ភ្នំពេញ៖ គ្រោះថ្នាក់ ចរាចរណ៍មួយ ដោយសារតែពុំ មានការប្រុងប្រយ័ត្ន បានបណ្តាលឲ្យស្លាប់ ចំនួន២នាក់ ភ្លាមៗនៅ នឹងកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀត រួមទាំងអ្នកបើករថយន្ត រងរបួសធ្ងន់ស្រាល ក្រោយពីជនរងគ្រោះ ទាំងនេះ បានធ្វើដំណើរ តាមរថយន្តមួយគ្រឿង ហើយជ្រុលទៅបុកបង្កាន់ដៃ ស្ពាន៧មករាចាស់ ស្ថិតនៅលើ ផ្លូវជាតិលេខ៣  ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ  រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០១និង០០នាទីយប់ រំលងអាធ្រាត្រ ចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣។

យោងតាម សមត្ថកិច្ច មូលដ្ឋាន និងមន្រ្តីនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត មួយគ្រឿង ម៉ាក TOYOTA RAVR-4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-8843 បានធ្វើដំណើរ តាមបណ្តោយ ផ្លូវជាតិលេខ៣ ពីទិសខាងត្បូង មកជើង ចូលមកភ្នំពេញ លុះមកដល់ចំណុច កើតហេតុ ខាងលើ បានជ្រុលទៅបុក ចិញ្ចើមផ្លូវ ហើយជាន់ហ្វ្រាំងបោកទៅបុកបង្កាន់ដៃ ស្ពាន៧មករាចាស់ បណ្តាលឲ្យ រថយន្តក្រឡាប់ តែម្តង។

សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុ បានធ្វើឲ្យអ្នកជិះនៅក្នុង រថយន្តចំនួន២នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួមមាន ទី១ ឈ្មោះ ហេង ប៊ុនឡេង ភេទប្រុស អាយុ២៥ឆ្នាំ  មានទីលំនៅផ្ទះលេខ៣៦ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២-ហេង ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយឡែក អ្នករងរបួស រួមមាន ទី១ ឈ្មោះ ប៊ុន វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ ៣៦៨ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកបើក រថយន្ត រងរបួសធ្ងន់ ទី២ឈ្មោះ ហេង ម៉ាលីន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅ ផ្ទះលេខ៣៦៨ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ រងរបួសស្រាល ទី៣ ឈ្មោះ យឹម វីរៈ ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅផ្ទះលេខ៣៦៦ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ច ជនរងគ្រោះទាំងអស់ មានមុខរបរ ជាបុគ្គលិក លក់កាម៉ារ៉ា សុវត្ថិភាព។

ក្រោយកើតហេតុ រថយន្តរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីទុកប្រគល់ជូន ជនរងគ្រោះនៅ ពេលក្រោយទៀត ដោយឡែក សពជនរងគ្រោះទាំងពីរនាក់ ត្រូវបានដឹកយកទៅ តម្កល់ទុក នៅវត្តមហាមន្រ្តី និងអ្នករងរបួសធ្ងន់ស្រាល ទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ ។

មន្រ្តីនគរបាលចរាចរ បានឲ្យដឹងថា មូលហេតុដែលមាន គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពី អ្នកបើករថយន្ត បើកបរលឿន លើផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន៕














ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]