រាជធានីភ្នំពេញ ៖ ស្ត្រី៣នាក់ខណៈកំពុងជិះម៉ូតូ ត្រឡប់មកពីទិញផ្លែទុរេនវិញ បានត្រូវចោរម្នាក់ជិះម៉ូតូមកក្បែរ ហើយធ្វើសកម្មភាពឆក់ខ្សែក ប្លាទីនពីអ្នកជិះខាងក្រោយបណ្តាលឱ្យ ដួលម៉ូតូតែឆក់មិនបានសម្រេចទេ ។ ទោះជាយ៉ាងណា ស្ត្រីជាអ្នកបើកម៉ូតូបានដួល បោកក្បាលរបួសធ្ងន់រហូតសន្លប់ ឯ២នាក់ដែលជិះពីក្រោយ ដួលរយះដៃជើងរបួសស្រាល ចំណែកចោរឆក់ខ្សែកនោះបានជិះម៉ូតូគេចខ្លួនបាត់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី១៨ មេសា នៅខាងកើតរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំជាប់ព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមការអះអាងរបស់ស្ត្រីដែលរបួសស្រាល តែសូមមិនបញ្ចេញឈ្មោះឱ្យដឹងថា មុនពេលកើតហេតុពួកគេទាំង៣នាក់ជិះម៉ូតូស្គូពី ស៊េរី២០១៣ ពណ៌ក្រហមលាយស ត្រឡប់មកពីទិញទុរេននៅផ្សារកណ្តាលក្នុងគោលដៅត្រឡប់ទៅផ្ទះវិញ ដោយជិះព័ទ្ធតាមរង្វង់មូលវត្តភ្នំក្នុងទិសដៅពីត្បូងទៅជើង ។ ខណៈមកដល់ចំណុចខាងលើ ស្រាប់តែតែមានចោរម្នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅមកអែបក្បែររួចឆក់ខ្សែកប្លាទីនពីអ្នកអង្គុយខាងក្រោយ បណ្តាលឱ្យដួលម៉ូតូ តែឆក់មិនបានសម្រេចទេ ។

ក្រោយពេលកើតហេតុ ស្ត្រីដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត ចំណែកស្ត្រីជាម្ចាស់ខ្សែកដែលរបួសស្រាលមិនបានដាក់ពាក្យបណ្តឹង ទេ ដោយអះអាងថាគាត់មិនបានចាំស្លាកលេខម៉ូតូ ហើយម្យ៉ាងទៀតខ្សែករបស់គាត់ក៏មិនបានបាត់បង់ដែរ ។ ការពាក់គ្រឿងអលង្ការ ហើយធ្វើដំណើរតាមម៉ូតូតែងប្រឈមនឹងចោរឆក់ជារឿយៗ ។ បញ្ហានេះតែងកើតមានស្ទើររៀងរាល់ថ្ងៃ ពិសេសអ្នកស្ពាយកាបូបក៏ត្រូវតែប្រុងប្រយ័ត្នដែរ ព្រោះបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]