ខេត្តកំពង់ចាម ៖ បុរសឈ្មោះ ព្រំ ហ៊ាង អាយុ៥៨ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូម៉ាកវ៉េវ មិនពាក់មួកសុវត្ថិភាពដួលបោកក្បាល ហូរឈាមសន្លប់ស្តូកស្តឹង ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រហែលជាង៧យប់ ថ្ងៃទី១៨ មេសា នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

តាមស្ត្រីចំណាស់ឈ្មោះ មឿន នីរុំ អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធបុរសរងគ្រោះបាននិយាយថា ប្តីគាត់ឈ្មោះហ៊ាង ជិះម៉ូតូចេញពីផ្ទះនៅព្រឹកថ្ងៃទី១៨ មេសា ទៅទិញម្ហូបនៅឯផ្សារហើយបន្តជិះម៉ូតូចេញទៅផ្ទះមេជាងឈ្មោះនី ភេទប្រុស នៅភូមិចំការខ្ពប សង្កាត់សំបួរមាស ផឹកស៊ីនៅទីនោះ ។ ស្ត្រីចំណាស់ឈ្មោះ នីរុំ បានប្រាប់បន្តថា រហូតដល់ពេលយប់ទើបប្តីគាត់ជិះម៉ូតូត្រឡប់មកផ្ទះវិញ ទាំងស្រវឹងស្រាក្នុងទិសដៅពីលិចទៅកើតតាមផ្លូវជាតិលេខ៧ ។

ពេលមកដល់ភូមិបឹងស្នាយ ក៏ជិះគេចម៉ូតូនៅខាងមុខ ស្រាប់តែដួលប្រាវបោកក្បាលទៅនឹងថ្នល់បែកហូរឈាម និងរបួសប្រអប់ជើងស្តាំសន្លប់បាត់តែម្តង ។បុរសរងគ្រោះត្រូវបញ្ជូនទៅគី្លនិកឯកជន តាមរថយន្តសង្គ្រោះ ឯម៉ូតូត្រូវគេបណ្តើរចូលផ្ទះជាងជួសជុលម៉ូតូក្បែរនោះ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]