រាជធានីភ្នំពេញ ៖ ក្រោយពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរដែលមានរយៈពេលបីថ្ងៃ ប្រជាពលរដ្ឋបាននាំគ្នាធ្វើដំណើរ ត្រឡប់មកពីស្រុកកំណើតវិញ ដើម្បីប្រកបការងារ តាមឯកទេសរៀងៗខ្លួន ។ ទន្ទឹមនឹងនោះគេសង្កេតឃើញ រថយន្តតាក់ស៊ីត្រូវប៉ាន់ដឹកអ្នកដំណើរ ណែនៗក្តន់ សូម្បីតែកៅអីខាងមុខជិតអ្នកបើកបរ មានមនុស្សអង្គុយដល់ទៅ៥នាក់ ទាំងអ្នកបើកបរ ឯគូទរថយន្តបើកឃ្លុបតកន្ទុយ ដាក់មនុស្សឱ្យអង្គុយប្រជ្រៀតគ្នា សំយុងជើងចុះក្រោម ចំណែកនៅលើដំបូល ផ្ទុកទៅដោយអីវ៉ាន់អ្នកដំណើរ យ៉ាងសំពីងសំពោង មើលទៅរថយន្តតាក់ស៊ីទាំងនោះ ដូចជាគ្មានសុវត្ថិភាពបន្តិចសោះ។

គេសង្កេតឃើញបន្ទាប់ពីពិធីបុណ្យជាតិធំៗមាន បុណ្យចូលឆ្នាំខ្មែរជាដើម រថយន្តតាក់ស៊ីដែលធ្វើដំណើរពីតាមបណ្តាខេត្តឆ្ពោះមករាជធានី ភ្នំពេញ គឺពេញប្រៀបទៅដោយមនុស្សណែនក្តន់ អង្គុយប្រជ្រៀតគ្នារកតែខ្យល់ដកដង្ហើមមិនចង់រួចផង ដែលការដឹកជញ្ជូនបែបនេះពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ គួរមានការទប់ស្កាត់ ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៨ មេសា រថយន្តតាក់ស៊ីមួយគ្រឿងនេះផ្ទុកមនុស្សច្រើនពេករហូតបើកឃ្លុប ក្រោយតកន្ទុយដោយចងខ្សែភ្ជាប់មកតួរថយន្ត រួចដាក់មនុស្សឱ្យអង្គុយប្រជ្រៀតគ្នាសំយុងជើងចុះក្រោម ដោយកន្ទុយរថយន្តទ្រទម្ងន់អ្នកអង្គុយមិនបានក៏ដាច់ខ្សែធ្វើឱ្យ ធ្លាក់មនុស្សរងរបួស៥នាក់នៅស្ពានព្រែកក្តាម ។ការធ្វើដំណើរដោយមធ្យោបាយរបៀបនេះពិតជាប្រឈមនឹងហានិភ័យខ្លាំង ណាស់ គួរតែអ្នកដំណើរគ្រប់រូបកុំយកជីវិតទៅប្រឡែងលេងឱ្យសោះ បើទោះជារង់ចាំបន្តិចក៏មិនខកពេលដែរ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]