងលោកឌួង គឹមឡុង បាននាំកូនប្រុសសំណព្វចិត្ត ឌួង ឆាយ ដែលរត់គេចខ្លួន និងស្ថិតក្រោមការតាមប្រមាញ់យ៉ាងស្អិតពីសមត្ថកិច្ចនោះមក ប្រគល់ឱ្យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី ភ្នំពេញ ដែលជាចេតនានាំកូនឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ព្រោះបើប្រឹងគេចក៏រកកន្លែងលាក់ខ្លួនលែងបានដែរ ។

គួរបញ្ជាក់ទៀតថា លោក ឌួង គឹមឡុង ដែលត្រូវឃុំខ្លួនបណ្តោះអាសន្ននោះ មិនមែនបញ្ជូនទៅពន្ធនាគារព្រៃសទេ គឺបញ្ជូនទៅឃុំនៅពន្ធនាគារប៉េហ្ស៊ីរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។ មតិនានានិយាយថា ការឃុំខ្លួននៅពន្ធនាគារប៉េហ្ស៊ីស្រួលខ្លួនជាងឃុំនៅពន្ធ នាគារព្រៃស ។ល។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]